កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Spurs យកជ័យ​ជម្នះ ២-៦ លើ Everton ធ្វើ​កាដូ​ឲ្យ​ភរិយា​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍ ២៦​ឆ្នាំ​
25, Dec 2018 , 8:39 pm        
រូបភាព
​លោក Mauricio Pochettino បាន​ឧទ្ទិស​ជ័យជម្នះ​ដែល Tottenham Hotspur ឈ្នះ Everton ៦​ទល់នឹង​២ ដើម្បី​នាំ​ក្រុម​បន្ត​ការ​ប្រជែង​ដណ្តើមពាន Premier League ទៅ​ឲ្យ​ប្រពន្ធ​របស់លោក​គឺ​អ្នកស្រី Karina សម្រាប់​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​គម្រប់ ២៦​ឆ្នាំ​។​


 
​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន ដែលជា​អ្នកចាត់ការ​ទូទៅ​របស់ Spurs បាន​ដឹកនាំ​ក្រុម​នេះ​ដេញតាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន ៦​ពិន្ទុ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​១៨​លើក មាន​៤២​ពិន្ទុ​។​
 
​ជា​រឿង​ចៃដន្យ​មួយ ដែល​ក្រុម Tottenham និង Everton បានបញ្ចប់​ទៅក្នុង​លទ្ធផល ២-៦ នា​ជំនួប​ក្នុង​លី​គ​សប្តាហ៍​ទី​១៨ ចំ​ថ្ងៃ​រៀបការ​រវាង​លោក Pochettino និង​ភរិយា​អ្នកស្រី Karina កាលពី​២៦​ឆ្នាំមុន​។​


លោក Mauricio Pochettino និងភរិយារបស់លោក អ្នកស្រី Karina
 
​នៅក្នុង​បទ​សម្ភាស​មួយ​ក្រោយ​ការប្រកួត​ចប់ Pochettino បាន​និយាយថា​៖«​បាទ​! លទ្ធផល​នេះ​វា​ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​ចង់​ផ្ញើ​ជ័យជម្នះ​នេះ រួមទាំង​សេចក្តីស្រឡាញ់​របស់ខ្ញុំ​ទាំងអស់​ទៅ​ឲ្យ​ភរិយា​ខ្ញុំ​»​។​
 
«២-៦! នេះ​គឺជា​កាដូ​! ដែល​មិនគួរ​ឲ្យ​ជឿ សម្រាប់​ប្រពន្ធ​ខ្ញុំ​នៅ​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​គម្រប់ ២៦​ឆ្នាំ​របស់​យើង​ទាំងពីរ​។ វា​ជាការ​ចៃដន្យ​មួយ ប៉ុន្តែ​ជួនកាល​វា​មិនមែនជា​រឿង​ចៃដន្យ​ទេ​»​។ អតីត​អ្នកចាត់ការ Southampton បន្ថែម​ដូច្នេះ​។​


 
​ក្រុម​មាន់​ខ្នាយ​មាស​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង Premier League បណ្តោះអាសន្ន ត្រូវ​ទទួលភ្ញៀវ AFC Bournemouth នា​ជំនួប Boxing day នៅ​យប់​ថ្ងៃទី​២៦ ខែធ្នូ វេលា​ម៉ោង ១០:០០​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។ Spurs ក៏​ស្ថិត​ក្នុងចំណោម​ក្រុម​ទាំង​៤​ពី​អង់គ្លេស​ដែល​បាន​ឆ្លងទៅ​កាន់ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ Champions League ដែរ ដោយ​ពួកគេ​ត្រូវ​ប៉ះ​ក្រុម​កំពុង​ឡើង​ជើង Borussia Dortmund៕

Tag:
 ​បាល់ទាត់​
  Tottenham Hotspur
  Mauricio Pochettino
© រក្សាសិទ្ធិដោយ thmeythmey.com