ពីនេះ ពីនោះ
ហេតុអ្វី អ្នកខ្លះហៅថា «Noel» ហើយខ្លះទៀតហៅថា «Christmas»?
× អ្នកដែលចេះនិយាយភាសាបារាំង ប្រាកដជាស្គាល់ពាក្យថា ណូអែល «Noel»។ ចំណែកអ្នកដែលចេះប្រើភាសាអង់គ្លេស ក៏ប្រាកដជាស្គាល់ពាក្យថា «Christmas» ដែរ។
«Noel» ជាភាសាដើមរបស់បារាំង ដែលពលរដ្ឋបារាំងគ្រប់គ្នា តែងច្រៀងបទ «The first Noel» ដែលមានន័យថា រីករាយថ្ងៃបុណ្យណូអែល។ ក្រៅពីច្រៀងចម្រៀងណូអែល ពួកគេរៀបចំផ្ទះសម្តែង តុបតែងដើមឈើអមជាមួយអំណោយផ្សេងៗផងដែរ។
សម្រាប់ពាក្យ «Christmas» ជាពាក្យដើមមកពីភាសាអង់គ្លេសបុរាណថា Christes Maesse ឬ Christ’s Mass ដែលមានន័យថា ពិធីអបអរសាទរជួបជុំគ្នារវាងអ្នកគោរពសាសនាគ្រិស្ត។ ប្រជាពលរដ្ឋអាមេរិក និងអង់គ្លេស ចាត់ទុកបុណ្យ «Christmas» នេះ ជាថ្ងៃដែលលោកតា Santa Claus ផ្តល់ជាអំណោយ និងជាថ្ងៃដែលគេជួបជុំឲ្យអំណោយគ្នាទៅវិញទៅមក ច្រៀងលេងកម្សាន្ត ជួនពរគ្នាទៅវិញទៅមក ឬការបួងសួង ជាដើម។ ពូកគេ ជឿជាក់ថា ការបួងសួងរបស់ពួកគេនឹងបានទៅដល់លោកតា Santa Claus នៅពេលគេបោះសំបុត្រចូលក្នុងភ្នក់ភ្លើង។ សម្រាប់ប្រទេសអង់គ្លេស ក៏មានជំនឿថា នៅពេលគេយកស្រោមជើងទៅព្យួរនៅដើមឈើនៅក្រោមបំពុងបង្ហុយផ្សែង ដើម្បីទទួលបានប្រាក់មាសពីលោកតា Santa Claus។ ចំណែក ការព្យួរស្លឹកដើមឈើ នៅជុំវិញដើមឈើ គេរំលឹកដល់រដូវធ្លាក់ទឹកកក និងរំលឹកដល់ថ្ងៃផ្ការីកដែលជិតមកដល់ឆាប់ៗរបស់ប្រទេសអង់គ្លេស។
ជារួម ពាក្យថា «Noel» ឬ «Christmas» ឬម្យ៉ាងទៀត «X’ mas» ត្រូវបានគេកំណត់ថាជាថ្ងៃដែលរំលឹកដល់ព្រះយេស៊ូដែលបានប្រសូតនៅភពផែនដីនៅថ្ងៃទី២៥ ខែឆ្នូ។ ប៉ុន្តែពួកគេភាគច្រើនមិនហៅថា បុណ្យព្រះយេស៊ូប្រសូតនោះទេ។ សម្រាប់ពលរដ្ឋខ្មែរហៅថាបុណ្យណូអែល «Noel» ហើយមួយរយៈចុងក្រោយនេះ ហៅថាបុណ្យគ្រីស្មាស់ «Christmas»។
បច្ចុប្បន្ន មិនមែនមានតែប្រជាជនដែលកាន់សាសនាគ្រិស្តនោះទេ ដែលប្រារព្ធពិធីនេះ សូម្បីតែប្រទេស ដែលមិនគោរពសាសនាគ្រិស្ត ក៏ចូលរួមប្រារព្ធពិធីនេះផងដែរ។ ចំពោះប្រជាពលរដ្ឋខ្មែរ ក៏ប្រារព្ធពិធីនេះយ៉ាងផុសផុលផងដែរ ដោយពួកគេ តែងរៀបចំអំណោយជូនគ្នាទៅវិញទៅមក ឬការចែកស្ករគ្រាប់គ្នាទៅវិញទៅមក។ ចំណែកឯ នៅតាមស្ថាប័ន ក្រុមហ៊ុន ឬផ្ទះខ្លះ ក៏ដាក់បង្ហាញដើម «Christmas» ដែលមានភ្លើងភ្លឺផ្លេក និងប្រអប់អំណោយយ៉ាងស្រស់ស្អាតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com