កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ស៊ុត​ចូល​ទី​៥​គ្រាប់​លើកដំបូង​ក្នុង​លី​គ បើ​គិត​ចាប់តាំងពី​ការចាកចេញ​របស់ Sir Alex
23, Dec 2018 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
​លោក Ole Gunnar Solskjaer បាន​ដឹកនាំ Manchester United ឈ្នះ​ម្ចាស់ផ្ទះ Cardiff City ៥-១ នា​ជំនួប​ក្របខណ្ឌ Premier League ក្នុងការ​ប្រក​យ​ត​ដំបូង​ដែល​លោក​កាន់តំណែង​ជា​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​។​

 
Marcus Rashford រកបាន​គ្រាប់​បាល់​បើកឆាក​នៅ​៣​នាទី​ដំបូង ហើយ Ander Herrera បន្ថែម​គ្រាប់​ទី​ពីរ មុនពេល​ដែល Victor Camarasa ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​តាម​ពីក្រោយ ២-១ សម្រាប់ Cardiff នៅ​តង់​ទីមួយ​។ ឈានដល់​តង់​ទី​ពីរ Man Utd សម្រេចបាន​៣​គ្រាប់​ទៀត ដែលជា​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Anthony Martial ១​គ្រាប់ និង Jesse Lingard ២​គ្រាប់​ចុងក្រោយ​។​
 
​ការនាំ​ជ័យជម្នះ​នៅ​កីឡដ្ឋាន Cardiff City Stadium បានធ្វើ​ឲ្យ​លោក Solskjaer អាយុ​៤៥​ឆ្នាំ ក្លាយជា​គ្រូបង្វឹក​ដំបូង​ដែល​បាន​នាំ Man Utd ឈ្នះ​ការប្រកួត​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់​ក្នុង Premier League បើ​គិត​ចាប់តាំងពី​ការចាកចេញ​របស់ Sir Alex Ferguson ។ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៣ Man Utd ក្រោម​ការដឹកនាំ​របស់ Sir Alex បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ៥-៥ ជាមួយ​ម្ចាស់ផ្ទះ West Brom​។ 
 
 
​ក្នុងចំណោម​គ្រូបង្វឹក​ជា​បន្តបន្ទាប់ ដូចជា David Moyes, Ryan Giggs, Louis van Gaal និង Jose Mourinho  ក្លិប Manchester United ក៏​ធ្លាប់មាន​គ្រាប់​បញ្ចូល​ទី​ចាប់ពី​៥​គ្រាប់​ឡើងទៅ​ផងដែរ ប៉ុន្តែ​មិនមែន​ក្នុង​ក្របខណ្ឌ Premier League នោះឡើយ​។​
 
​ជ័យជម្នះ​បើកឆាក​របស់លោក Solskjaer បាន​នាំ Man Utd ទទួលបាន​២៩​ពិន្ទុ​ពី​ការប្រកួត​១៨​លើក និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦ ។  Liverpool ដែល​បានឈ្នះ Wolverhamton ២-០ អាច​រក្សា​តំណែង​កំពូល​តារាង ដោយមាន​គម្លាត​៤​ពិន្ទុ​លើស Manchester City ដែល​បាន​ចាញ់ Crystal Palace ៣-២ ស្រប​ពេលដែល Chelsea ក៏​ចាញ់ Leicester City ១-០ នៅ​ទឹកដី​ខ្លួនឯង​ផងដែរ​។​
 
Arsenal ដែល​នៅ​លេខ​៥ មាន​៣៧​ពិន្ទុ​ស្មើ Chelsea បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Burnley ៣-១ ។ ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុងការ​ប្រកួត​នាំ​ឲ្យ Pierre-Emerick Aubameyang ឡើងលើ​កំពូល​តារាង Top Scorers បណ្តោះអាសន្ន ដោយមាន​១២​គ្រាប់ ខណៈ Mohamed Salah របស់ Liverpool មាន​១១​គ្រាប់​។​
 
​នា​រាត្រី​ថ្ងៃអាទិត្យ Tottenham Hotspurs ដែល​កំពុង​ឈរ​លេខ​៣ ត្រូវ​ប្រកួត​នៅ​ទឹកដី Everton​។ រីឯ​ក្រុម​ផ្សេងទៀត​បានបញ្ចប់​ជំនួប​សប្តាហ៍​ទី​១៨​របស់ខ្លួន​ហើយ ដោយ AFC Bournemouth ឈ្នះ Brighton & Hove Albion ២-០ Southampton ឈ្នះ Huddersfield Town ៣-១ Watford ឈ្នះ West Ham United ២-០ ខណៈ Newcastle United ស្មើ 0-០ ជាមួយ Fulham៕
 

© រក្សាសិទ្ធិដោយ thmeythmey.com