កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd រើ​ឥ​វ៉ាន់ Mourinho ចេញពី​ការិយាល័យ​ត្រឹម​៥​នាទី​ប៉ុណ្ណោះ​ក្រោយ​បញ្ចប់​តំណែង​
25, Dec 2018 , 2:16 pm        
រូបភាព
​ក្លិប Manchester United មិន​ចំណាយ​ពេលវេលា​យូរ​ឡើយ​ក្នុងការ​លុបចោល​ការចង​ចាំ​លោក Jose Mourinho ក្នុងនាម​អ្នកចាត់ការ​ទូទៅ​។ ពួកគេ​បាន​រើ​ឥ​វ៉ាន់​របស់ Mourinho ពី​ការិយាល័យ​ក្នុង​រយៈពេល​ត្រឹម​៥​នាទី​ប៉ុណ្ណោះ​នៅក្រោយពេល​បញ្ចប់​តំណែង​លោក​ពី​ទឹកដី Old Trafford​។​


 
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​អស់​ភារកិច្ច​ជាមួយ​ក្រុម​បិសាច​ក្រហម​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ចាប់ផ្តើម​រដូវ​កាល​ដ៏​អាក្រក់​បំផុត​នៅ​ក្របខណ្ឌ Premier League មិន​ធ្លាប់មាន​ពីមុនមក​។​
 
​ព័ត៌មាន​ផ្លូវការ​មួយ​បាន​បញ្ជាក់ថា Special One បានបង្ហាញ​ស្នាមញញឹម​ជាមួយនឹង​ការទទួលបាន​ប្រាក់​សំណង​៣០​លាន​ដុល្លារ​អាមេរិក​ពី​ក្លិប Man Utd នៅពេល​ចាក​ចេញពី​ទីលាន​ហ្វឹកហាត់ Carrington​។ 


 
​នៅពេល​នោះដែរ បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ហាក់ដូចជា​មានការ​ប្រញាប់​ប្រញាល់​ដើម្បី​កម្ចាត់ Mourinho ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ខណៈដែល​កាសែត The Sun បាន​រាយការណ៍​ថា​ការិយាល័យ​របស់​អ្នកចាត់ការ​វ័យ​៥៥​ឆ្នាំនេះ ត្រូវបាន​រុះរើ​ចេញ​ត្រឹម​រយៈពេល​៥​នាទី​ប៉ុណ្ណោះ​បន្ទាប់​លោក​ត្រូវ​បានបញ្ចប់​តំណែង​។​
 
​ទ្រព្យសម្បត្តិ ព្រមទាំង​ឥ​វែ​ឥ​វ៉ាន់​សំខាន់ៗ​ដូច​លិខិតឆ្លងដែន រូបថត​ជាដើម​របស់ Mourinho ក្នុង​ការិយាល័យ​នោះ ត្រូវបាន​ប្រមូល​ដាក់ចូល​ក្នុង​កេះ​ហើយ​ដឹក​តាម​ឡាន​ដឹកទំនិញ​។​


 
​មានការ​អះអាង​ទៀតថា មុន​ទទួលដំណឹង​ពី​ការបណ្តេញ​នេះ អតីត​អ្នកចាត់ការ Chelsea, Real Madrid និង Inter Milan បាន​ជួប​ផ្ទាល់​ជាមួយ​លោក Ed Woodward អនុប្រធាន​ប្រតិបត្តិ​របស់​ក្លិប Man Utd៕
 
 

Tag:
 បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com