ជាតិ
ទិញថ្នាំញៀននៅឯណា? ទិញក្រោយប៉ុស្តិ៍ប៉ូលិសបង!
× នគរបាលរដ្ឋបាលស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៨ ខែធ្នូ បានសាកសួរជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ជនសង្ស័យ២រូប គឺ ឡុង សុខលីន និង វឿន ដារ៉ូ មានវត្តមាននៅពេលសាកសួរ រីឯ ប្រុស ម៉ៅ ទើបត្រូវបានចាប់ខ្លួននៅពេលបន្ទាប់។
តាមឃ្លីបវីដេអូដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មន្ត្រីប៉ូលិសបានឲ្យ សុខលីន និងដារ៉ូ រៀបរាប់ពីសកម្មភាពរបស់ខ្លួន។ «អូនឯងឆ្លើយតាមត្រង់ឮទេ?» ប៉ូលិសសួរ។ «បាទបង» ជនសង្ស័យឈ្មោះ សុខលីន ឆ្លើយ។
ជនសង្ស័យបានអះអាងថា ខ្លួនទិញថ្នាំញៀនមួយកញ្ចប់២៥០០០រៀល ហើយលក់វិញបានក្នុងតម្លៃ១០ម៉ឺនរៀល ពោលគឺចំណេញ៧៥០០០រៀលក្នុង១កញ្ចប់។ ប៉ូលិសសួរបន្ថែមទៀតថា៖ «អើ ថ្នាំនេះអូនឯងទៅទិញនៅម្តុំណាដែរ ស្គាល់ទីតាំងទេ? »។ ជនសង្ស័យសុខលីន ឆ្លើយថា នៅម្តុំផ្សារតូច។
«ក្រោយប៉ុស្តិ៍អី?» មន្ត្រីប៉ូលិសម្នាក់ទៀត ស្រែកឲ្យជនសង្ស័យប្រាប់ពីចំណុចទីតាំងឲ្យច្បាស់ នៅពេលគេឆ្លើយថា ទិញថ្នាំញៀននៅផ្សារចំណុចក្រោយប៉ុស្តិ៍។ ជនសង្ស័យហាក់ស្ទាក់ស្ទើរក្នុងការផ្តល់ចម្លើយ ប៉ុន្តែក្រោយការសួរសង្កត់ឲ្យបញ្ជាក់ថា ប៉ុស្តិ៍ប៉ូលិស ឬប៉ុស្តិ៍ណាមួយ ជនសង្ស័យឆ្លើយថា «ប៉ុស្តិ៍ប៉ូលិសបង»។ «ក្រោយប៉ុស្តិ៍ប៉ូលិសហ្មង នៅ! នៅ! ផ្សារតូចហ្នឹង?» ប៉ូលិសបញ្ជាក់។ សុខលីន ឆ្លើយថា «បាទ បាទ»។
ចំពោះការឃាត់ខ្លួននេះ ប៉ូលិសដកហូត ម្ស៉ៅក្រាមពណ៌សថ្លា២កញ្ចប់ និងទូរស័ព្ទ១គ្រឿង ដកពីឈ្មោះ ឡុង សុខលីន ដកហូតម៉ូតូមួយគ្រឿង ពី វឿន ដារ៉ូ និងក្រាមពណ៌សថ្លា១កញ្ចប់ពីឈ្មោះ ប្រុស ម៉ៅ។
ជនសង្ស័យទាំងបីនាក់ រួមទាំងសម្ភារៈវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
(ចំណាំ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានលុបវីដេអូចេញហើយ)
© រក្សាសិទ្ធិដោយ thmeythmey.com