ពីនេះ ពីនោះ
ហេតុអ្វី អ្នកខ្លះ​ហៅថា «Noel» ហើយ​ខ្លះទៀត​ហៅថា «Christmas»?
25, Dec 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ដែល​ចេះ​និយាយ​ភាសា​បារាំង ប្រាកដជា​ស្គាល់​ពាក្យ​ថា ណូអែល «Noel»​។ ចំណែក​អ្នក​ដែល​ចេះ​ប្រើ​ភាសា​អង់គ្លេស ក៏​ប្រាកដជា​ស្គាល់​ពាក្យ​ថា «Christmas» ដែរ​។ 
«Noel» ជា​ភាសា​ដើម​របស់​បារាំង ដែល​ពលរដ្ឋ​បារាំង​គ្រប់គ្នា តែង​ច្រៀង​បទ «The first Noel» ដែល​មានន័យថា រីករាយ​ថ្ងៃបុណ្យ​ណូអែល​។ ក្រៅពី​ច្រៀង​ចម្រៀង​ណូអែល ពួកគេ​រៀបចំផ្ទះ​សម្តែង តុបតែង​ដើមឈើ​អម​ជាមួយ​អំណោយ​ផ្សេងៗ​ផងដែរ​។


 
​សម្រាប់​ពាក្យ «Christmas» ជា​ពាក្យ​ដើម​មកពី​ភាសា​អង់គ្លេស​បុរាណ​ថា Christes Maesse ឬ Christ’s Mass ដែល​មានន័យថា ពិធី​អបអរសាទរ​ជួបជុំគ្នា​រវាង​អ្នក​គោរព​សាសនា​គ្រិស្ត​។ ប្រជាពលរដ្ឋ​អាមេរិក និង​អង់គ្លេស ចាត់ទុក​បុណ្យ «Christmas» នេះ ជា​ថ្ងៃ​ដែល​លោកតា Santa Claus ផ្តល់​ជា​អំណោយ និង​ជា​ថ្ងៃ​ដែល​គេ​ជួបជុំ​ឲ្យ​អំណោយ​គ្នា​ទៅវិញទៅមក ច្រៀង​លេង​កម្សាន្ត ជួន​ពរ​គ្នា​ទៅវិញទៅមក ឬ​ការ​បួងសួង ជាដើម​។ ពូកគេ ជឿជាក់ថា ការ​បួងសួង​របស់​ពួកគេ​នឹង​បាន​ទៅដល់​លោកតា Santa Claus នៅពេល​គេ​បោះ​សំបុត្រ​ចូលក្នុង​ភ្នក់ភ្លើង​។ សម្រាប់​ប្រទេស​អង់គ្លេស ក៏​មានជំនឿថា នៅពេល​គេ​យក​ស្រោមជើង​ទៅ​ព្យួរ​នៅ​ដើមឈើ​នៅក្រោម​បំពុង​បង្ហុយផ្សែង ដើម្បី​ទទួលបាន​ប្រាក់​មាស​ពី​លោកតា Santa Claus​។ ចំណែក ការព្យួរ​ស្លឹក​ដើមឈើ នៅ​ជុំវិញ​ដើមឈើ គេ​រំលឹក​ដល់​រដូវ​ធ្លាក់​ទឹកកក និង​រំលឹក​ដល់​ថ្ងៃ​ផ្កា​រីក​ដែល​ជិត​មកដល់​ឆាប់ៗ​របស់​ប្រទេស​អង់គ្លេស​។ 


 
​ជារួម ពាក្យ​ថា «Noel» ឬ «Christmas» ឬ​ម្យ៉ាងទៀត «X’ mas» ត្រូវបាន​គេ​កំណត់ថា​ជា​ថ្ងៃ​ដែល​រំលឹក​ដល់​ព្រះ​យេស៊ូ​ដែល​បានប្រសូត​នៅ​ភពផែនដី​នៅ​ថ្ងៃទី​២៥ ខែ​ឆ្នូ​។ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​ហៅថា បុណ្យ​ព្រះ​យេស៊ូ​ប្រសូត​នោះទេ​។ សម្រាប់​ពលរដ្ឋ​ខ្មែរ​ហៅថា​បុណ្យ​ណូអែល «Noel» ហើយ​មួយរយៈ​ចុងក្រោយ​នេះ ហៅថា​បុណ្យ​គ្រី​ស្មាស់ «Christmas»​។ 
 
​បច្ចុប្បន្ន មិនមែន​មានតែ​ប្រជាជន​ដែល​កាន់សាសនា​គ្រិស្ត​នោះទេ ដែល​ប្រារព្ធ​ពិធី​នេះ សូម្បីតែ​ប្រទេស ដែល​មិន​គោរព​សាសនា​គ្រិស្ត ក៏​ចូលរួម​ប្រារព្ធ​ពិធី​នេះ​ផងដែរ​។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ផុសផុល​ផងដែរ ដោយ​ពួកគេ តែង​រៀបចំ​អំណោយ​ជូន​គ្នា​ទៅវិញទៅមក ឬ​ការចែក​ស្ករ​គ្រាប់​គ្នា​ទៅវិញទៅមក​។ ចំណែកឯ នៅតាម​ស្ថាប័ន ក្រុមហ៊ុន ឬ​ផ្ទះ​ខ្លះ ក៏​ដាក់​បង្ហាញ​ដើម «Christmas» ដែលមាន​ភ្លើង​ភ្លឺ​ផ្លេក និង​ប្រអប់​អំណោយ​យ៉ាង​ស្រស់ស្អាត​ផងដែរ​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com