កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ឈ្នះ​ពាន FIFA Club World Cup លើក​ទី​៤​ជា​កំណត់ត្រា​
23, Dec 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid យកឈ្នះ​ម្ចាស់ផ្ទះ Al-Ain របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ៤-១ ន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA Club World Cup ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​២២ ខែធ្នូ​។ នេះ​ជាការ​ឈ្នះ​ពាន​បី​ឆ្នាំ​ជាប់​គ្នា និង​ជាការ​ទទួលបាន​លើក​ទី​បួន​ជា​កំណត់ត្រា​។​

 
​ពាន FIFA Club World Cup ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០០០​មក ដោយ​មានការ​ប្រជែង​ពី​សំណាក់​ក្លិប​ដែលជា​ជើងឯក​ប្រចាំ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីប​នីមួយៗ​។ ជ័យជម្នះ​នៅ​ឆ្នាំ​២០១៨​នេះ នាំ​ឲ្យ Real Madrid ក្លាយជា​ក្រុម​ដែល​ជោគជ័យ​ជាងគេ បន្ទាប់ពី​ពួកគេ​ទទួល​នៅ​ឆ្នាំ​២០១៤ ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧​។​
 
Barcelona ទទួលបាន​៣​លើក​នៅ​ឆ្នាំ​២០០៩ ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៥ ខណៈ​ក្លិប​ប្រេ​ស៊ី​ល Corinthiants បានឈ្នះ​បាន​២​លើក​។ ក្លិប​ដែលមាន​ប្រវត្តិ​លើក​ពាន FIFA Club World Cup មួយ​លើក​រួមមាន Sao Paulo (​ប្រេ​ស៊ី​ល​) Internacional (​ប្រេ​ស៊ី​ល​), AC Milan (​អ៊ីតាលី​), Manchester United (​អង់គ្លេស​), Inter Milan (​អ៊ីតាលី​) និង Bayern Munich (​អាល្លឺម៉ង់​)​។​


 
​នៅ​ឆ្នាំ​២០១៨​នេះ មាន​៧​ក្លិប​ចូលរួម ដោយ​ជុំ​ដំបូង ម្ចាស់ផ្ទះ Al-Ain របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត យកឈ្នះ Team Wellington របស់​នូ​វែ​ល​សេ​ឡង់​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ក្រោយ​លទ្ធផល​ស្មើ ៣-៣ ។​
 
​ឈានដល់​ជុំ​ទី​ពីរ Al-Ain បន្ត​ឈ្នះ Esperance de Tunis របស់​ទុយ​នី​ស៊ី ក្នុង​លទ្ធផល ៣-២ ខណៈ Kashima Antlers របស់​ជប៉ុន ឈ្នះ Guadalajara របស់​ម៉ិ​ក​ស៊ិ​ក ៣-២ ។ ទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Al-Ain បានឈ្នះ River Plate របស់​អា​ហ្ស​ង់​ទីន ដោយ​បាល់​ប៉េ​ណា​ល់​ទី​ក្រោយ​ស្មើ ២-២ ខណៈ Real Madrid បាន​យកឈ្នះ Kashima Antlers ៣-១ ។​
 
​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Luka Modric, Marcos Llorente, Sergio Ramos និង Yahya Nader បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​១​គ្រាប់ ក្នុង​ជ័យជម្នះ ៤-១ លើ​ម្ចាស់ផ្ទះ Al-Ain ដែល​នាំ​ឲ្យ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​ឈ្នះ​ពានរង្វាន់ FIFA Club World Cup ជា​លើក​ទី​បួន និង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​។​
 
River Plate បាន​លេខ​៣ ដោយ​ឈ្នះ Kashima Antlers ៤-០ មុនពេល​ដែល Esperance de Tunis បាន​លេខ​៥ ក្រោយ​ឈ្នះ Guadalajara ៦-៥ លើ​ការទា​ត់បាល់​ប៉េ​ណា​ល់ បន្ទាប់ពី​លទ្ធផល​ស្មើ ១-១ នៅ​ម៉ោង​ធម្មតា​។​
 
​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ម្ចាស់​ពាន Ballon d’Or, Gareth Bale បាន​ពាន Golden Ball, កីឡាករ​ប្រេ​ស៊ី​ល Caio នៃ​ក្លិប Al-Ain បាន​ពាន Silver Ball រីឯ​កីឡាករ​កូ​ឡុំ​ប៊ី​នៃ​ក្លិប River Plate បាន​ពាន Bronze Ball​។ 
 
​ក្រៅ​តំណែង​ជើងឯក​៤​លើក Real Madrid ក៏​ទទួលបាន​ពានរង្វាន់ FIFA Fair Play ប្រចាំ​ព្រឹត្តិការណ៍​នេះ​ផងដែរ​៕

Tag:
 FIFA Club World Cup
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com