ជាតិ
អាជ្ញាធរ​ជំរុញ​ឱ្យ​ពលរដ្ឋ​សម្អាត​បរិស្ថាន​ដើម្បី​រក្សា​ប្រភពទឹក​ដ៏​សំខាន់​នៅ​ភ្នំ​គូលែន​
26, Dec 2018 , 8:39 pm        
រូបភាព
​សៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប ជំ​រុញឱ្យ​ពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​និរន្តរភាព​វិស័យ​ទេសចរណ៍ និង​រក្សា​ប្រភពទឹក​នៅ​ភ្នំ​គូលែន​។ ការជំរុញ​ដូច្នេះ គឺ​ដោយសារ​អាជ្ញាធរ​សង្កេត​ឃើញថា រាល់​ពិធី​បុណ្យទាន ឬ​ថ្ងៃ​ឈប់សម្រាក​ម្ដងៗ ទេសចរ​តែង​សម្រុក​ទៅលេង​តំបន់ភ្នំ និង​ទឹក​ដ៏​ត្រជាក់ត្រជុំ​មួយ​នេះ ដែល​ប្រភពទឹក​ហូរ​ចេញពី​ជប់ កាត់​តាម​លិង្គ​មួយ​ពាន់ និង​ធ្លាក់​ដល់​ទឹកជ្រោះ​៣​ជាន់​។ ដ្បិតថា វិស័យ​ទេសចរណ៍​បាន​បង្កើតជា​មុខរបរ​ដល់​ប្រជាជន​ច្រើន​ក៏ពិតមែន តែ​ក្នុងនោះ​វា​ក៏បង្ក​ជា​បញ្ហា​បរិស្ថាន​ផងដែរ តាមរយៈ​ការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​។

 
​ពិធី​សម្អាត​បរិស្ថាន​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ភ្នំ​គូលែន នា​ថ្ងៃទី​២៥ ខែធ្នូ ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស ពលរដ្ឋ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ តាមរយៈ​ដើរ​រើស​សំរាម ដែល​ត្រូវបាន​គេ​បោះចោល​តាម​ព្រៃរបោះ​នៅ​តំបន់​ជុំវិញ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ទី​ដែល​សម្បូរ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើនជាងគេ​។ មេឃុំ​ខ្នងភ្នំ លោក ឈឿ​ម តាំង បានឱ្យដឹងថា សកម្មភាព​សម្អាត​បរិ​ស្ថាន​នៅ​ភ្នំ​គូលែន តែង​ធ្វើជា​ហូរហែ និង​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​វិស័យ​ឯកជន​ផង​។​


 
​តាម​លោក​មេឃុំ​ខ្នងភ្នំ កន្លងមក​ការ​ទុកដាក់​សំរាម​របស់​អ្នកភូមិ ក៏ដូចជា​អ្នកលក់ដូរ មិនទាន់បាន​ល្អប្រសើរ​ឡើយ ច​តួច​ប៉ុណ្ណោះ​។ លោក​បន្ថែមថា អាជ្ញាធរ​តែង​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ពី​បញ្ហា​បរិស្ថាន ទាំង​នៅតាម​ភូមិ និង​នៅ​សាលារៀន ដោយ​សុំឱ្យ​ពួកគេ​ធ្វើយ៉ាងណា​វេច​ខ្ចប់ និង​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ មិនឱ្យ​បោះចោល​ពាសវាល​ពាសកាល​ឡើយ​។ មេឃុំ​ខ្នងភ្នំ ពន្យល់ថា ការគ្រប់គ្រង​បរិស្ថាន គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​នៅ​ភ្នំ​គូលែន ដើម្បី​រក្សា​ប្រភពទឹក​នៅ​តំបន់​នេះ​ឱ្យនៅ​ល្អ មិន​ដូច្នោះ​ទេ វា​នឹង​ធ្វើឱ្យ​ទឹក​ប្រែជា​ពណ៌​ក្រហម និង​មាន​រោគ​រមាស់ បង្ក​ជា​មេរោគ​ផ្សេងៗ​។​


 
​ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ស៊ុន គង់ បានឱ្យដឹង​ដែរ​ថា ក្រសួងបរិស្ថាន​ក៏ដូចជា​មន្ទីរ តែងមាន​ផែនការ កម្មវិធី​អប់រំ​សម្អាត​បរិស្ថាន ក៏ដូចជា​យុទ្ធនាការ​សម្អាត​បរិស្ថាន​ជា​បន្តបន្ទាប់ ពិសេស​ការគ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​នេះ​តែម្ដង​។ លោក​បញ្ជាក់ថា ជាមួយនឹង​ការយកចិត្តទុកដាក់​នេះ កន្លងមក រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានផ្តល់​ឡ​ដុត​សំរាម​មួយ​នៅ​ភ្នំ​គូលែន ដើម្បី​ធានាថា ការគ្រប់គ្រង​សំរាម​នៅ​តំបន់​នេះ​មាន​ប្រសិទ្ធភាព និង​ឱ្យទាន់​ពេលវេលា​។ តាម​ការបញ្ជាក់​របស់​លោក ស៊ុន គង់ ឡ​ដុត​សំរាម​នេះ មាន​លក្ខណៈ​បច្ចេកទេស​ល្អ ដែល​អាច​ដុត​សំរាម​ក្រោម​កម្ដៅ ៨០០​អង្សា​សេ ដែល​បំ​លែង​ផ្សែង​មិន​ឱ្យមាន​ជាតិពុល​ខ្ពស់ ហើយ​ក្នុង​មួយថ្ងៃ​អាច​ដុត​សំរាម​ពី ៥​ទៅ​៨​តោន តាម​សមត្ថភាព​របស់​អ្នកគ្រប់គ្រង​ឡ​។​


 
​ជាមួយគ្នានេះដែរ លោក​ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវ​សហការ​ចូលរួម​ថែរក្សា​បរិស្ថាន​នៅ​តំបន់ភ្នំ​គូលែន សំដៅ​ធ្វើយ៉ាងណា​ឱ្យ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ និង​ធម្មជាតិ​នេះ មាន​និរន្តរភាព​តទៅ​ថ្ងៃមុន​។​


 
​គួរបញ្ជាក់ កម្មវិធី​សម្អាត​បរិស្ថាន​ក្រោម​ប្រធានបទ រមណីយដ្ឋាន​ស្អាត​ចាប់ផ្តើម​ពី​យើងទាំងអស់គ្នា មាន​កិច្ចសហការ ជាមួយ​មន្ទីរ​បរិស្ថាន អង្គការ ADF អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ឃុំ​ខ្នងភ្នំ ដែលមាន​អ្នកចូលរួម​ប្រមាណ ៣០០​នាក់​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com