កីឡាអន្តរជាតិ
អន្តរជាតិ
តើ Liverpool អាច​បន្ត​កំណត់ត្រា​មិន​ចាញ់​ក្នុង​លី​គ នៅ​ថ្ងៃ Boxing Day បានដែរ​ឬទេ​?
25, Dec 2018 , 7:39 am        
រូបភាព
Boxing Day ជា​ថ្ងៃ​សម្រាក​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល​មួយថ្ងៃ ពោលគឺ​ថ្ងៃទី ២៦ ខែ ធ្នូ​ដែល​គេ​និយម​ប្រារព្ធ​ឡើង​នៅ​ប្រទេស​លោកខាងលិច​។ ពិធី​ដ៏​រីករាយ​នេះ បាន​ក្លាយជា​ថ្ងៃ​ឈប់សម្រាក​ផងដែរ​សម្រាប់​ប្រទេស​មួយចំនួន ដោយយោង​ទៅតាម​ច្បាប់​ជាតិ និង​តំបន់​នានា​។ ប្រទេស​ទាំងនោះ​មានដូចជា ចក្រភព​អង់គ្លេស ហុងកុង អូស្ត្រាលី កាណាដា នូ​វេ​ល​សេ​ឡង់ និង​ប្រជាជាតិ Commonwealth មួយចំនួន​។​


 
​ករណី​ពិសេស​សម្រាប់​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង Boxing Day គឺជា​ថ្ងៃ​ដែលមាន​កម្មវិធី​ប្រកួត​កីឡា​ដ៏​មមាញឹក និង​សំខាន់បំផុត ពោលគឺ បាល់ទាត់ និង​បាល់ឱប​។ ការប្រកួត​ភាគច្រើន​តែងតែ​មានការ​រៀបចំ​ជំនួប​រវាង​ក្រុម​ដែល​ស្ថិតនៅក្នុង​ទីក្រុង ឬ​តំបន់​ដូចគ្នា ក្នុងទិសដៅ​ជៀសវៀង​កុំ​ឲ្យ​ក្រុម និង​អ្នកគាំទ្រ​របស់​ពួកគេ​ដើរលេង​ភ្លេចខ្លួន​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល​។​
 
Boxing Day ជា​ថ្ងៃ​ពិសេស សម្រាប់​ប្រជាជន​នៅ​អង់គ្លេស ប៉ុន្តែ​ការប្រកួត​កីឡាបាល់ទាត់​នៅ​អង់គ្លេស​គ្រប់​លី​គ​ទាំងអស់​មិនបាន​សម្រាក​ទេ ដោយ​តម្រូវ​ឲ្យ​ពួកគេ​មានការ​ប្រកួត​ចំ​ថ្ងៃនោះ​តែម្តង​។ 
 
​ក្នុង​ក្របខណ្ឌ Premier League នឹងមាន​ការប្រកួតរ​ហូត​ដល់​៩​គូ នៅ​យប់​ថ្ងៃ Boxing Day នេះ​តែម្តង​។ Fulham នឹងត្រូវ​ស្វាគមន៍ Wolverhampton នៅ​ម៉ោង​៧:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​] ខណៈ​៨​គូ​ទៀត​លេង​នៅ​ម៉ោង​បន្តបន្ទាប់​។​


 
Newcastle United ដែល​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Anfeld ដើម្បី​តទល់​ជាមួយ​ក្រុម​មិនទាន់​ស្គាល់​ចាញ់ Liverpool (​ម៉ោង​១០:០០​នាទី​យប់​) ជា​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។ Leicester City ទទួលភ្ញៀវ Manchester City ហើយ Manchester United ប៉ះ Huddersfield Town រីឯ Tottenham Hotspur ទទួល AFC Bournemouth និង​ជំនួប​ផ្សេងទៀត​។ 
 
​ដោយឡែក​ការ​ប្រជែង​គ្នា​នៅ​ក្របខណ្ឌ​ទី​ពីរ​អង់គ្លេស Championship ក៏មាន​ការប្រកួត​ចំនួន ១២​គូ​ផងដែរ​នៅ​ថ្ងៃ Boxing Day នេះ​។ ក្រុម​កំពុង​ឈរ​កំពូល​តារាង Leeds United  ដែល​រំពឹងថា​នឹង​ឡើងទៅ​កាន់​លី​គ​កំពូល​នៅ​រដូវ​កាល​ក្រោយ​ត្រូវ​ទទួល​ស្វាគមន៍ Blackburn Rovers ហើយ​១១​គូ​ទៀត​ត្រូវ​លេង​នៅ​ម៉ោង ១០:០០​នាទី​ដំណាលគ្នា​៕

Tag:
 បាល់ទាត់​
  Boxing Day
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com