ជាតិ
សង្គមជាតិ
បុណ្យ​ណូអែល​ឆ្នាំនេះ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​ខ្លះ ត្អូញ​ថា មិនសូវ​ដាច់​ដូច​ឆ្នាំមុនៗ​
25, Dec 2018 , 1:54 pm        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី​២៥​ធ្នូ គឺជា​បុណ្យ​ប្រជាប្រិយ​មួយ​ប្រភេទ​បែប​គ្រិស្តសាសនា ដែល​គេ​ឲ្យ​ឈ្មោះថា «​បុណ្យ​ណូអែល​» ដែល​បាននិងកំពុង​មាន​វត្ត​មាននៅ​កម្ពុជា​។ មុន​១​ថ្ងៃ ឬ​២-៣​ថ្ងៃ​នៃ​បុណ្យ​នេះ អាជីវករ​មួយចំនួន តែងតែ​យក​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ដាក់លក់​នៅតាម​ដងផ្លូវ​នានា និង​មុខ​សាលារៀន​ជាដើម​។ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ បាន​លើកឡើងថា បុណ្យ​ណូអែល​ឆ្នាំនេះ គឺ​លក់​មិនសូវ​ដាច់​ទេ ដោយ​ចំនួន​អ្នកទិញ​មានការ​ថយចុះ​ជាង​ពាក់កណ្តាល បើ​ធៀប​ទៅនឹង​ឆ្នាំមុនៗ​។

 
​អ្នកស្រី ឡាយ ពៅ ជា​អ្នកលក់​សម្ភារៈ​សិក្សា​មួយកន្លែង​នៅមុខ​វិទ្យាល័យ​ទួល​ទំពូង អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកស្រី តែងតែ​ឆ្លៀត​លក់​វត្ថុ​អនុស្សាវរីយ៍​នានា សម្រាប់​ថ្ងៃបុណ្យ​ណូអែល ជា​រៀងរាល់ឆ្នាំ​។ ស្រី្ត​វ័យ​៦០​ឆ្នាំ​រូបនេះ បាន​និយាយថា វត្ថុ​អនុស្សាវរីយ៍​បុណ្យ​ណូអែល​ឆ្នាំនេះ លក់​មិនសូវ​ជា​ដាច់​ទេ ពិសេស​ក្មេងៗ និង​យុវជន មិន​ចាប់អារម្មណ៍​មក​ទិញ​ច្រើន ដូច​ឆ្នាំ​កន្លងទៅ​ឡើយ​។ 


 
​អ្នកស្រី មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖«​ភាគច្រើន​សិស្សសាលា ដែល​បានមក​ទិញ​កាដូ ឬ​វត្ថុ​អនុស្សាវរីយ៍​ពី​កន្លែង​ខ្ញុំ​បាន​ថយចុះ​ប្រហែល​៧០​ភាគរយ គឺ​ខ្សោយ​ខ្លាំងណាស់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ រក​ទំនេរ​ដៃ​គ្មាន និង​សឹង​គ្មាន​ពេល​ហូបបាយ​ផង​»​។ 
 
​យ៉ាងណា ស្ត្រី​អ្នកលក់ដូរ​រូបនេះ មិនបាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ធា្ល​ក់​ចុះ​ចំនួន​អ្នកទិញ​នោះទេ​។ អ្នកស្រី គ្រាន់តែ​លើកឡើងថា យុ​វ័យ មិនសូវ​លេង​ច្រើន​ដូច​ឆ្នាំមុនៗ​ឡើយ​។ វត្ថុ​អនុស្សាវរីយ៍ ដែល​អ្នកស្រី​កំពុង​លក់​ក្នុង​ថ្ងៃបុណ្យ​អូ​ណែ​ល មាន​តុក្កតា​តូចៗ សម្លៀកបំពាក់​ណូអែល និង​មាន​ការទទួល​ខ្ចប់​ជា​អំណោយ (​កាដូ​) ផងដែរ​។ 


 
​ដោយឡែក លោក ឡាំង ឡេង  ដែល​កំពុង​អង្គុយ​លក់​តុក្កតា នៅ​ទល់មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ក៏​ជួប​ស្ថាន​ភាពមិន​ខុសពី​ស្ត្រី​ខាងលើ​ដែរ​។ តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ បុរស​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​និយាយថា​៖«​បុណ្យ​ណូអែល​ឆ្នាំនេះ  បាត់​អ្នកទិញ​ជាង​ពាក់កណ្តាល និង​មាន​ស្ថានភាព​ស្ងប់​សា្ង​ត់​ខ្លាំងណាស់​»​។   


 
​លោក ឡាំង ឡេង បាន​ប្រៀបធៀប​ការលក់​តុក្កតា​ទៅនឹង​ឆ្នាំ​មុខៗ​ថា រាល់​ឆ្នាំ​ឲ្យ​តែ​ជិត​ដល់​ថ្ងៃបុណ្យ​ណូអែល តុក្កតា​ដែល​បានដាក់​លក់​នៅមុខ​ផ្ទះ​និង​តាម​ទីកន្លែង​នានា គឺ​លក់ដាច់​បាន​ហូរហែ មាន​អ្នកទិញ​ជា​បន្តបន្ទាប់​។ លោក បន្ថែមថា រាល់​ឆ្នាំ លោក​អាច​រកប្រាក់​ចំណេញ​បានជា​មធ្យម​៥០០​ដុល្លារ  ក្នុងពេល​មួយ​សប្តាហ៍​នៃ​ការលក់​នេះ​។ 


 
​លោក ឡាំង ឡេង ដែលមាន​មុខរបរ​ជា​ប្រចាំ​ជា​អ្នកលក់​សម្លៀកបំពាក់​នៅ​មុខ​រោងចក្រ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ បាន​លក់​តុក្កតា សម្រាប់​ថ្ងៃបុណ្យ​ណូអែល​នេះ អស់​រយៈពេល​៩​ឆ្នាំ​មកហើយ​។ មានតែ​ឆ្នាំនេះ​ទេ ដែល​ស្ងាត់​អ្នកទិញ​។ បុណ្យ​ណូអែល​ឆ្នាំនេះ មើលទៅ មិនអាច​ទទួល​ប្រាក់ចំណេញ បាន​ដូច​ឆ្នាំមុនៗ​ទេ ព្រោះ​តម្លៃ​ជួល​ទីតាំង​លក់​ថ្លៃ ហើយ​លក់​មិន​ដាច់ ជាង​រាល់​ឆ្នាំ​ទៀត​»​។ 


 
១៨០​ដុល្លារ ជា​តម្លៃ​ទីតាំង ដែល​លោក ឡេង ជួល​ដាក់លក់​តុក្កតា ក្នុង​រយៈពេល​៣​ថ្ងៃ ហើយ​តុក្កតា​ដែល​លោក បាន​ដាក់លក់​មានតម្លៃ​ចាប់ពី ០.៧៥​ដុល្លារ រហូតដល់ ៧៥​ដុល្លារ​។    
​ទោះបីជា​លក់​មិនសូវ​ដាច់​ជាង​រាល់​ឆ្នាំ​ក៏ពិតមែន ក៏​អ្នកលក់​ទាំងពីរ​ខាងលើ មិនមាន​បំណង​នឹង​ឈប់​លក់​វត្ថុ​អនុស្សាវរីយ៍​ទាំងនេះ សម្រាប់​ថ្ងៃបុណ្យ​ណូអែល​ដែរ​។  ពួកគេ យល់ថា វា​ជា​មុខរបរ​ប្រចាំឆ្នាំ​ទៅហើយ និង​សង្ឃឹមថា ឆ្នាំក្រោយៗ នឹងមិន​ដូច​ឆ្នាំនេះ​ទេ​៕

Tag:
 ណូអែល​
© រក្សាសិទ្ធិដោយ thmeythmey.com