ជាតិ
នយោបាយជាតិ
ព្រឹទ្ធសភា ប្រជុំនៅថ្ងៃ២៥ធ្នូ ដើម្បីអនុម័តច្បាប់ ដែលផ្តល់ឱកាសឲ្យអតីតអ្នកប្រឆាំង
× ព្រឹទ្ធសភា បើកកិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីពិនិត្យនិងអនុម័តសំណើដែលសុំធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរសព្ទថា នៅពេលព្រឹទ្ធសភា ពិនិត្យនិងអនុម័តរួច សេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ លោក បន្ថែមថា ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តទាំងស្រុងដោយគ្មានជំទាស់អ្វីនោះ សេចក្តីស្នើច្បាប់ខាងលើ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។
សំណើដែលសុំឲ្យធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភា អនុម័តយល់ព្រម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។ គេដឹងថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង បានវិលមកកាន់ឆាកនយោបាយវិញ។
មាត្រា ៤៥ថ្មី (ស្ទួន) ចែងថា តុលាការកំពូល អាចរំលាយគណបក្សណាមួយបាន ហើយក៏អាចហាមថ្នាក់ដឹកនាំនៃគណបក្សនោះ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ប៉ុន្តែ ខ្លឹមសារថ្មី ដែលបញ្ចូលទៅក្នុងមាត្រា៤៥ថ្មី (ស្ទួន១) បានផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រី អាចថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ផ្តល់នីតិសម្បទា ដល់អ្នកដែលជាប់បម្រាម ហើយអនុញ្ញាតឲ្យពួកគេ ចូលធ្វើនយោបាយវិញ មុនកាលកំណត់របស់តុលាការកំពូល។
យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សកាន់អំណាច ប្រកាសថា ការកែប្រែច្បាប់នេះ ពុំមែនសំដៅទៅលើគណបក្សប្រឆាំងនោះទេ តែសំដៅជាទូទៅលើគ្រប់គណបក្សនៅកម្ពុជា។ ម្យ៉ាងទៀត ប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា មិនមែនច្បាប់នេះ ត្រូវបានកែប្រែរួចហើយ ថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សប្រឆាំង បានចូលធ្វើនយោបាយវិញទាំងអស់គ្នានោះទេ។
ប្រធានគណបក្សកាន់អំណាច សង្កត់ធ្ងន់ថា ប្រសិនបើចង់បានសិទ្ធិនយោបាយវិញ ពួកគេ ត្រូវធ្វើសំណើជាលក្ខណៈបុគ្គល ឬក៏ជាសំណើដែលមានគ្នាបួន-ប្រាំនាក់។
ពីក្រៅប្រទេស លោក សម រង្ស៊ី ប្រឹងផ្ញើសារជាច្រើនដង តាមបណ្តាញសង្គមផងនិងតាមសារព័ត៌មានផង ទៅកាន់ថ្នាក់ដឹកនាំទាំងនោះ ដើម្បីកុំឲ្យធ្វើសំណើសុំសិទ្ធិនយោបាយ ពីរដ្ឋាភិបាល។ លោក អំពាវនាវឲ្យរួមគ្នាបន្តទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន ហើយចាំគិតរឿងផ្សេងៗទៀតតាមក្រោយ។
មកដល់ពេលនេះ មានតែលោក គង់ គាំ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា ប៉ុណ្ណោះ ដែលប្រកាសថានឹងធ្វើសំណើ ដើម្បីសុំសិទ្ធិនយោបាយវិញ៕
Tag:
ច្បាប់នយោបាយ
ព្រឹទ្ធសភា
ម៉ម ប៊ុននាង
© រក្សាសិទ្ធិដោយ thmeythmey.com