តើលោកអ្នកអាចស្រម៉ៃឃើញទេនៅពេលដែលមានតាក់ស៊ីពីលើអាកាសដែលអាចដឹកអ្នកឆ្លងកាត់ចរាចរដ៏មមាញឹកពីកន្លែងមួយទៅកន្លែងមួយទៀតយ៉ាងស្រួលនោះ? មានមតិមួយចំនួនយល់ថា នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួន តាក់ស៊ីលើអាកាសនឹងក្លាយជាផ្នែកមួយនៃមធ្យោបាយធ្វើដំណើរដ៏សាមញ្ញ របស់មនុស្សម្នានៅក្នុងទីប្រជុំជនក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។
បើតាមការបញ្ជាក់របស់ទូទស្សន៍សិង្ហបុរី Channel News Asia ដើមខែធ្នូកន្លងទៅ ក្នុងឆ្នាំ២០៥០ ប្រមាណជា ៦៨ភាគរយនៃចំនួនប្រជាជនសរុបរបស់ពិភពលោកនឹងរស់នៅក្នុងទីក្រុងឬទីប្រជុំជនចង្អៀតនានា។ ។ សព្វថ្ងៃនេះ ចំនួនប្រជាជនសរុបដែលរស់នៅក្នុងទីប្រជុំជនមានចំនួន៥៥ភាគរយរួចជាស្រេចទៅហើយ។ ៦៥ភាគរយនេះគឺ វាស្មើនឹងប្រជាជនប្រមាណ២.៥ពាន់លាននាក់បន្ថែមទៀតដែលនឹងមកធ្វើការរស់នៅក្នុងទីក្រុង។
កំណើតប្រជាជនបែបនេះ វានឹងបង្កើតបញ្ហាច្រើន។ បញ្ហាអាចកើតឡើងជាប្រចាំមានដូចជាការស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ នៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស អ្នកធ្វើដំណើរជាមធ្យមខាតបង់ពេលវេលាប្រមាណ ៧២ម៉ោងទៅលើការស្ទះចរាចរណ៍ក្នុងមួយឆ្នាំៗ។
ហេតុដូចនេះទើបក្រុមហ៊ុនដែលមានគំនិតក្នុងការផលិតបច្ចេកវិទ្យាទំនើបមកពីប្រទេសជាច្រើនក្នុងឆាកអន្តរជាតិបានរិះរកគំនិតក្នុងការប្រើប្រាស់លំហអាកាលតាមទីក្រុងដែលមមាញឹកដើម្បីជួយដោះស្រាយបញ្ហាចរាចរណ៍។
បច្ចុប្បន្នមានក្រុមហ៊ុនជាង ១២០ កំពុងដាក់គោលដៅប្រវត្តិថ្មីក្នុងការអភិវឌ្ឍមធ្យោបាយធ្វើដំណើរ។ គោលដៅរបស់ពួកគេគឺការផលិត និងឈានទៅដាក់ឲ្យដំណើរការយានយន្ត Electric Vertical Take Off and Landing (EVTOL) ឬអាចហៅជាភាសាខ្មែរថា យានយន្តដែលហោះហើរ និងចុះចតដោយទិសដៅកែងនឹងផ្ទៃដី ស្រដៀងនឹងឧទ្ធមា្ភគចក្រដែរ។
ប៉ុន្តែយានទាំងអស់នេះក៏ត្រូវមានតម្លៃសមរម្យក្នុងការប្រើប្រាស់ ងាយស្រួល ធានានូវសុវត្ថិភាព និងទាក់ទាញចំណាប់អារម្មណ៍អ្នកដំណើរ។ ក្រុមហ៊ុនយក្សធំៗមួយចំនួនមានដូចជា Uber, Boeing និង Airbus ក៏កំពុងរៀបចំខ្លួនក្នុងការសម្រេចចក្ខុវិស័យនេះមួយដែរ។
ប៉ុន្តែឧបសគ្គសំខាន់ៗមួយចំនួនក៏ចាំបាច់ត្រូវដោះស្រាយ និងអភិវឌ្ឍដែរ។ បញ្ហានោះមានដូចជាការផលិតនូវសារធាតុថ្មីដែលមានលក្ខណៈស្រាលតែស្វិត និងធន់ និងការផលិតម៉ូទ័រដែលមានរូបរាងតូច ស៊ីថាមពលតិច តែបញ្ចេញកម្លាំងខ្លាំង។
វាមិនមែនជារឿងចម្លែកនោះទេនៅពេលដែលបច្ចេកវិទ្យាទាំងនេះមានតម្លៃថ្លៃក្នុងពេលដំបូង។ កាលពីដើមសតវត្សទី២០ ការហោះហើរលើយន្តហោះគឺ ធ្វើឡើងសម្រាប់តែអ្នកមានលុយច្រើនប៉ុណ្ណោះ។ តែសព្វថ្ងែជើងយន្តហោះជាសេវាកម្មមួយដែលមនុស្សសឹងតែគ្រប់គ្នាអាចទទួលយកបាន៕