ជាតិ
សង្គមជាតិ
ក្រសួង​ដែនដី ប្តេជ្ញា​ចុះបញ្ជី​ដីធ្លី ឲ្យ​បាន​១០០​ភាគរយ នៅត្រឹម​ឆ្នាំ​២០២១
25, Dec 2018 , 10:19 pm        
រូបភាព
លោក ជា សុផារ៉ា ឡើងថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។ រូបពីក្រសួងដែនដី
លោក ជា សុផារ៉ា ឡើងថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។ រូបពីក្រសួងដែនដី
​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញ​ការប្តេជ្ញា​ថា នឹង​ចុះបញ្ជី​ដីធ្លី​ឲ្យ​បានសម្រេច​១០០​ភាគរយ នៅត្រឹម​ឆ្នាំ​២០២១ ក្នុង​ចំនួន​ក្បាលដី​ប្រមាណ​៧​លាន​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្រោយ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួង​រៀបចំ​ដែនដី កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​។



​សេចក្ដីប្រកាស​ព័ត៌មាន បានសរសេរថា ក្រសួង​ដែនដី នឹង​អនុវត្ត​ផែនការ​ចុះបញ្ជី​ដី​ឲ្យ​បាន​៨៣​ភាគរយ នៅ​ឆ្នាំ​២០១៩, ៩៤​ភាគរយ នៅ​ឆ្នាំ​២០២០ និង​ឈានទៅ​សម្រេច​ឲ្យ​បាន​១០០​ភាគរយ នៅ​ឆ្នាំ​២០២១ ក្នុង​ចំនួន​ក្បាលដី​សរុប​ប្រមាណ​៧​លាន​ក្បាលដី​។ 
 
​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ក្រសួង បានចេញ​បណ្ណ​កម្ម​សិ​ទ្ទិ​ដី​ជាង​៥​លាន​បណ្ណ ដែល​ស្មើនឹង ៧២​ភាគរយ នៃ​ក្បាលដី​ប្រមាណ​៧​លាន​នេះ​។ ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ សម្រេចបាន​ជាង ៤,៤ លាន​បណ្ណ និង​លក្ខណៈ​ដាច់​ដោយ​ដុំ សម្រេចបាន​ជាង​៦​សែន​បណ្ណ​។ 
 
​ក្រសួង បានបង្ហាញ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា ចាប់តាំងពី​ការអនុវត្ត​រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ ការចុះបញ្ជី​ដី​រដ្ឋ​បាន​ជាង​១,៦​ពាន់​បណ្ណ លើ​ទំហំ​ផ្ទៃដី​ជាង​៧,៣​សែន​ហិកតា​, ដីឯកជន​បាន​ជាង​៦​សែន​បណ្ណ (​មិន​បញ្ជាក់​ទំហំ​ដី​), និង​ដី​សហគមន៍​ជនជាតិដើម​បាន​ជិត​៧០០​បណ្ណ ដោយ​ក្នុងនោះ​មាន​២៤​សហគមន៍ ដែលមាន​ទំហំ​ដី​ជាង​២,២​លាន​ហិកតា​។ 
 
​ក្រសួង បានបង្ហាញ​ទៀតថា ចាប់តាំងពី​ការអនុវត្ត​រហូតដល់ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង បាន​ចុះបញ្ជី​សិទ្ធិ​ជួល​រយៈពេល​វែង​លើដីរ​ដ្ឋ​បាន​ជាង​៤០០​បណ្ណ ដែលមាន​ទំ​ហ​ដី​ជាង​៧​ម៉ឺន​ហិកតា និង​ចុះបញ្ជី​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច​បាន​ជាង​៣០០​បណ្ណ ដែលមាន​ទំហំ​ដី​ជាង​២​សែន​ហិកតា​៕

Tag:
 ក្រសួង​ដែនដី​
  កម្មសិទ្ធិ​ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com