ជាតិ
ឥសី​ជប់​នៅ​ភ្នំ​បាក់ ឬ​ភ្នំ​កំពង់ត្រាច ល្បី​ថា​ស័ក្ដិសិទ្ធិ​
22, Dec 2018 , 12:18 pm        
រូបភាព
​កំពត​៖ រូបសំណាក​ឥសី​ជប់ ដែល​ស្ថិតនៅ​រូងភ្នំ​បាក់ (​ឬ​កំពង់ត្រាច​) ល្បី​ថា​ស័ក្ដិសិទ្ធិ​។ នេះ​បើតាម​លោកតា អ៊ុក សុខ វ័យ ៨៨​ឆ្នាំ​ដែលជា​អ្នកថែរក្សា​នៅ​កន្លែង​រូបសំណាក​នេះ​រាល់ថ្ងៃ​។ ភ្នំ​បាក់ ស្ថិត​ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

 
​បើ​ដើរចូល​ទៅក្នុង​រូងភ្នំ នោះគេ​នឹង​ឃើញ​មាន​ផ្ទាំង​ថ្ម និង​ផ្លូវ យ៉ាង​ស្អាត នៅ​ខាងក្រោម​ភ្នំ​នោះ​។ ដើរទៅ​ក្នុង​បន្តិច​គេ​នឹង​ទៅដល់​ទីវាល​ធំ​ល្មម​នៅ​កណ្ដាល​ភ្នំ ដែល​អាច​មើលឃើញ​ផ្ទៃមេឃ និង​ឃើញ​ចម្រេះភ្នំ​ដ៏​ស្រស់ស្អាត ដែលមាន​រូប​បដិមា​ព្រះពុទ្ធ​ចូល​បរិនិព្វាន និង​ឥសី​ជប់ នៅ​ទីនោះ​ផង​។ ឥសី​ជប់​នៅទីនេះ​ហើយ ដែល​លោកតា អ៊ុក សុខ អះអាងថា​ស័ក្ដិសិទ្ធិ រាល់​ការ​បន់ស្រន់​នានា​។​


 
​លោកតា អ៊ុក សុខ វ័យ​៨៨​ឆ្នាំ ដែលជា​អ្នកថែរក្សា​ផ្ទាល់​នៅ​កន្លែង​ឥសី​ជប់ បាន​មានប្រសាសន៍ថា មាន​មនុស្ស​ជាច្រើន​នាក់មក​បន់ស្រន់​នៅទីនេះ ហើយ​បានសម្រេច​ដូច​បំណងប្រាថ្នា​។ លោកតា​ថា រូបសំណាក​ឥសី​ជប់​នៅទីនេះ​មាន​អាយុកាល​ប្រមាណ​ជាង​២០​ឆ្នាំ គឺ​កសាង​ក្រោយ​បែក​សម័យ​ខ្មែរក្រហម​។ ដោយសារតែ​ឥសី​ជប់​នេះ​ទីនេះ បន់ស្រន់​ក៏​ចេះតែ​ស័ក្ដិសិទ្ធិ ទើបបាន​ជាមាន​ការកសាង​បន្ថែម ដើម្បី​ទុកជា​ទីសក្ការៈ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​។ 


 
«​អ្នក​មក​បន់ស្រន់​នៅទីនេះ បាន​ដូច​ប្រាថ្នា​ច្រើនណាស់ ១០​នាក់ បាន​ដូច​បំណង​៩​នាក់​ហើយ ហើយ​គេ​ចេះតែ​យក​របស់របរ​មក​ថ្វាយ​។ អ្នកមាន​ឧបនិស្ស័យ​មិនបាច់​ហៅ​ទេ គេ​ចូលមក​បន់ស្រន់​តែម្ដង តែបើ​មិនមាន​ឧបនិស្ស័យ​ទេ​គេ​មិន​ចូល​ទេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោ​កតា អ៊ុក សុខ​។  
 
​ក្រៅពី​កន្លែង​ឥសី​ជប់ នៅ​រូងភ្នំ​បាក់ ក៏មាន​រូប​បដិមា​ព្រះពុទ្ធ​ចូល​បរិនិព្វាន រូបសំណាក​លោកយាយ​ខ្មៅ និង​រូបសំណាក​ជាច្រើន​ទៀត ដែល​ភ្ញៀវ​ទេសចរណ៍​តែងតែ​បន់ស្រន់​សុំ​សេចក្ដីសុខ​។ 


 
​បើតាម​លោកតា អ៊ុក សុខ ដដែល  ទេសចរ​ជាតិ​ដែល​មក​កម្សាន្ត​នៅ​ភ្នំ​បាក់​នេះ​មាន​ច្រើន នៅ​ថ្ងៃ​សៅរ៍​និង​អាទិត្យ ព្រមទាំង​ថ្ងៃបុណ្យ​នានា​។ ចំណែក​ភ្ញៀវ​បរទេស​មាន​មួយចំនួន​តូច​ដែរ​។ លោក​បានផ្ដល់​ដំបូន្មាន​ដល់​ជន​ណា​ដែល​មានបំណង ដើរ​កម្សាន្ត​នៅ​តំបន់​ព្រៃភ្នំ សូមកុំ​និយាយ​ពាក្យ​ទាំងឡាយណា​ដែល​មិនគួរ​គប្បី ព្រោះ​ទឹកដី​ទាំងនោះ​មាន​អ្នកថែរក្សា​។ «​ក្មេងៗ​ដែល​មិនដឹង គាត់​មក​គាត់​និយាយ​ផ្ដេសផ្ដាស ក៏មាន​អន្តរាយ​ខ្លះ​ដែរ ចឹ​ង​ពេលដែល​មកលេង​តាម​ព្រៃភ្នំ​ចឹ​ង កុំ​និយាយ​អ្វី​ផ្ដេសផ្ដាស ព្រោះ​ទឹកដី​បែបនេះ​មាន​អ្នក​គេ​ថែរក្សា​ស័ក្តិសិទ្ធិ​ណាស់​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់លោក សុខ​៕

Tag:
 ភ្នំ​បាក់​
  ភ្នំ​កំពង់ត្រាច​
  ទេសចរណ៍​
  អ​បី​យ​ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com