កីឡាអន្តរជាតិ
អន្តរជាតិ
Schmid គ្រូបង្វឹកជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ MLS ស្លាប់នៅអាយុ៦៥ឆ្នាំ
× លោក Sigi Schmid ដែលជាគ្រូបង្វឹកជោគជ័យជាងគេបំផុតក្នុងប្រវត្តិសាស្ត្រលីគកីឡាបាល់ទាត់អាមេរិក Major League Soccer បានស្លាប់នៅអាយុ ៦៥ ឆ្នាំ ដោយសារជំងឺបេះដូង។
គ្រួសាររបស់ Schmid បាននិយាយថាលោកបានស្លាប់កាលពីថ្ងៃ២៥ ខែធ្នូ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Ronald Reagan UCLA ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ លោក Schmid ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាំងពី៣សប្តាហ៍មុនពេលស្លាប់ដើម្បីរង់ចាំការប្តូរបេះដូង។
«គ្រួសាររបស់យើងពិតជាមានការសោកស្តាយខ្លាំងណាស់ចំពោះការស្លាប់របស់គាត់ ក៏ដូចជាការបាត់បង់ស្វាមី ឪពុក អ្នកដឹកនាំ និងជាអ្នកព្រឹក្សាដ៏ល្អ»។ នេះជាការលើកឡើងរបស់ក្រុមគ្រួសារលោក Schmid រួមជាមួយសេចក្តីថ្លែងការរបស់ក្លិប Seattle Sounders ដែលលោកធ្លាប់ដឹកនាំកន្លងមក។
អ្នកចាត់ការកូនកាត់អាល្លឺម៉ង-អាមេរិករូបនេះ មានកំណត់ត្រាដ៏អស្ចារ្យនៅ MLS ចំនួន ២៦៦ប្រកួត ក្នុងអំឡុងការដឹកនាំរបស់លោក ១៨ រដូវកាលជាមួយ LA Galaxy, Columbus Crew និង Sounders។ Schmid បាននាំក្រុម LA Galaxy ឈ្នះពានរង្វាន់ MLS ឆ្នាំ២០០២ និង Columbus Crew ឆ្នាំ ២០០៨។ លោកក៏ជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមប្រចាំ MLS ពីរដងផងដែរ។
នៅពេលមកដឹកនាំ Seattle Sounders លោកបានជួយក្រុមនេះឈ្នះពានរង្វាន់ US Open ចំនួន៤លើកចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦។
រហូតដល់ឆ្នាំ២០១៧ លោក Schmid បានត្រឡប់ទៅដឹកនាំ LA Galaxy វិញ ប៉ុន្តែលោកបានលាឈប់ពីតំណែងកាលពីខែកញ្ញាកន្លងទៅ ទាំងនៅសល់ការប្រកួតចំនួន ៦ លើកទៀតក្នុងលីគ ដ្បិតមានបញ្ហាជំងឺ៕
Tag:
បាល់ទាត់
Sigi Schmid
© រក្សាសិទ្ធិដោយ thmeythmey.com