ជាតិ
កសិដ្ឋាន​សរីរាង្គ​ចម្ការ​ដំណាក់​! ស្នាក់នៅ​បែប​បុរាណ និង​រីករាយ​កម្សាន្ត​បែប​សម័យ​
26, Dec 2018 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កែប កសិដ្ឋាន​សរីរាង្គ​ចម្ការ​ដំណាក់ (Chamkar Damnak Organic Farm) ជាទី​តាំង​បង្អួត​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅក្បែរ​ជើងភ្នំ​វ​ល្លិ៍ ក្នុងភូមិ​សាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​។ ក្រៅពី​ដំណាំ​ម្រេច ក្រូច​វ​ល្លិ៍ (Passion Fruit) និង​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ ចម្ការ​ដំណាក់​ជា​ផ្ទះ​ស្នាក់នៅ​បែប​ធម្មជាតិ​ដែលមាន​៦​បន្ទប់​។​

 
​ក្រុម​សារព័ត៌មាន ThmeyThmey បាន​យក​ទីតាំង​ដ៏​ស្រស់ស្អាត​នៅ​តំបន់ភ្នំ​នេះ សម្រាប់​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​របស់ខ្លួន​។ ចម្ការ​ដំណាក់ ស្ថិតក្បែរ​ជើងភ្នំ​វ​ល្លិ៍​ដាច់​តែឯង ដោយមាន​ចម្ងាយ​ប្រមាណ​ពីរ​២​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​។ ក្នុង​ដំណើរ​បែប​ផ្សេង​ព្រេង​នេះ រថយន្ត​ប៊ឺ​ស​៣៥​កៅអី មិនអាច​ចូលទៅ​ដល់ទី​នោះ​ដោយផ្ទាល់​ឡើយ ប៉ុន្តែ​បុគ្គលិក កសិដ្ឋាន បាន​បើក​ត្រាក់ទ័រ​មក​ដឹក​ឥ​វ៉ាន់ ហើយ​ក្រុម​អ្នកទេសចរ ThmeyThmey បាន​ដើរ​ឆ្លងកាត់​ភ្នំ​ឆ្ពោះទៅកាន់​កសិដ្ឋាន​ដោយផ្ទាល់ ដោយ​ដៃ​កាន់​ទឹក និង​ភេសជ្ជៈ​ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន Coca Cola​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានភាព​ផ្លូវ​ខ្វាត់ខ្វែង​ក្នុងព្រៃ មិន​ចោទ​ជា​បញ្ហា​សម្រាប់​រថយន្ត V-Class នៃ​ត្រកូល Mercedes-Benz ឡើយ​។ រថយន្ត​ដែល​បញ្ជា​ដោយ​អគ្គនាយក ThmeyThmey បាន​លូន​ទៅដល់​មុខ​កសិដ្ឋាន​ចម្ការ​ដំណាក់​ដ៏​ស្រស់ស្អាត​។​
 
​យើង​បាន​ទៅដល់​ទីតាំង​កម្សាន្ត​នោះ រាង​យប់​បន្តិច​ទៅហើយ ប៉ុន្តែ​យើង​អាច​មើលគ្នា​ឃើញ ដោយសារ​ពន្លឺ​អំពូល​ដែល​ប្រើ​ថាមពលព្រះអាទិត្យ និង​ពន្លឺ​ព្រះ​ចន្ទ​រះចំ​ពីលើ​ខ្នងភ្នំ​។ ក្រុមការងារ​ខ្លះ បាននាំគ្នា​បោះតង់​ដែល​ផ្តល់​ដោយ លោក អាង គីម​អៀង ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍ Great Angkor Tours អ្នកខ្លះ​រៀបចំ​ចាត់ចែង​ចំអិន​អាហារ ឯ​អ្នកខ្លះ​រៀបចំ​កន្លែង​ដើម្បី​ចាក់​ភ្លេង​រាំ​កម្សាន្ត​ជាមួយនឹង​បទ​សប្បាយៗ​បែប​ប្រពៃណី​ខ្មែរ និង​បរទេស​។​
 
​ទោះបីជា​មេឃ​ភ្លៀង​ក៏ដោយ ប៉ុន្តែ​ភាពសប្បាយ​រីករាយ​រប​ស់​ក្រុម​អ្នកសារព័ត៌មាន ThmeyThmey នៅតែ​បន្ត​រហូតដល់​យប់​ជ្រៅ ហើយក៏​មិន​បង្ក​ការរំខាន​ដល់​អ្នកភូមិ​នោះដែរ ដោយសារ​ទីតាំង កសិដ្ឋាន​សរីរាង្គ​ចម្ការ​ដំណាក់ ស្ថិតនៅ​ដាច់​តែឯង​។​
 
​ក្នុងចំណោម​បុគ្គលិក​សារព័ត៌មាន ThmeyThmey ជាង​៣០​នាក់ អ្នកខ្លះ​សម្រាក​ក្នុង​បន្ទប់​ដែលមាន​រៀបចំ​ជា​ដំណាក់ៗ ដោយមាន​កង្ហា អ្នកខ្លះ​សម្រាក​ក្នុង​តង់​ដោយ​គយគន់​មើល​ពន្លឺ​ព្រះ​ចន្ទ រីឯ​បុគ្គលិក​ខ្លះ​ដែល​នៅ​រាំច្រៀង​លេង​ដល់​យប់​ជ្រៅ គេង​នៅក្រៅ​បន្ទប់ ប៉ុន្តែ​មិនមាន​មូស​រំខាន​នោះឡើយ​។​
 
​ការ​ស្នាក់​កម្សាន្ត​នៅផ្ទះ​ស្នាក់​ចម្ការ​ដំណាក់ ប្រកបដោយ​សុខដុមរមនា ជាពិសេស​ដោយសារ​មាន​ឆ្មាំ​យាម​នៅ​មាត់​ជណ្តើរ និង​មុខ​បន្ទប់ ដោយ​ឆ្មាំ​ដែល​ច្នៃ​ពី​ឈើ​ប្រណីត​ទាំងនោះ ប្រៀបដូចជា​វីរ​បុរស​នា​សម័យ​អេ​ហ្ស៊ី​ប​បុរាណ​។​
 
​សូម​ទស្សនា​ទិដ្ឋភាព​ដូចខាងក្រោមដែលថតដោយ លោក ឈុត ឈាណា (Drone) លោក ប៉ាន់ បូនី និងលោក ទូច សុវណ្ណឌី​៖
 















































































































© រក្សាសិទ្ធិដោយ thmeythmey.com