ជាតិ
មហាផ្ទៃ គ្រោងស្នើឲ្យរដ្ឋាភិបាល ជួយផ្ដល់អត្ថប្រយោជន៍បន្ថែមដល់មន្ត្រីដែលផ្លាស់ពីក្រសួងទៅថ្នាក់ក្រោមជាតិ លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ គ្រោងស្នើទៅរដ្ឋាភិបាល ឲ្យជួយផ្ដល់អត្ថប្រយោជន៍បន្ថែមដល់មន្ត្រីដែលផ្លាស់ពីក្រសួងទៅថ្នាក់ក្រោមជាតិ ។ នេះជាការលើកឡើងរបស់លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ។
«ការផ្ទេរមុខងារមន្ត្រីពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនេះ វាមិនងាយស្រួលដូចការគិតឡើយ» ។ នេះជាការលើកឡើងរបស់លោក ង៉ាន់ ចំរើន ដែលបានបន្ថែមថា មន្ត្រីតាមក្រសួងនីមួយៗ មិនចង់ទៅធ្វើការនៅថ្នាក់ក្រោមជាតិទេ ព្រោះវាធ្វើឲ្យពួកគេបាត់បង់ឱកាសក្នុងទទួលបាននូវតួនាទី ឬមុខតំណែងធំៗនៅថ្នាក់ជាតិ។
រាប់ពីឆ្វេងមកស្ដាំ៖ លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ (អង្គុយកណ្ដាល)
ដូច្នេះដើម្បីតបស្នងនូវការលះបង់របស់មន្ត្រី ដែលសុខចិត្តផ្លាស់ពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនោះ លោក ង៉ាន់ ចំរើន យល់ឃើញថា រដ្ឋាភិបាលគួរតែផ្ដល់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ ។ បើតាមប្រធានលេខាធិការដ្ឋានគ.ជ.អ.ប រូបនេះ លោកកំពុងសិក្សាលើលទ្ធភាពក្នុងការដាក់សំណើទៅរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ដើម្បីរៀបចំអត្ថប្រយោជន៍មួយចំនួន ដល់មន្ត្រីថ្នាក់ជាតិ ដែលព្រមផ្លាស់ទៅបម្រើការងារថ្នាក់ក្រោមជាតិទាំងនោះ។
សូមស្ដាប់សំឡេង៖
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងមន្ត្រីស្ថាប័នខ្លួន អំពីសកម្មភាពការងារស្តីពីវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាលពីថ្ងៃទី២១ ធ្នូ លោក ង៉ាន់ ចំរើន បាននិយាយដូច្នេះថា៖«យើងនូវមានបញ្ហាបន្តិច ដែលត្រូវគិតគូពិចារណា ដើម្បីឲ្យធានាបានថា ឲ្យធនធានមនុស្ស ដែលបច្ចុប្បន្ននេះ ភាគច្រើនយើងទទួលស្គាល់ថា ពួកគាត់ចង់តែមកបំពេញការងារនៅថ្នាក់ជាតិ ជាងថ្នាក់ក្រោមជាតិ។ មូលហេតុម៉េចបានជាអ៊ីចឹង? ពីព្រោះនៅកន្លែង(ថ្នាក់ជាតិ)នេះ គាត់មានឋានន្តរសក្តិវាខ្ពស់ជាងកិច្ចការដែលគាត់ត្រូវបំពេញនៅថ្នាក់ក្រោមជាតិ។ បើគាត់ជាមន្ត្រីបំពេញការងារនៅការិយាល័យ នៅថ្នាក់ក្រសួង ស្ថាប័នជាតិ គាត់ខ្ពស់ជាងប្រធានការិយាល័យនៅថ្នាក់ស្រុក»។
អត្ថប្រយោជន៍ដែលប្រធានលេខាធិការដ្ឋានគ.ជ.អ.ប គ្រោងរៀបចំសម្រាប់មន្ត្រីផ្ទេរពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិនោះ មានដូចជាទីកន្លែងស្នាក់នៅឲ្យបានសមរម្យ ដែលនៅជិតទីប្រជុំជន ហើយមានទាំងសាលារៀន មន្ទីរពេទ្យជាដើម ក្រៅពីឋានន្តរសក្តិ ឬតួនាទី។ បន្ថែមពីនេះទៀត គ.ជ.អ.ប ក៏បានពិនិត្យលើវិធានការដោះស្រាយរនាំងបញ្ហា ដែលមន្ត្រីថ្នាក់ក្រោមជាតិ ពិបាកឡើងមកកាន់តួនាទី ឬបំពេញការងារនៅថ្នាក់ជាតិផងដែរ ហើយវាក៏ជាចំណុចដែលមន្ត្រីថ្នាក់ក្រោមជាតិព្រួយបារម្ភកន្លងមកផង។ នេះជាការបញ្ជាក់របស់លោក ង៉ាន់ ចំរើន ដែលបានបន្ថែមថា លោកបានពិភាក្សាជាមួយក្រសួងមុខងារសាធារណៈ លើបញ្ហាខាងលើនេះរួចរាល់ មុននឹងត្រៀមដាក់សំណើទៅប្រមុខរដ្ឋាភិបាលពិនិត្យ តាមរយៈក្រសួងមហាផ្ទៃ។
សម្រាប់រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ការដោះស្រាយបញ្ហាផ្ទេរមន្ត្រីជំនាញថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ក៏ជាចំណុចល្អមួយ ក្នុងការពង្រឹងការដោះស្រាយ និងការអនុវត្តគោលការណ៍នានា នៅថ្នាក់មូលដ្ឋានជូនប្រជាពលរដ្ឋ តាមគោលដៅដែលរដ្ឋាភិបាលរៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការទៀតផង៕
Tag:
ង៉ាន់ ចំរើន
មហាផ្ទៃ
វិមជ្ឈការ
វិសហមជ្ឈការ
© រក្សាសិទ្ធិដោយ thmeythmey.com