ជាតិ
សង្គមជាតិ
រំជួលចិត្ត! លោក អឿ ច័ន្ទពិសី កាន់រូបថតភរិយាទៅតាមខ្លួននៅថ្ងៃទទួលសញ្ញាបត្រ រូបភាពពីហ្វេសប៊ុករបស់ លោក អឿ ច័ន្ធពិសី
× ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានភាពក្តុកក្តួល និងកើតក្តីអាណិតជាពន់ពេក នៅពេលឃើញនិស្សិតម្នាក់ឈ្មោះ អឿ ច័ន្ទពិសី បានត្រឹមតែយករូបភរិយា ដែលបានទទួលមរណភាព ទៅជាមួយក្នុងថ្ងៃទទួលសញ្ញាបត្រនៃសាលកវិទ្យាបញ្ញាសាស្ត្រកម្ពុជា (PUC)។ អ្នកលេងហ្វេសប៊ុកទាំងនោះ ដោយរួមមានអ្នករៀននៅសាកលវិទ្យាបញ្ញាសាស្ត្រផងដែរ បាននាំគ្នាចែករំលែករូបរបស់និស្សិតរូបនោះយ៉ាងព្រោងព្រាត ដោយរូបនោះ លោក បានឈរកាន់សញ្ញាបត្រនិងកាន់រូបភរិយាជាមួយគ្នា។
ការចែករំលែករបស់អ្នកលេងហ្វេសប៊ុក អមជាមួយសារពីរយ៉ាង គឺមួយ បង្ហាញការស្តាយចំពោះនិស្សិត អឿ ច័ន្ទពិសី និងទីពីរ ជួយលើកទឹកចិត្ត និងផ្តល់ជាកម្លាំងចិត្តដល់លោក ឲ្យខិតខំនិងតស៊ូបន្តទៀត។
តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរសព្ទ លោក អឿ ច័ន្ទពិសី បាននិយាយតិចៗនិងមួយៗ ដែលស្តាប់ទៅដូចជាមានភាពសោកសៅ យ៉ាងដូច្នេះថា៖«រហូតមកដល់ពេលនេះ ខ្ញុំឯកាណាស់ ហើយនៅពេលខ្ញុំទៅទទួលសញ្ញាបត្រ ក៏ខ្ញុំទៅទទួលតែម្នាក់ឯងដែរ ដោយភ្ជាប់រូបថតប្រពន្ធមួយសន្លឹក។ នៅពេលនោះខ្ញុំឃើញអ្នកផ្សេងមានក្រុមគ្រួសារមកជាមួយ ធ្វើឲ្យខ្ញុំនឹកដល់ប្រពន្ធរបស់ខ្ញុំមែនទែន។ ប៉ុន្តែសម្រាប់ខ្ញុំ បានត្រឹមតែយករូបថតប្រពន្ធ ដើម្បីបានជាភាពកក់ក្តៅតែប៉ុណ្ណោះ»។
ថ្វីត្បិតភរិយា បានស្លាប់ទៅហើយក្តី តែលោកនៅតែចងចាំ និងចាត់ទុកភរិយារបស់លោកជានារីដ៏ល្អម្នាក់ ដែលតែងតែស្ថិតនៅក្នុងចិត្ត និងជំរុញទឹកចិត្តរបស់លោកជានិច្ច។ «មុនពេលខ្ញុំទទួលសញ្ញាបត្រ គាត់បានសន្យាថានឹងមកអបអរសាទរខ្ញុំ ហើយថាចង់ពាក់អាវឲ្យខ្ញុំ»។
លោក អឿ ច័ន្ទពិសី ដែលមានវ័យ៣២ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ក្នុងអំឡុងខែមីនា ឆ្នាំ២០១៧។ «ខ្ញុំរៀបការជាមួយគាត់បានត្រឹមតែ១ខែកន្លះប៉ុណ្ណោះ គាត់ក៏បានទទួលមរណភាពដោយសារជំងឺឈាមហូរក្នុងក្រពះ។ ខ្ញុំ បាននាំគាត់ទៅព្យាបាលនៅប្រទេសថៃដែរ តែមិនមានលទ្ធផលទេ»។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដែលជាថ្ងៃទទួលសញ្ញាបត្រ លោក បានបង្ហោះរូបលោក ឈរកាន់សញ្ញាបត្រនិងរូបភរិយា ហើយសរសេរសារថា៖«នេះជាថ្ងៃ ដែលបងទទួលយកជោគជ័យ សម្រាប់ការសិក្សា របស់ប្តីអូន ថ្ងៃនេះអូនក៏បានមកចូលរួមជាមួយបង ក្នុងការអបអរសាទរមួយនេះដែរ។ បងចាំពាក្យដែលអូននិយាយថា អូននឹងមកចូលរួមថ្ងៃនេះជាមួយបង អូនថាស្រឡាញ់អាវសាលាបញ្ញាសាស្ត្រនេះណាស់ តែពេលនេះអូនមិនពាក់វាទេ តែអូនបានមកជាមួយនឹងបងដែរ។ បងសូមឧទ្ទិស ភាពជោគជ័យរបស់បង ដល់អូនផង»។
លោក អឿ ច័ន្ទពិសី ដែលបច្ចុប្បន្ន ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសមាគមមួយឈ្មោះ សមាគមអនាគតខ្ញុំ ក្នុងខេត្តក្រចេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ (IR)៕
© រក្សាសិទ្ធិដោយ thmeythmey.com