កីឡាអន្តរជាតិ
អន្តរជាតិ
Shaw ជឿជាក់ថា Man Utd នឹងបាន Top 4 ក្រោមការដឹកនាំរបស់ Solskjaer
× ខ្សែការពារ Luke Shaw នៅតែមានជំនឿចិត្តថាក្រុម Manchester United នៅតែអាចបានកៅអីលេងក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្រោមការដឹកនាំបណ្តោះអាសន្នរបស់អ្នកចាត់ការ Ole Gunnar Solskjaer។
ក្រុមបិសាចក្រហម បានយកឈ្នះ Cardiff City ៥-១ នាជំនួបក្របខណ្ឌ Premier League សម្រាប់ការប្រកួតដំបូង ចាប់តាំងពីបញ្ចប់លោក Jose Mourinho ហើយដាក់ Solskjaer ដែលជាអតីតកីឡារករបស់ខ្លួនដឹកនាំបណ្តោះអាសន្ន។
ជ័យជម្នះនេះបាននាំឲ្យ Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី ៦ ក្នុងតារាងលីគកំពូលអង់គ្លេសដែលតាមពីក្រោយក្រុមលេខ៤ ចំនួន៨ពិន្ទុគិតត្រឹមសប្តាហ៍ទី១៨។
«ពិតណាស់យើងចង់បាន Top 4 ហើយយើងចង់លេង Champions League នៅរដូវកាលក្រោយ។ ខ្ញុំមើលមិនឃើញថា ហេតុអ្វីយើងធ្វើមិនបាននោះទេ ប្រសិនបើយើងបន្តការលេងបែបនេះទៀតនោះ»។ Shaw ដែលជាប់ជម្រើស១១នាក់ដំបូងរបស់លោក Solskjaer អះអាងដូច្នេះ។
ខ្សែការពារសញ្ញជាតិអង់គ្លេស វ័យ២៣ឆ្នាំរូបនេះ បានបង្ហាញខ្លួន៩០នាទីពេញតែម្តងក្នុងជំនួបទល់នឹង Cardiff បន្ទាប់ពីមិនបានលេង៣ប្រកួតចុងក្រោយក្នុងការដឹកនាំរបស់លោក Mourinho។
Shaw បានរៀបរាប់ថារូបគេគឺជាកីឡាករម្នាក់ក្នុងចំនោមកីឡាករជាច្រើននាក់ទៀតដែលធ្លាក់ទម្រង់លេងអំឡុងពេលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់កាន់កាប់រយៈពេលជាង២ឆ្នាំមកនេះ។ ប៉ុន្តែយ៉ាងណា បន្ទាប់ពីមើលឃើញពីរបៀបដឹកនាំរបស់អ្នកចាត់ការសញ្ជាតិន័រវែស រូបគេជឿជាក់ថា Man Utd អាចដណ្តើមបានចំណាត់ថ្នាក់ Top 4 ក្នុងតារាង Premier League រដូវកាលនេះដើម្បីបានសិទ្ធិលេងក្នុងក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ បើទោះមានគម្លាតពិន្ទុច្រើនក៏ដោយ។
សម្រាប់ពានរង្វាន់ Champions League រដូវកាលនេះ ក្រុម Man United ដែលឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បានចាប់ឆ្នោតប៉ះក្រុមយក្សបារាំង Paris St-Germain៕
Tag:
បាល់ទាត់
Manchester United
Luke Shaw
© រក្សាសិទ្ធិដោយ thmeythmey.com