ជាតិ
រថយន្ត
សេដ្ឋកិច្ច
អ្នក​បររទេះ​ទេសចរណ៍​នៅ​ភ្នំ​បាក់​មួយថ្ងៃ​រកចំណូលបាន​ជិត​១០​ម៉ឺន​រៀល​
24, Dec 2018 , 11:39 pm        
រូបភាព
​កំពត​៖ មុខរបរ​ដឹក​ភ្ញៀវ​ទេសចរតាម​រទេះសេះ​នៅ​ភ្នំ​បាក់ ឬ​ហៅថា​ភ្នំ​កំពង់ត្រាច អាច​រកចំណូលបាន​ក្នុង​មួយថ្ងៃ​ប្រមាណ​ពី​៨​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល​។ ការ​ជិះ​កម្សាន្ត​តាម​រទេះសេះ​មើល​ភ្នំ​និង​វាលស្រែ មាន​ពីរ​ផ្លូវ​គឺ​ចម្ងាយ​៣០០​ម៉ែត្រ និង​ចម្ងាយ​៤​គីឡូម៉ែត្រ​។


 
​ទៅដល់​ភ្នំ​បាក់​ដែល​ពី​ដើម​អ្នកស្រុក​ហៅថា​ភ្នំ​កំពង់ត្រាច​នោះ គេ​មិន​ត្រឹមតែ​ទៅ​មើល​រូងភ្នំ ដ៏​ស្រស់ស្អាត ដែលមាន​ផ្លូវ​បត់បែន​ជ្រៀត​តាម​ផ្ទាំង​ថ្ម​នោះឡើយ តែ​ភ្ញៀវទេសចរ​ថែមទាំង​អាច​ជិះរទេះ​សេះ មើល​សម្រស់​ដ៏​ស្រស់ត្រកាល​ជុំវិញ​ភ្នំ និង​វាលស្រែ​ខៀវស្រងាត់​ថែមទៀត​ផង​។ 
 
​បើ​គេ​ចង់​ជិះរទេះ​សេះ នោះគេ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តាម​រូងភ្នំ រហូតដល់​ខាងក្រោយ​ភ្នំ នោះ​ទើប​គេ​អាច​ជិះ​បាន​។ ចំណែក​តម្លៃ​វិញ បើ​ជិះ​ចម្ងាយ​៣០០​ម៉ែត្រ ពី​ទីតាំង​ខាងក្រោយ​ភ្នំ​មក​ខាងមុខ​ភ្នំ ដែលជា​ទីតាំង​ដាក់​ឡា​នព ថ្លៃ​២,០០០​រៀល គេ​អាច​មើល​សម្រស់​ចម្រេះភ្នំ ដែល​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​ពណ៌​បៃតង​ស្រស់ និង​វាយ​ស្រែ​ខៀវស្រងាត់​តាមផ្លូវ​ធ្វើដំណើរ​។ បើ​គេ​ជិះ​រទេះសេះ​ចម្ងាយ​៤​គីឡូម៉ែត្រ ពី​ទីតាំង​ខាងក្រោយ​ភ្នំ មក​ខាងមុខ​ភ្នំ​ដូចគ្នា មានតម្លៃ​៨,០០០​រៀល ហើយ​គេ​អាច​ឃើញ​ទាំង​សម្រស់​ភ្នំ វាលស្រែ ផ្លូវ​រថភ្លើង និង​អាងទឹក​ទៀតផង​។​


 
​លោក ឌឹ​ម លីម អាយុ ១៨​ឆ្នាំ គឺជា​អ្នកបញ្ជា​រទេះសេះ​ដែលមាន​បទពិសោធ​៥​ឆ្នាំ​។ បុរស​ម្នាក់នេះ​អាច​រកចំណូលបាន​ប្រមាណ​ពី​៨០,០០០​រៀល ទៅ​១០០,០០០​រៀល ក្នុង​មួយថ្ងៃ​ពី​របរ​រត់​រទេះសេះ​នេះ​។ លោក លីម បញ្ជាក់ថា ចំណូល​បាន​មិន​ទៀងទាត់​ឡើង អាស្រ័យ​លើ​មាន​ភ្ញៀវទេសចរ​ច្រើន​ឬ​តិច​។ ជាធម្មតា​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ រួមទាំង​ថ្ងៃ​បុណ្យទាន​ផង គឺជា​ពេលដែល​លោក ឌឹ​ម លីម អាច​រកចំណូលបាន​ច្រើន​គួរសម​។ «​បាន​មិន​ទៀង​ដែរ​ហ្នឹង ថ្ងៃ​ខ្លះ​ក៏បាន​ច្រើន ថ្ងៃ​ខ្លះ​ក៏​មិនសូវ​បាន​។ បានតែ​ថ្ងៃ​សៅរ៍​អាទិត្យ​ដែរ​ហ្នឹង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក លីម​។​
 
​ក្រោយពីរ​ករបរ​ដឹក​ភ្ញៀវ​តាម​រទេះសេះ ដែល​ត្រូវ​រត់​ពី​ម៉ោង​ប្រមាណ​៩​ព្រឹក ដល់​ម៉ោង​ប្រមាណ ៥​ល្ងាច លោក លីម អះអាងថា​ជីវភាព​គ្រួ​សារបាន​ប្រសើរ​ជាង​មុន​ខ្លះ​ដែរ​។ ក្នុង​រទេះសេះ​តូច​ល្មម​របស់លោក ឌឹ​ម លីម អាចដាក់​ភ្ញៀវ​បាន​ពី​៧​ទៅ​៨​នាក់ ហើយ​តម្លៃ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ បុរស​ខ្ពស់ស្រឡះ​រូបនេះ​យក​ថ្លៃ​ដូចគ្នា​។ លោក​បញ្ជាក់ ៖« ជីវភាព​បាន​ធូរធារ​ជាង​មុន​។ ដឹក​ភ្ញៀវ​បរទេស​និង​ភ្ញៀវ​ខ្មែរ​យក​តម្លៃ​ដូចគ្នា ហើយ​ភ្ញៀវ​បរទេស​ជិះ​ច្រើនជាង​ភ្ញៀវ​ខ្មែរ​»​។​


 
​នៅ​រមណីយដ្ឋាន​ភ្នំ​បាក់ ឬ​ភ្នំ​កំពង់ត្រាច មាន​កន្លែង​កម្សាន្ត​ដូចជា ចូល​មើលរូប​ភ្នំ​ដែលមាន​ផ្លូវ​បត់បែន​តាម​ផ្ទាំង​ថ្ម​ដ៏​ស្រស់ស្អាត មើល​ចម្រេះភ្នំ​ដែលមាន​ដើមឈើ​និង​វល្លិ​ដុះ​លាយឡំ​គ្នា  មើល​ស្រះ​ទឹក​ដែល​ជីក​កាលពី​សម័យ​អាណានិគមនិយម​បារាំង មើលផ្លូវ​រថភ្លើង មើល​ល្អាង​ទឹក និង​ចូល​លេង​ក្នុង​វត្ត​គិរី​សិលា​ជាដើម​។ ក្រៅពី​កន្លែង​កម្សាន្ត នៅ​ភ្នំ​បាក់​ក៏មាន​រូប​បដិមា ព្រះពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន រូបសំណាក​ឥសី​ជប់ រូបសំណាក​យាយ​ម៉ៅ និង​មាន​រូបសំណាក​ជាច្រើន​ទៀត ដែល​គេ​ជឿថា​ស័ក្ដិសិទ្ធិ​៕
 




 

Tag:
 កំពត​
  រទេះសេះ​
  ភ្នំ​បាក់​
  ភ្នំ​កំពង់ត្រាច​
  ទេសចរណ៍​
 
© រក្សាសិទ្ធិដោយ thmeythmey.com