កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ឈរ​ដាច់​៦​ពិន្ទុ ខណៈ Spurs ឡើង​លេខ​២ រីឯ Man Utd បន្ត​ឈ្នះ​
27, Dec 2018 , 9:17 am        
រូបភាព
ដោយ: ថ្មីៗ
​ជំនួប Premier League នៅ​ថ្ងៃ Boxing Day បន្សល់​នូវ​កាដូ​ដ៏​រីករាយ​សម្រាប់ Liverpool, Tottenham Hotspurs  ក៏ដូចជា Manchester United, Everton, Leicester និង Chelsea ដែល​សុទ្ធតែ​រកបាន​បី​ពិន្ទុ​ពី​ការប្រកួត​។​

 
Liverpool បន្ត​សប្តាហ៍​ទី​១៩​របស់ខ្លួន ដោយ​មិនទាន់​ស្គាល់​បរាជ័យ តាមរយៈ​ជ័យជម្នះ​ដល់​ទៅ​៤-០ លើ​ភ្ញៀវ Newcastle United​។ Dejan Lovren និង Mohamed Salah រកបាន​ម្នាក់​១​គ្រាប់​នៅ​តង់​ទីមួយ ហើយ Xheerdan Shaqiri និង Fabinho បន្ថែម​ម្នាក់​១​គ្រាប់​នៅ​តង់​ទី​ពីរ​។ បី​ពិន្ទុ​បន្ថែម​នេះ នាំ​ឲ្យ​ហង្ស​ក្រហម​មាន​៥១​ពិន្ទុ ដែល​តាម​ពីក្រោយ​ដោយ Tottenham Hotspurs ចំនួន​៦​ពិន្ទុ​។ 

 
 
​មាន់​ខ្នាយ​មាស​មានឱកាស​ឡើង​លេខ​២ ក្រោយ​ជ័យជម្នះ ៥-០ លើ Bournemouth បន្ទាប់ពី​ពួកគេ​បាន​បំបាក់ Everton ៦-២ កាលពី​ថ្ងៃអាទិត្យ​។ បី​គ្រាប់​ដំបូង​នៅ​តង់​ទីមួយ កើតចេញពី​ការបញ្ជូន​ជា​បន្តបន្ទាប់​របស់ Kyle Walker-Peters ទៅ​ឲ្យ Christian Eriksen, Song Heung-min និង Lucas Moura មុនពេល​ដែល Harry Kane និង Song រកបាន​២​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ​។​
 
 
​ក្រោយ​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា Manchester City បាន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​បី​បណ្តោះអាសន្ន​។ ជំនួប​នៅ​ថ្ងៃ Boxing Day នេះ ក្រុម​មេឃ​ខៀវ បាន​ចាញ់​ម្ចាស់ផ្ទះ Leicester City ២-១​។ Marc Albrighton និង Ricardo Pereira បាន​ស៊ុត​បាល់​បញ្ចូល​ទី​វាយបក ក្រោយ​ការ​ស៊ុត​នាំមុខ​របស់ Bernado Silva នៅ​ដើមតង់​។​

 
 
Chelsea រក្សា​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ Eden Hazard រកបាន​ពី​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ នៅ​ទឹកដី Watford​។ Roberto Peryra ជា​រក​គ្រាប់​បាល់​តែមួយ​ឲ្យ​ម្ចាស់ផ្ទះ​។ ចំណែក Arsenal បាន​ត្រឹម​ចែក​១​ពិន្ទុ​ជាមួយ​ម្ចាស់ផ្ទះ Brighton​។ Pierre-Emerick Aubameyang រក​គ្រាប់​បាល់​បើកឆាក​នៅ​ដើមតង់​សម្រាប់​កាំភ្លើង​ធំ ប៉ុន្តែ Jurgen Locadia តាម​ស្មើ​វិញ​នៅ​ជិត​ចប់​តង់​ទីមួយ​។​
 
​ជាមួយគ្នានេះ គ្រូបង្វឹក​បណ្តោះអាសន្ន Ole Gunnar Solskjaer បាន​ដឹកនាំ Manchester United ឈ្នះ​២​ប្រកួត​ជាប់​គ្នា​។ នៅលើ​ទឹកដី​របស់ខ្លួន Nemanja Matic រក​គ្រាប់​នាំមុខ​នៅ​តង់​ទីមួយ ហើយ Paul Pogba បន្ថែម​បាន​២​គ្រាប់​នៅ​តង់​ទី​ពីរ មុនពេល Mathias Jorgensen វាយបក​មួយ​គ្រាប់​ឲ្យ Huddersfield Town ដើម្បី​បញ្ចប់​លទ្ធផល ៣-១ ។​

 
 
​សម្រាប់​ជំនួប​គូ​ផ្សេងទៀត Everton ឈ្នះ ៥-១ នៅ​ទឹកដី Burnley, Fulham ស្មើ ១-១ ជាមួយ​ភ្ញៀវ Wolverhampton ខណៈ Crystal Palace និង Cardiff City បញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៕
 

Tag:
 Premier League
  Boxing Day
© រក្សាសិទ្ធិដោយ thmeythmey.com