អន្តរជាតិ
ប្រជាជនលើពិភពលោកជាងពាក់កណ្តាលមានលទ្ធភាពប្រើអ៊ីនធឺណិត
× ប្រជាជនចំនួន ៣,៩ពាន់លាននាក់ដែលស្មើនឹងជាងពាក់កណ្តាលនៃប្រជាជនសរុបលើពិភពលោក ទទួលបានសេវាកម្មអ៊ីនធឺណិតប្រើប្រាស់នៅពេលបច្ចុប្បន្ននេះ។ វាជាលើកដំបូងហើយដែលចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតមានលក្ខណៈទូលំទូលាយដូចច្នេះ។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការសហប្រជាជាតិដើមខែធ្នូនេះ។
ភ្នាក់ងារដែលទទួលបន្ទុកខាងទិន្នន័យ និងព័ត៌មានផ្សព្វផ្សាយរបស់អង្គការសហប្រជាជាតិ ITU បានបញ្ជាក់ថា ដាច់ឆ្នាំ២០១៨នេះ ប្រមាណ ៥១,២ភាគរយនៃប្រជាជនពិភពលោកនឹងមានអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់។
លោក Houlin Zhou ដែលជាប្រធានទទួលបន្ទុករបស់ភ្នាក់ងារ ITC តំណាងឲ្យអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ «នេះបានក្លាយជាជំហានមួយយ៉ាងសំខាន់ក្នុងការដឹកនាំមនុស្សទៅរកជំនាន់ព័ត៌មានវិទ្យា។ ប៉ុន្តែវាមិនទាន់ចប់នោះទេ ដ្បិតថានៅមានមនុស្សច្រើនលាននាក់ទៀតដែលកំពុងតែរងចាំការផ្លាស់ប្តូរមួយនេះ»។
ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនេះមិនមែនមានសន្ទុះខ្លាំងក្នុងប្រទេសអភិវឌ្ឍនោះទេ។ ផ្ទុយទៅវិញសន្ទុះនេះបានកើនឡើងយ៉ាងរហ័សក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ដូចជាបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងអាហ្វ្រិកជាដើម។
ស្ថិតិខាងលើបានបង្ហាញថា ក្នុងឆ្នាំ២០០៥ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅប្រទេសកំពុងអភិវឌ្ឍមានត្រឹមតែ៧,៧ភាគរយប៉ុណ្ណោះបើប្រៀបធៀបទៅនឹង៤៥,៣ភាគរយសព្វថ្ងៃ។ ចំពោះអ្នកដែលប្រើប្រាស់សេវាកម្មទូរសព្ទធម្មតាសព្វថ្ងៃមានចំនួន៥,៣ពាន់លាននាក់ បើតាមការស្រាវជ្រាវរបស់ភ្នាក់ងារ ITU ៕
© រក្សាសិទ្ធិដោយ thmeythmey.com