ពន្ធនាគារ​ទាំង​២៨ នៅ​ទូទាំងប្រទេស​កំពុង​ឃុំ អនីតិជន​ជាង​១៥០០​នាក់​
ជាតិ
ពន្ធនាគារ​ទាំង​២៨ នៅ​ទូទាំងប្រទេស​កំពុង​ឃុំ អនីតិជន​ជាង​១៥០០​នាក់​
23, Dec 2018 , 4:07 pm        
រូបភាព
​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ ពន្ធនាគារ​ទាំង​២៨ នៅ​ទូទាំងប្រទេស​កំពុង​ឃុំឃាំង​អនីតិជន​ជាង​១៥០០​នាក់ ក្នុងនោះ​អ​នី​តិច​ជន​ជា​ទណ្ឌិត​ចំនួន​១៥២​នាក់ ដោយ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​បន្ទាយមានជ័យ​។ នេះ​បើតាម​ការ​ថ្លែង​របស់​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

 
​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិបត្តិ ដើម្បី​អនុវត្ត​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន​(២០១៨-២០២០) កាលពី​ថ្ង​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សម្ដេច ស ខេង បាន​ថ្លែងថា ភូមិសាស្ត្រ​ទាំងបី [​ភ្នំពេញ សៀមរាប និង​បន្ទាយមានជ័យ​] អាច​ចាត់ទុកជា​វិញ្ញាសារ​អនុវត្ត​ការពិនិត្យ​សិក្សា និង​វាយតម្លៃ​លើ​ការផ្តល់សេវា​សមស្រប​សំដៅ​ធានា​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​អនីតិជន​។​
 
«​ជាការ​ពិតណាស់​យើង​មិនដែល​ចង់​ឲ្យ​មានការ​ឃុំឃាំង​ណាមួយ​នោះទេ ទោះបី​អនីតិជន​ក្តី ឬ​នីតិជន​ក្តី ហើយ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ជំរុញ​អនុវត្ត​យន្តការ ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ចំនួន​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​»​។ នេះ​ជាការ​បញ្ជាក់ របស់​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង​។​


 
​សម្ដេច​បានលើកឡើង​បន្តថា រាល់​ការឃុំខ្លួន​ពុំមែន​សុទ្ធតែ​ផ្តល់​ផល​វិជ្ជមាន​នោះទេ ព្រោះថា​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ កម្មវិធី​ស្តារនីតិសម្បទា​ពុំទាន់​មានគុណ​ភាព និង​បញ្ហា​បរិស្ថាន​ក្នុង​ពន្ធនាគារ​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត និង​ធ្វើ​ឲ្យ​អនីតិជន​មិន​រាងចាល ហើយ​បែរជា​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ជាង​មុន​។​
 
​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម របស់​ក្រសួងយុត្តិធម៌ និង ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា  ក្នុងចំណោម​កុមារ ១០០,០០០​នាក់ មាន​ប្រហែល​២៣​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នាពេល​បច្ចុប្បន្ន​។ នេះ​ជាស​ញ្ញា​មួយ​ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ជាបន្ទាន់ ដើម្បី​ឲ្យ​អនីតិជន​ទំនាស់​នឹង​ច្បាប់ ត្រូវបាន​បង្វែរ​ចេញពី​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ ទៅកាន់​យន្តការ​កុមារ​មេត្រី​ដូចជា​កម្មវិធី​បង្វែរ​ជាដើម​។​
 
​ចំពោះ​បញ្ហា​នេះ ក្រសួង​ទាំងពីរ​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិបត្តិ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ២០១៨-២០២០ នៅក្នុង​កិច្ចការ​កំណែទម្រង់​យុត្តិធម៌​អនីតិជន​។​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិបត្តិ​នេះ ផ្តល់​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​អនុវត្ត​ច្បាប់​នេះ និង​កសាង​ប្រព័ន្ធយុត្តិធម៌​អនីតិជន​ទំនើប​មួយ​ស្របតាម​ការអនុវត្ត​ល្អៗ​របស់​អន្តរជាតិ​៕


Tag:
 ពន្ធនាគារ​
  អនីតិជន
© រក្សាសិទ្ធិដោយ thmeythmey.com