ជាតិ
កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំការអនុវត្តគម្រោង «សុវត្ថិភាពទន្លេមេគង្គលើកទី២»
× នៅឆ្នាំ២០១៩ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំការអនុវត្តគម្រោង «សុវត្ថិភាពទន្លេមេគង្គលើកទី២»។ កិច្ចប្រជុំលើកទី១ ត្រូវបានធ្វើឡើងនៅប្រទេសឡាវ ដែលមានប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ បានសម្រេចចេញជាលទ្ធផលចំនួន៦ចំណុច។ នេះបើតាមទំព័រហ្វេសប៊ុក អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD ) នៅថ្ងៃទី២២ខែធ្នូនេះ។
លោក នាក់ យុទ្ធា អគ្គលេខាធិការរងនៃ NACD បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំការអនុវត្តគម្រោង «សុវត្ថិភាពទន្លេមេគង្គ» នៅឡាវ ដោយមានចូលរួមពីប្រទេសសមាជិកទាំង៦រួមមាន ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ទាំងរួមជប៉ុនកាលពីថ្ងៃទី២១ ខែធ្នូ។
បើតាម លោក នាក់ យុទ្ធា រយៈពេល៣ខែកន្លងមកនេះ ប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ បានសហការគ្នាអនុវត្ត៦ចំណុចគឺ ទី១.ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានរវាងប្រទេសទាំង៦ជាសមាជិក។ ទី២.បន្តផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀនគ្នា ទៅវិញទៅមករវាង៦ប្រទេស។
ប្រភព៖អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD
ទី៣.បន្តបញ្ចូលទិន្នន័យករណីគ្រឿងញៀន ដែលបង្ក្រាបបានពីប្រទេសទាំង៦ ចូលក្នុងប្រព័ន្ធកុំព្យូទ័រនៃគម្រោងសុវត្ថិភាពទន្លេមេគង្គ។ ទី៤.បញ្ជូនព័ត៌មានទៅវិញទៅមក តាមសម័យកាលទំនើបនៃបច្ចេកវិទ្យា ទី៥.ទប់ស្កាត់ការចរាចរណ៍ សារធាតុគីមីផ្សំ នៅក្នុងតំបន់ និងទី៦.ទប់ស្កាត់ការហូរចូល នៃគ្រឿងញៀន តាមបណ្តោយព្រំដែន ពីតំបន់ត្រីកោណមាស។
អគ្គលេខាធិការរងនៃ NACD បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តគម្រោងនេះ និងទទួលធ្វើជាម្ចាស់ផ្ទះនៃគម្រោងនេះនៅដំណាក់កាលទី២ នៃឆ្នាំ២០១៩៕
Tag:
នាក់ យុទ្ធា-គម្រោងសុវត្ថិភាពទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com