English-Français
អន្តរជាតិ
រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បិទ​បណ្តោះអាសន្ន​ជា​ផ្លូវការ ដោយសារ​លោក ត្រាំ បន្ត​ទារលុយ​សង់​ជញ្ជាំង​
22, Dec 2018 , 1:06 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ចុងក្រោយ​ត្រូវ​បិទ​ដោយ​ផ្នែក​នៅ​ថ្ងៃ​សុក្រ​ទី ២១ ខែធ្នូ បន្ទាប់ពី​សភា​តំណាង​សម្រេច​ព្យួរ​កិច្ចប្រជុំ​សិន​ដោយ​គ្មាន​ការអនុម័ត​ថវិកា​សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការ​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ឡើយ​។ បញ្ហា​នេះ​អាច​កើតឡើង​ទៅបាន ដោយសារ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​នៅ​បន្ត​ខ្វែងគំនិត​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រឿង​ទារលុយ​ថ្លៃ​សាងសង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។

  
 
​ដូច​ការរំពឹងទុក​មែ​ន រដ្ឋាភិបាល​អាមេរិក​ដោយ​ផ្នែក​ត្រូវ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ដោយសារ​សភា​មិនអាច​អនុម័ត​ខ្ទង់ចំណាយ​សម្រាប់​ទ្រទ្រង់​ប្រតិបត្តិការ​ស្ថាប័ន​រដ្ឋាភិបាល​បាន​នៅ​យប់​ថ្ងៃ​សុក្រ​។ 
 
​ការបិទ​រដ្ឋាភិបាលបណ្តោះអាសន្ន​នេះ​ប្រៀបដូចជា​ស្វាគមន៍​បុណ្យ​ណូអែល​ដូច្នេះ​ដែរ ប៉ុន្តែ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា គេ​មិនអាច​ប៉ាន់ស្មាន​បានជា​មុន​ឡើយ​ថា ការបិទ​ដំណើរការ​នេះ​នឹងមាន​រយៈពេល​យូរ​ប៉ុណ្ណា​។ 
 
​ប៉ុន្តែ​ទោះជា​ត្រូវ​បិទ​រយៈពេល​ខ្លី​ឬ​វែង​ក្តី គេ​មើលឃើញថា វា​ជះឥទ្ធិពល​អាក្រក់​បំផុត​មួយ​ក្នុង​រដូវ​បុណ្យ​ណូអែល​ព្រោះ​បុគ្គលិក​រាប់សែន​នាក់​ដែល​បម្រើ​ការងារ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​នឹងត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ដោយ​មិន​ទទួលបាន​កម្រៃ ឬក៏​ត្រូវ​បង្ខំ​ឲ្យ​សម្រាក​ពី​ការងារ​ពេលនេះ​សិន​ដែរ​។ ចំណែក​ប្រតិបត្តិការ​ជំនួញ​នានា​នៅ​អាមេរិក​ក៏​រង​ផលប៉ះពាល់​ដូចគ្នា​។​
 
​ព្រឹទ្ធសភា​អាមេរិក​បាន វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ការបិទ​រដ្ឋាភិបាលបណ្តោះអាសន្ន​ដែរ​។ ការបិទ​រដ្ឋាភិបាល​នេះ​នឹង​ប៉ះពាល់​ដល់​ក្រសួង​ចំនួន​ប្រាំបួន​ក្នុងចំណោម​ក្រសួង ១៥ និង​ទីភ្នាក់ងារ​សំខាន់ៗ​ចំនួន​ច្រើនជាង​ដប់​ដែល​ត្រូវ​ផ្អាក​ដំណើរការ​។ បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​ប្រហែល ប្រាំបី​សែន​នាក់​នឹងមិន​ទទួលបាន​ប្រាក់កម្រៃ ក្នុងនោះ​មាន ៤២ ម៉ឺន​នាក់​ត្រូវ​បន្តធ្វើ​ការងារ​ដោយ​គ្មាន​ប្រាក់កម្រៃ ខណៈ​៣៨ ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវ​ផ្អាក​ការងារ​តែម្តង​។  
 
​តាមពិតទៅ ការសម្រេចចិត្ត​បិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​ជា​បណ្តោះអាសន្ន​សិន​នេះ​កើតឡើង​ដោយសារ​សមាជិកសភា និង​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ មិនអាច​រក​ចំណុច​រួមគ្នា​ឃើញ​ក្នុង​សំណុំរឿង​ជ​ញ្ជាំ​ម៉ិ​ក​ស៊ិ​ក​។ លោក ត្រាំ នៅតែ​ចចេស​ទាម​ទារលុយ ប្រាំ​ពាន់​លាន​ដុល្លារ​ដើម្បី​សង់​ជញ្ជាំង​ព្រំដែន ខណៈដែល​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ជំទាស់​ដាច់​ណាត់​នឹង​សំណើរ​របស់លោក ត្រាំ ហើយ​កន្លងមក​គេ​មាន​ឆន្ទៈ​ផ្តល់​ថវិកា​ត្រឹម ១,៦​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ពង្រឹង​សន្តិសុខ​ព្រំដែន​។ ការទាស់ទែង​ខ្វែងគំនិត​គ្នា​រវាង​សមាជិកសភា និង​ប្រធានាធិបតី​នេះហើយ​ទើបបានជា​គ្មាន​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញ​សម្រាប់​រក្សា​ដំណើរ​ស្ថាប័ន​ជាច្រើន​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​បែបនេះ​។  
 
​ខណៈដែល​គ្មាន​ការកំណត់​ពេលវេលា​ជាក់លាក់​នៃ​ការ​ឈានទៅ​បើក​ដំណើរការ​ឡើងវិញ​រប​ស់​រដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ជាច្រើន​នាក់​គេ​ស្វះស្វែង​ជួបចរចា​ជាមួយ​បណ្តា​មេដឹកនាំ​សភា​មកពី​បក្ស​ពីរ​ដែរ​។ កញ្ចប់​លុយ ១,៦​លាន​ដុល្លារ​ដើម្បី​ពង្រឹង​សន្តិសុខ​ព្រំដែន​ស្ថិតក្នុង​របៀបវារៈ​នៃ​ការចរចា​ដែរ​។ អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន និង​កូនប្រសារ​និង​ជាទី​ប្រឹក្សា​លោក ត្រាំ លោក Jared Kushner ក៏​ស្ថិត​ក្នុងចំណោម​មន្ត្រី​ទាំងនោះ​ដែរ​។ 
 
​ការចរចា​គ្នា​នេះ​ត្រូវ​បន្ត​ដល់​ថ្ងៃ សៅរ៍​ទី ២២ ខែធ្នូ​នេះ​ទៀត​ដើម្បី​ធានាថា ការទាស់ទែង​ខ្វែងគំនិត​គ្នា​នេះ​អាច​បញ្ចប់ ហើយ​មានការ​ឯកភាពគ្នា​លើ​ថវិកា​ត្រូវ​ចំណាយ ដែល​អាចជួយ​បញ្ចប់​ការបិទ​រដ្ឋាភិបាលបណ្តោះអាសន្ន​បាន​។ 
 
​តាម​បច្ចេកទេស នៅ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​នេះ គេ​ត្រូវការ​សំឡេងគាំទ្រ ៦០  ។ បច្ចុប្បន្ន​បក្ស​សាធារណរដ្ឋ​ក្តោប​ក្តាប់​អាសនៈ​ភាគច្រើន​៥១​ក្នុង​ព្រឹទ្ធសភា ប៉ុន្តែ​គេ​នៅ​ត្រូវការ​សំឡេងគាំទ្រ​ប្រាំបួន​ទៀត​ពី​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដែរ​ដើម្បី​បង្គ្រប់​៦០​សំឡេង​។  វា​ជា​រឿង​លំបាក​បំផុត បើ​ត្រាំ​នៅតែ​ចរចា​ទារលុយ​សង់​ជញ្ជាំង​។ គេ​វាយតម្លៃ​ហើយ​ថា សម្រេចបាន​កិច្ចព្រមព្រៀង និង​បញ្ចប់​ការបិទ​រដ្ឋាភិបាល​អាច​ទៅរួច ដរាបណា​លោក ត្រាំ ព្រម​ឈប់​ទារលុយ ប្រាំ​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​ទៀត​។​
 
​សូមបញ្ជាក់ថា ការសាងសង់​ជញ្ជាំង​ជា​គោលដៅ​របស់លោក ត្រាំ តាំងពី​ពេល​ឃោសនាបោះឆ្នោត​ឆ្នាំ ២០១៦​មកម្ល៉េះ​។ លោក​អះអាងថា ទំហំ​ថវិកា ប្រាំ​ពាន់​លាន​ដុល្លារ​ទើប​ល្មម​ច្រើន​ល្មម​សម្រាប់​សាងសង់​ជញ្ជាំង​ធំ និង​រឹងមាំ​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​កបាន​ដោយមាន​សុវត្ថិភាព​។  កាលពីដើម​ខែធ្នូ លោក​បាន​គំរាម​ជាមុន​រួចទៅហើយ​ថា បើសិនជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​នៅ​មិន​ព្រម​ឯកភាព​ផ្តល់​ថវិកា​សម្រាប់​សាងសង់​ជញ្ជាំង​ព្រំដែន​តាម​លោក​ទាមទារ​ទេ លោក​មិន​រារែក​នឹង​បិទ​រដ្ឋាភិបាល​អាមេរិក បិទ​ចោល​បណ្តោះអាសន្ន​ឡើយ​៕
 
 

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  ជញ្ជាំង​ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com