អន្តរជាតិ
គ្រោះធម្មជាតិ​ធ្វើ​ឲ្យ​វៀតណាម​ខាតបង់​ប្រាក់​អស់​ជាង​៨០០​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​
24, Dec 2018 , 10:39 pm        
រូបភាព
ដោយ:
​គ្រោះធម្មជាតិ​នៅ​វៀតណាម បាន​បណ្តាល​ឲ្យ​មនុស្ស​២១៨​នាក់​បាត់​បង់ជីវិត និង​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​សរុប​ប្រមាណ ៨៦០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​វៀតណាម កាលពី​ចុង​សប្តាហ៍​មុន​។

 
​ទិន្នន័យ​មកពី​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​វៀតណាម​បាន​បង្ហាញថា គ្រោះធម្មជាតិ​បានសម្លាប់​មនុស្ស​ប្រមាណ ៣៨៦​នាក់ និង​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ជិត ២,៥៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។ រីឯ​ក្នុង​ឆ្នាំ​២០១៦​វិញ មនុស្ស​ចំនួន ២៦៤​នាក់​បាន​បាត់​បង់ជីវិត និង​ប្រាក់​ប្រមាណ​១,៧២​ពាន់​លាន​ដុល្លារ​ក្នុង​បញ្ហា​គ្រោះធម្មជាតិ​ក្នុងប្រទេស​វៀតណាម​។ 
 
​ទោះបីជា​ចំនួន​អ្នកស្លាប់​​និង​ការខូចខាត​មាន​កម្រិត​ទាប​ជាង បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៦​ក្តី ក៏​គ្រោះធម្មជាតិ​បាន​បង្ក​ជាការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ លើ​ប្រទេស​វៀតណាម​ក្នុងឆ្នាំនេះ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​វៀតណាម Vietnam News ​អនុប្រធាន​គណៈកម្មាធិកា​រ​នៃ​មន្ទីរ​គ្រប់គ្រង​គ្រោះធម្មជាតិ​វៀតណាម លោក Nguyễn Trường Sơn បានលើកឡើង​កាល​ថ្ងៃ​សុក្រ​ទី​២១ ខែធ្នូ​ថា គ្រោះធម្មជាតិ​ជាច្រើន​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១៨​នេះ ក្នុងនោះ​រួមមាន ព្យុះ​ទី​ហ្វុ​ង​ចំនួន ១៣​លើក​, ទឹកជំនន់​ចំនួន ១៣​លើក​, រលក​កម្តៅ​ចំនួន ១១​លើក និង​អាកាសធាតុ​ត្រជាក់​ខ្លាំង​ចំនួន​៤​លើក​ជាដើម​៕
 

Tag:
 វៀតណាម​
  គ្រោះធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com