កីឡាជាតិ
ជាតិ
ការសម្តែង​ល្បុក្កតោ​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ ជា​ចលករ​ជំរុញ​ក្នុងការ​ចុះបញ្ជី​យូណេស្កូ​
27, Dec 2018 , 8:59 am        
រូបភាព
ដោយ:
​គុន​ល្បុក្កតោ ដែលជា​កីឡា​វប្បធម៌​ប្រពៃណី​របស់​បុព្វបុរស​ខ្មែរ នឹង​រៀបចំ​ការសម្តែង​ទ្រង់ទ្រាយ​ធំ​ដ៏​កម្រ​មួយ ក្នុង​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ចន្លោះ​ពីថ្ងៃ​ទី​២៩-៣១ ខែធ្នូ ឆ្នាំ​២០១៨​។ នេះ​ជា​ឱកាស​ដ៏​ល្អ សម្រាប់​គុន​ល្បុក្កតោ​ក្នុងការ​បង្ហាញ​ពី​ភាព​រីកចម្រើន និង​ការវិវត្ត​ថ្មីៗ​របស់ខ្លួន​ទៅកាន់​មហាជន​។ តាមរយៈ​ការសម្តែង​៣​ថ្ងៃនេះ ល្បុក្កតោ​រំពឹង​ទទួលបាន​ការគាំទ្រ និង​ស្គាល់​កាន់តែច្រើន​ពី​ប្រជាពលរដ្ឋ ពិសេស​យុវជន​។

 
​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​និយាយថា កីឡា​គុន​ល្បុក្កតោ​នឹង​រៀបចំ​ការសម្តែង​ដ៏​ធំ​មួយ ដែលមាន​កីឡាករ​កីឡាការិនី​ជម្រើសជាតិ និង​យុវជន​ថ្នាល​ចំនួន​៣០​នាក់​ចូលរួម​។ កីឡាករ​កីឡាការិនី​ទាំងនេះ នឹង​សម្តែង​រួមគ្នា​ក្នុង​ទម្រង់​ដ៏​កម្រ​មួយ ដែលជា​ការរួមបញ្ចូល​គ្នា​រវាង​កត្តា​មេគុន និង​ប្រយុទ្ធ​ជាមួយ​អាវុធ​ផ្សេងៗ​។​
 
«​វា​ជាការ​សម្តែង​មួយ​ដ៏​ទាក់ទាញ ព្រោះ​ប្រជាពលរដ្ឋ​កម្រ​បានឃើញ​ក្រុម​ឈុត​ធំ​និង​យុវជន​សម្តែង​រួមគ្នា​បែបនេះ​ណាស់ យូរៗ​ម្តង​។ តាមរយៈ​ការហ្វឹកហាត់​ដោយ​យកចិត្តទុកដាក់​របស់​កីឡាករ​កន្លងមក យើង​រំពឹងថា ពួកគេ​នឹងធ្វើ​បានល្អ និង​បង្ហាញ​ពីអ្វី​ដែលជា​អត្តសញ្ញាណ​របស់​ខ្មែរ​យើង ក្នុងការ​ទាក់ទាញ​អារម្មណ៍​មហាជន​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​ក្បាច់គុន​បុរាណ​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ួ តារា​។  


 
​ការសម្តែង​ដែលមាន​រយៈពេល​១០​នាទី​នេះ គឺ​ដើម្បី​អបអរ​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្តូប​វិមាន​ឈ្នះ​ឈ្នះ និង​ខួប​លើក​ទី​២០​នៃ​ការដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច ហ៊ុន សែន និង​បុណ្យចូលឆ្នាំ​សកល​។ ការសម្តែង​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​២៩-៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តំបន់​អភិវឌ្ឍន៍​របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ទល់មុខ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​
 
​ទោះបី​មាន​រយៈពេល​តែ​១០​នាទី​ក្នុង​ការសម្តែង តែ​អគ្គលេខាធិការ​សហព័ន្ធ​ខាងលើ​អះអាងថា ជាការ​សម្តែង​មួយ​ដ៏​អស្ចារ្យ​ដែល​បង្ហាញ​ពី​បច្ចេកទេស​ពិសេសៗ​របស់​កីឡា​គុន​ល្បុក្កតោ ឬ​អាច​ចាត់ទុកថា ខ្លី​តែ​ខ្លឹម​។ នៅពេល​សួរ​ពី​ភាព​ខុសប្លែកគ្នា​និង​ការសម្តែង​លើក​មុនៗ លោក អ៊ួ តារា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​លក្ខណៈពិសេស​របស់​យើង​ត្រង់​ថា ការសម្តែង​ខ្លី​តែ​ខ្លឹម​។ ក្នុង​រយៈពេល​១០​នាទី​នេះ យើង​យកតែ​បច្ចេកទេស​ពិសេសៗ​មក​បង្ហាញ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នូវ​អ្វីដែល​គុន​ល្បុក្កតោ​យើង​មាន​។ លើសពីនេះ យើង​បង្ហាញ​ឲ្យ​គ្រប់​រសជាតិ​តែម្តង​ក្នុង​ទស្សនីយភាព​នេះ តាមរយៈ​ការច្របាច់បញ្ចូលគ្នា​ទាំង​មេគុន​សម្តែង​និង​ប្រយុទ្ធ​»​។ 


 
​ជាមួយ​ការចាត់​ទុកជា​ឱកាស​បង្ហាញ​ក្បាច់គុន​កេរតំណែល​របស់​បុព្វបុរស​ឲ្យ​មហាជន​បាន​ស្គាល់ ការចូលរួម​សម្តែង​នេះ ក៏​ជា​ចលករ​ជំរុញ​ក្នុងការ​ចុះបញ្ជី​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ដែល​ត្រៀម​ប្រកាស​លទ្ធផល​នៅ​ចុងឆ្នាំ​២០១៩ ផងដែរ​។​
 
«​វា​គឺជា​សកម្ម​ភាពល្អ​មួយ​របស់​គុន​ល្បុក្កតោ ក្នុងការ​បង្ហាញថា កម្ពុជា​យើង​យកចិត្តទុកដាក់ ថែរក្សា និង​អភិវឌ្ឍន៍​នូវ​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​ពី​មហាជន​និង​រាជរដ្ឋាភិបាល នេះ​ជា​កត្តា​ដែល​អង្គការ​យូណេស្កូ​ចង់បាន​។ ព្រោះ​តាម​ទំនៀមទម្លាប់​ឲ្យ​តែមាន​កម្មវិធី​បុណ្យ​ម្តងៗ យើង​តែងតែ​យក​កីឡា​នេះ​ទៅ​សម្តែង​នៅតាម​វត្ត ដើម្បី​ឲ្យ​មហាជន​បាន​ស្គាល់​។ តែ​ឥឡូវនេះ យើង​បាន​ចូលរួម​ក្នុង​កម្មវិធី​បុណ្យជាតិ​ធំៗ ដែលជា​សញ្ញាណ​មួយ​ដ៏​ល្អ​ក្នុង​ការត្រៀម​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​»​។ នេះ​ជាការ​បន្ថែម​របស់លោក អ៊ួ តារា​៕  




 

Tag:
 ល្បុក្កតោ​
  អ៊ួ តារា​
  វិមាន​ឈ្នះ​ឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com