ជាតិ
​សិស្ស​ខ្មែរ​ពូកែ​គណិតវិទ្យា​មិន​ចាញ់​ប្រទេស​ក្នុង​តំបន់ តែ​អំ​ណាន​នៅមានកម្រិត​ទាប​
23, Dec 2018 , 10:19 pm        
រូបភាព
ប្រភព៖ AKP
ប្រភព៖ AKP
ដោយ:
​ចំពោះ​ការប្រឡង​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​កន្លងមកនេះ សិស្ស​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​មិន​ចាញ់​ប្រទេស​ក្នុង​តំបន់​ឡើយ ប៉ុន្តែ​សម្រាប់​អំ​ណាន​វិញ សិស្ស​កម្ពុជា​នៅមានកម្រិត​នៅឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានលើកឡើង​ពី​ការ​ខំប្រឹងប្រែង​កែទម្រង់ ជាពិសេស​ការដាក់​ឲ្យ​ប្រើប្រាស់​កញ្ចប់​សម្ភារ​អំ​ណាន​ថ្នាក់ដំបូង ដែល​រួមមាន​សៀវភៅ​ណែនាំ​គ្រូ សៀវភៅ​ជំនួយ​សិស្ស ប័ណ្ណ​អក្សរ រូបភាព និង​សៀវភៅ​រឿង​ខ្លីៗ​។​

 
​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ លោក ហង់ ជួន ណា​រ៉ុ​ន បាន​បើក​សិក្ខាសាលា​បំប៉ន ស្តីពី​ការណែនាំ​ប្រើប្រាស់​កញ្ចប់​សម្ភារ​អំ​ណាន​ថ្នាក់ដំបូង ជូន​ដល់​គ្រូបង្រៀន​ថ្នាក់​ទី ១ ជំហាន​ទី​២ នៅ​គោលដៅ​ស្រុក ក្រុង​ចំនួន ៥ ក្នុង​ខេត្តសៀមរាប រួមមាន ក្រុង​សៀមរាប ស្រុក​ក្រឡាញ់ ស្រុក​ពួក ស្រុក​ស្រីស្នំ និង​ស្រុក​អង្គរជុំ​។ កម្មវិធី​បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​សាលាបឋមសិក្សា សម្តេច ទៀ បាញ់ គំរូ​ស្រុក​ពួក​។​


 
​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បានលើកឡើង​ពី​សារសំខាន់​នៃ​ការរៀបចំ​សិក្ខាសាលា​បំប៉ន​គ្រូបង្រៀន​ថ្នាក់​ទី​១-​ទី​២ ស្តីពី​ការប្រើប្រាស់​កញ្ចប់​សម្ភារ អំ​ណាន​ថ្នាក់ដំបូង​។ លោក​បាន​បញ្ជាក់ថា  បន្ទាប់ពី​ក្រសួង​អប់រំ​ផ្តល់នូវ​វិធី​សា​ស្ត្រី​ថ្មីៗ​ក្នុងការ​បង្រៀន និង​ផ្តល់​សៀវភៅ​គោល​សម្រាប់​អាន​ឃើញថា សិស្ស​មានការ​ឆាប់​ចេះ​អាន​ជាង​មុន​គួរ​ឲ្យ​កត់សម្គាល់​។ 
 
​បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន ការបង្រៀន​សិស្ស​ឲ្យ​ចេះ​អាន​អនុវត្ត គ​ម្បី​ត្រូវ ស្គាល់​សូរ ស្គាល់​តួអក្សរ ចេះ​អាន​ពាក្យ ចេះ​អាន​ស្ទាត់ និង អាន​យល់​ន័យ​។ «​ជាពិសេស​ដើម្បី​បង្រៀន​សិស្ស​ឲ្យ​ចេះ​អាន  គ្រូ​ត្រូវមាន​វិធី​ក្នុង​ការបង្រៀន​ដូចជា អំ​ណាន​បុគ្គល អំ​ណាន​ដៃគូ អំ​ណាន​ជា​ក្រុម ឬ​អំ​ណាន​ចូលរួម និង​អំ​ណាន​ឮជា​ដើម​»​។ ជាការ​បញ្ជាក់ របស់ លោក​រដ្ឋមន្ត្រី​៕

Tag:
 ហង់ ជួនណា​រ៉ុ​ន​-​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com