ជាតិ
តុលាការ​កំពង់ចាម​ឃុំខ្លួន​បុរស​ដែល​បង្អួត​កាំភ្លើង​២​ដើម​លើ​ហ្វេ​ស​ប៊ុ​ក​
22, Dec 2018 , 11:21 am        
រូបភាព
ដោយ:
​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម លោក នៅ យ៉ា​រ័ត្ន បានចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន ជន​ឈ្មោះ ឃ្លី វណ្ណៈ បណ្ដោះអាសន្ន ពីបទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​បាន​ប្រើប្រាស់​សារធាតុ​ញៀន​។ បុរស​រូបនោះ  បាន​ថត​កាំភ្លើង ខ្លី​១ និង​វែង​១​ដើម បង្ហោះ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន និង​ត្រូវបាន​ចែកចាយ​តៗ​គ្នា កាលពី​យប់​ថ្ងៃទី​១៩ ខែធ្នូ​កន្លងទៅនេះ​។​

 
​ការចេញ​ដីការ​ឃុំខ្លួន កាលពី​ថ្ងៃទី​២១ ខែធ្នូ  ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ អះអាងថា មាន​សារសំខាន់ ដើម្បី​បង្កា​រាល់​ការដាក់​សម្ពាធ​ទៅលើ​សាក្សី និង​ភាពចាំបាច់ ហើយ​និង​ដើម្បី​រក្សា​វត្តមាន ជន​ត្រូវ​ចោទ​សម្រាប់​ដំណើរការ​ស្វែងរក​យុត្តិធម៌ និង​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ជននេះ​។​
 
​បើតាម​គេហទំព័រ​នគរបាលជាតិ ជនសង្ស័យ ឃ្លី វណ្ណៈ ដែល​ជិះ​រថយន្ត ឡែ​ន​រ៉ូ​វែ ពណ៌​ស  ត្រូវបាន​ឃាត់ សាកសួរ​នៅវេលា​ម៉ោង​១០ យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ត្រពាំង​ព្រះ ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ពេលដែល​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ចូល​មង្គលការ​ស្ថិតនៅ​ភូមិ​ខាងលើ​។ ក្រោយ​ការឆែកឆេរ សមត្ថកិច្ច បាន​រកឃើញ​អាវុធ​ពីរ​ដើម អាកា​ស្វាយ​វែង​១​ដើម បង់​មួយ​គ្រាប់​គ្មាន និង​អាវុធខ្លី​១​ដើម ម៉ាក Pak បង់​១ គ្រាប់​៦​។ សមត្ថកិច្ច​បានធ្វើ​តេស្ត​ក្នុង​ទឹក​ម៉ូត បាន​រកឃើញថា​មាន​សារធាតុ​គ្រឿងញៀន​ផងដែរ​។​
 
​អាវុធ​ទាំងពីរ​ដើម មិនមាន​លិខិត​សម្គាល់​ណាមួយ ដែល​អះអាងថា​ជា​កម្មសិទ្ធិ​ជន​ខាងលើ​នោះឡើយ ដោយ​ជនសង្ស័យ​បញ្ជាក់ថា វា​កម្មសិទ្ធិ​របស់​ឈ្មោះ ហាក់ ប៉េង​ឃីម មន្ត្រីនគរបាល ដែល​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម អាវុធ​អាកា​ស្វ័យ​វែង​គឺ​ជនសង្ស័យ  បាន​ខ្ចី​ពី​មិត្តភក្តិ ដែល​ធ្វើការ​នៅ​កាស៊ីណូ​ក្រុងព្រះសីហនុ ចំណែក​អាវុធខ្លី​បាន​ខ្ចី​ពី​មិត្តភក្តិ​ម្នាក់ទៀត ដែលជា​អ្នករកស៊ី​ម្នាក់​នៅ​អូរ​ឡាំ​ពិ​ក​។​
 
​ជនសង្ស័យ​មាន​ទីលំនៅ​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មានមុខ​របរ​ទិញ​ល​ក់​និង​បើក​កន្លែង​លាង​រថយន្ត​។ ប៉ុន្តែ​ឈ្មោះ​នេះ បាន​និយាយ កុហក​សមត្ថកិច្ច​ថា មាន​មុខរបរ​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​ផ្នែក​ស៊ីវិល​ខាង​ស៊ើបអង្កេត​៕
 

Tag:
 ​កាំភ្លើង​-​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com