អន្តរជាតិ
ប្រជាជន​អាចមាន​សុខ​ភាពល្អ​ទៅបាន លុះត្រាតែ​សុខភាព​សមុទ្រ​ល្អ​ដែរ​
22, Dec 2018 , 9:39 pm        
រូបភាព
កាកសំណល់អណ្តែតនៅឆកសមុទ្រទីក្រុងម៉ានីល (រូបភាព៖ Reuters)
កាកសំណល់អណ្តែតនៅឆកសមុទ្រទីក្រុងម៉ានីល (រូបភាព៖ Reuters)
​សារធាតុ​ប្លា​ស្ទិ​កបាន​ក្លាយជា​សមាសធាតុ​ចាំបាច់​មួយ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់គ្នា​។ វត្តមាន​របស់​វា​មាន​នៅតែ​សឹង​គ្រប់​ទីកន្លែង​ដូចជា ដប​ទឹក កែវ​ជ័រ ប្រអប់​អាហារ ស្លាបព្រា​ជ័រ គ្រឿង​សង្ហា​រឹម និង​សំភារៈប្រើប្រាស់​សាមញ្ញៗ​ជាច្រើន​ទៀត​។​

 
​សារធាតុ​ដែលមាន​លក្ខណៈ​ធន់ ស្វិត ងាយស្រួល​ផលិត​មួយ​នេះ​បានធ្វើ​ឲ្យ​ការដឹកជញ្ជូន​និង​ចែកចាយ​ទំនិញ​ដល់ដៃ​អតិថិជន​មាន​ភាពងាយស្រួល​និង​រហ័ស​ជាង​ការប្រើប្រាស់​ផលិតផល​ដទៃ​ដើម្បី​វិច​ខ្ចប់​។ 
 
​ទិន្នន័យ​មួយ​ដែល​បាន​ចុះផ្សាយ​ដោយ World Economic Forum បាន​បញ្ជាក់ថា សារធាតុ​ប្លា​ស្ទិ​ក​គឺជា​ផ្នែក​មួយ​ដែល​បាន​ជំរុញ​ឲ្យ​មាន​សន្ទុះ​សេដ្ឋកិច្ច​យ៉ាងរ​ហ័យ​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​ចាប់តាំងពី​ឆ្នាំ​១៩៦៤​មកទល់​ឆ្នាំ​២០១៤ បរិមាណ​សារធាតុ​ប្លា​ស្ទិ​ក​ដែល​គេ​ផលិត​បាន កើនឡើង​រហូតដល់ ២០​ដង​។ ក្នុង​ឆ្នាំ​២០១៤ ប្លា​ស្ទិ​ក​ដែល​ត្រូវបាន​ផលិត​ឡើងមក​នោះ​មាន​ចំនួន ៣១៥ លាន​តោន ហើយ​គេ​រំពឹងទុក​ថា វា​និង​កើនឡើង​ពីរដង​ទៀត​ក្នុង​រយៈពេល ២៥​ឆ្នាំ​ខាងមុខ​។​ប៉ុន្តែ​ផ្ទុយទៅវិញ ការ​គ្រប់​គ្រង់​សំរាម​ប្លា​ស្ទិ​ក​និង​ការកែច្នៃ​កាកសំណល់​ទាំងអស់នោះ​នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ​។​
 
​ប្លា​ស្ទិ​ក​ដែល​គ្រប់គ្នា​បាន​ប្រើប្រាស់​រួច​មិនមែន​មានតែ​វត្តមាន​លើដី​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​នៅពេលដែល​វា​ហូរ​ចូលទៅក្នុង​ប្រភពទឹក​ដូចជា​សមុទ្រ បឹង ឬ​ទន្លេ​។ 
 
​ទិន្នន័យ​ដែល​សិក្សា​ដោយ​អ្នកស្រាវជ្រាវ​បរិស្ថាន​សមុទ្រ​នៃ​មូលនិធិ Ellen MacArthur បាន​ផ្សព្វផ្សាយ​ថា ក្នុង​ឆ្នាំ​២០៥០ បរិមាណ​ប្លា​ស្ទិ​ក​ដែល​អណ្តែត​ក្នុង និង​តាម​ផ្ទៃសមុទ្រ​អាច​នឹង​ច្រើនជាង​ត្រី​ដែល​រស់នៅ​ក្នុងនោះ​ទៅទៀត​។ យ៉ាងតិច សំរាម​ប្លា​ស្ទិ​ក​ប្រមាណ​៨ លាន​តោន​ហូរ​ចូលក្នុង​សមុទ្រ​ក្នុង​មួយឆ្នាំៗ ដោយសារ​ការ​គ្រប់​គ្រង់​កាកសំណល់​មិនបាន​ត្រឹមត្រូវ និង​ទម្លាប់​អាក្រក់​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ខ្វះ​ការយល់ដឹង​អំពី​ផលវិបាក​នៃ​ការប្រើប្រាស់​សារធាតុ​មួយ​នេះ​ច្រើនពេក​។​
 
 បញ្ហា​ទាំងនេះ​នឹង​បង្ក​ផលប៉ះពាល់​ខ្លាំង​ថែមទៀត​ដល់​សហគមន៍​ប្រជាជន​ដែល​រស់​នៅតាម​តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​រមណីយដ្ឋាន​នានា​ជាពិសេស​អ្នកនេសាទ​ត្រី​។ ដំណោះស្រាយ​ឆ្លើយតប​នឹង​បញ្ហា​ទាំងអស់​ខាងលើ គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ការដាក់​វិធានការ​របស់​រដ្ឋាភិបាល​នានា​ជុំវិញ​ពិភពលោក​ក្នុងការ​កាត់បន្ថយ​ការផលិត​និង​ប្រើប្រាស់​សម្ភារ​ប្លា​ស្ទិ​ក រួមទាំង​ការចូលរួម​ចែករំលែក​ទម្លាប់​ល្អៗ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងការ​យល់ដឹង​ពី​ប្រភព​បញ្ហា​ទាំងនេះ​។ 
 
​ការមិន​ប្រើ​ទុយោ​ជ័រ ច្រក​ទឹក​ពី​ផ្ទះ​ដោយ​ដប​ដែក កាន់​ដប​ទឹក​ដោយ​មិន​ចាប់​បាច់​ប្រើ​ថង់ កាត់បន្ថយ​ចាន​និង​ស្លាបព្រា​ជ័រ និង​បែងចែក​សំរាម​សើម​ពី​សំរាម​ស្ងួត​គឺជា​សកម្មភាព​ងាយៗ​ដែល​អាច​អនុវត្តបាន​ជាប្រចាំ ហើយ​វា​ប្រសើរ​ខ្លាំង​ចំពោះ​បរិស្ថាន​ធម្មជាតិ​បើ​បុគ្គល​ម្នាក់​នាំគ្នា​ប្រតិបត្តិ​បាន​៕
 

Tag:
 បរិស្ថាន​
  សមុទ្រ​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com