ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោងដាក់វិមាននយោបាយឈ្នះ-ឈ្នះ ចូលទៅក្នុងកម្មវិធីសិក្សា
×
ក្រសួងអប់រំ យុវជន និង កីឡា អាចនឹងដាក់វិមាននយោបាយឈ្នះ-ឈ្នះ ចូលទៅក្នុងកម្មវិធីសិក្សានាពេលខាងមុខ។ នេះជាការអះអាងរបស់នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបទេសនៃក្រសួងការពារជាតិ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៨។
ទូរទស្សន៍បាយ័ន បានស្រង់សម្តីរបស់លោក ណឹម សុវត្ថិ ដែលថ្លែងក្នុងសន្និសីទនោះ ទៅចុះផ្សាយថា វិមាននយោបាយឈ្នះ-ឈ្នះ ប្រៀបដូចជា មជ្ឈមណ្ឌលមួយ ដែលផ្ទុកឯកសាររបស់ជាតិទាំងមូល។ បើតាមប្រភពនេះដដែល លោក ណឹម សុវត្ថិ បានលើកឡើងថា វិមាននយោបាយឈ្នះ-ឈ្នះ គឺតំណាងឲ្យវីរភាពរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើឲ្យប្រទេស មានសុខសន្តិភាព និងការអភិវឌ្ឍ។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា បច្ចុប្បន្ន គម្រោងនៃការដាក់វិមាននេះ ចូលទៅក្នុងកម្មវិធីសិក្សា កំពុងស្ថិតក្នុងការពិនិត្យ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«វិមាននយោបាយឈ្នះ-ឈ្នះ មានតម្លៃជាប្រវត្តិសាស្ត្រ ដែលត្រូវចងចាំនិងសិក្សារៀនសូត្រ»។
យ៉ាងណាក៏ដោយ ទាក់ទងនឹងការបញ្ចូលវិមាននេះ ទៅក្នុងកម្មវិធីសិក្សា អ្នកនាំពាក្យក្រសួងអប់រំខាងលើ អះអាងថា ពុំទាន់មានគោលការណ៍ច្បាស់លាស់នោះទេ។ ហើយម្យ៉ាងទៀត លោក ក៏ពុំទាន់អាចបញ្ជាក់បានដែរថា មេរៀនអំពីវិមាននេះ នឹងត្រូវបញ្ចូលទៅថ្នាក់ទីប៉ុន្មានឬកម្រិតណា។
សូមបញ្ជាក់ថា រដ្ឋាភិបាល ចំណាយពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរៀបចំពិធីបុណ្យនិងសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះ។ ការរៀបចំពិធីបុណ្យនេះ គឺដំណាលគ្នាទៅនឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមទាំងអស់ស្រុកនៅកម្ពុជា កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨៕
Tag:
វិមាននយោបាយឈ្នះ-ឈ្នះ
ឌី ខាំបូលី
ណឹម សុវត្ថិ
© រក្សាសិទ្ធិដោយ thmeythmey.com