ONE Championship
កីឡាជាតិ
ជាតិ
រិ​ន សារ​ត្ន័ ប្រាប់​ពីបទ​ពិសោធន៍​លើស​ង្វៀន​ពេញ​មួយឆ្នាំ ២០១៨
28, Dec 2018 , 7:59 am        
រូបភាព
ដោយ​៖ Matias Andres 
 
​រិ​ន សារ​ត្ន័ ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​កីឡាករ​របស់ ONE Championship និង​ជា​តំណាង​ឲ្យ​ក្លិប Cambodian Top Team បាន​ចែករំលែក​ពី​លទ្ធផល​មាន​ឡើង មាន​ចុះ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៨​។

 
​មកដល់​សព្វថ្ងៃ កីឡាករ​រូបនេះ​បាន​ស្គាល់​រសជាតិ​នៅលើ​សង្វៀន និង​ក្នុង​ទ្រុង ប្រដាល់​អន្តរជាតិ​ទាំង​ឈ្នះ និង​ចាញ់ តែ​យ៉ាងណា សារ​ត្ន័​បានបង្ហាញ​ពី​ការដឹងគុណ​ចំពោះ​មេរៀន​ទាំងនោះ ហើយ​បន្ត​អភិវឌ្ឍ​វិជ្ជា​គុន​បន្ថែម​ឲ្យ​ប្រសើរ​ជាង​មុន​សម្រាប់​ឆ្នាំក្រោយ​ទៀត​។ 
 
​អ្នក​ប្រដាល់​រូបនេះ​រៀបរាប់ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ចូល​ប្រកួត​ច្រើនដង ប៉ុន្តែ​ឆ្នាំ​២០១៨ នេះ​ការប្រកួត​របស់ខ្ញុំ​ធ្វើ​អត់​សូវ​បានល្អ​ទេ​។ បើសិន​មាន​គ្រូ​មក​បង្ហាត់​ជាប់លាប់​ដូច​សព្វថ្ងៃនេះ ពិតជា​ការល្អ​មិន​ខាន​»​។ 
 
​ជ័យ​ជ​ន្នះ​មួយ​របស់​សារ​ត្ន័ ក្នុង​ឆ្នាំ ២០១៨ ជា​កម្លាំង​ជំរុញ​ម្យ៉ាង​ដែល​ផ្តល់​សង្ឃឹម​ឲ្យ​គេ​ខំ​ពុះពារ​ទៅមុខទៀត ហើយ​ជ័យ​ជ​ន្នះ​នេះហើយ​ដែល បង្ហាញ​ឲ្យ​ខ្លួន​គាត់ និង​កម្ពុជា​ទាំងមូល​ឃើញ​ពី​សមត្ថភាព​ខ្ពស់​របស់ខ្លួន​អាច​ជ្រកកោន​ក្រោម​ដំបូល​ក្បាច់គុន​ដ៏​ធំជាងគេ​។ 


 
​កាលពី​ថ្ងៃទី​២៣ ខែមិថុនា​កន្លងទៅ សារ​ត្ន័ ត្រូវបាន​គេ​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ អ្នកលេង​ក្បាច់គុន​ឥណ្ឌូណេស៊ី​គឺ​កីឡាករ Mario Satya Wirawan ក្នុង​ព្រឹត្តិការណ៍ ONE: PINNACLE OF POWER​។  កាលនោះ​ថ្វីបើ​គាត់​ត្រូវ​ភាគី​ឥណ្ឌូណេស៊ី​ចាប់​ក្លេរ​នៅ​ពីលើ​ជាប់​យ៉ាងយូរ​ក៏ពិតមែន ប៉ុន្តែ សារ​ត្ន័ រក​វិធី​ដោះខ្លួន​ចេញ​បាន​រហូត នេះ​បង្ហាញ​ពី​ការរីកចម្រើន​ច្រើន​ពី​ស្នៀត​ក្រោម​របស់ខ្លួន​។ 
 
​សូម​រំលឹក​ផងដែរ​ថា រិ​ន សារ​ត្ន័ បាន​ប្រើប្រាស់​ក្បាច់​ការពារ​ខ្លួន​ពី​ការចាប់​រឹត​របស់​ដៃគូ ហើយ​បាន​ប្រើ​កែង​ដ៏​មុត​ស្រួច​របស់ខ្លួន​វាត់​ទៅខាង​ភាគី​ឥណ្ឌូណេស៊ី​ត្រូវជា​ច្រើន​កន្លែង ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​សម្រេច​បញ្ចប់​ការប្រកួត​នៅក្នុង​ទឹក​ទី ៣​។ នេះ​ជា​លើក​ទី ២​ហើយ ដែល​សារ​ត្ន័​បាន​ផ្តួល​ដៃគូ​មុន​ចប់​ទឹក នៅ​សង្វៀន​ធំ ONE Championship​។ 
 
«​ក្នុង​ឆ្នាំ ២០១៨ ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​មែនទែន ព្រោះ​បានឈ្នះ​ការប្រកួត​នៅ ម៉ា​កាវ​។ កាលនោះ​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត ដោយសារ​ខ្ញុំ​វាយ​ខាង​ដៃគូ​ខ្ញុំ​បែក​មុខ និង ក្បាល​ត្រូវ​ពីរ​បី​កន្លែង អ៊ីចឹង ខ្ញុំ​សប្បាយចិត្ត​មែនទែន​»​។ 
 
​តែ​យ៉ាងណា​ការប្រកួត​ចុងក្រោយ​របស់ រិ​ន សារ​ត្ន័ ប៉ះ​ជាមួយ​ជើង​ខ្លាំង​ចិន Changxin Fu នៅ​កម្មវិធី  ONE: KINGDOM OF HEROES ខែតុលា រូបគេ​បាន​ចាញ់ តែ​កីឡាករ​កម្ពុជា​រូបនេះ​មើលឃើញ​ពី​ភាព​វិជ្ជមាន និង​មាន​ជំនឿ​ចិត្ត​ខ្ពស់​សម្រាប់​ឆ្នាំ​បន្ទាប់​។​
 
​ចុងឆ្នាំ ២០១៨​នេះ ក្លិប​របស់ CTT បានធ្វើ​ការសហការ​ជាមួយ​អតីត​កីឡាករ​របស់ ONE ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ក្លិប Yorky MMA នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ 
 
​សារ​ត្ន័ រំពឹងថា​មានឱកាស​ទៅ​ហ្វឹកហាត់​បន្ថែម​នៅ​បាងកក​ជាមួយ​ក្លិប​នេះ ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ឲ្យ​កាន់តែ​ស្ទាត់​ខាង​ក្បាច់គុន​ចម្រុះ​។ 
 
​គាត់ ពន្យល់ថា​៖ «​បើសិនជា​ខ្ញុំ​ទៅ​ហាត់​នៅ​ទីនោះ នឹងមាន​សិស្ស​ឡាំ​(​មកជួយ​ចាប់​)​ជាមួយ​ខ្ញុំ​ច្រើន អត់​ដូច​នៅ​ស្រុក​ខ្មែរ ភាគច្រើន​ពួកគាត់​ចេះតែ​ក្បាច់​សេរី​»​។​
 
«​បើ​ខ្ញុំ​អាច​ទៅ​ហាត់​នៅ​ថៃ​ញឹកញាប់ ដូច​បានគ្រោង​ទុក​មែន នោះ​ខ្ញុំ​នឹង​វាយ​បានល្អ​ជាង​នៅ​ឆាក​អន្តរជាតិ​»​។ 
 
​ដោយ​ទទួល​បានកា​ជ្រោមជ្រែង​ពី​លោកគ្រូ​បង្វឹក Lee ដែល​សហការ​ជាមួយ CTT នោះមក​ឃើញថា បានចាប់ផ្តើម​មានជោគ​ជ័យ​ជា​បណ្តើរៗ​ហើយ ដោយសារ​មើលទៅ រិ​ន សារ​ត្ន័ មាន​ភាព​រីកចម្រើន​ច្រើន និង​ជំនឿ​ចិត្តខ្លាំង​សម្រាប់​ឆ្នាំ ២០១៩ ខាងមុខ​។​
 
​រាល់ថ្ងៃ​នៅ​ក្លិប CTT រិ​ន សារ​ត្ន័​ហ្វឹកហាត់​ស្នៀត​បោកចំបាប់ Brazilian Jiu-Jitsu ចំនួន ៣​ម៉ោង​ក្នុង​មួយថ្ងៃ ក្រៅពីនេះ​គាត់​យក​ពេល​មក​ហាត់គុន​ខ្មែរ ឬ​សេរី បន្ថែម​។ 
 
​តាមពិតទៅ រិ​ន សារ​ត្ន័ មានបទពិសោធន៍ ព្រមទាំង​ទេពកោសល្យ​ខ្ពស់​ខាង​គុន​ខ្មែរ និង​ប្រដាល់សេរី ប៉ុន្តែ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់ គាត់​មើលឃើញ​អនាគត​ខ្លួន​ក្នុង​អាជីព​ក្បាច់គុន​ចម្រុះ​ជាង​។​
 
​សារ​ត្ន័ បន្តថា​៖ «​កាល​២០១៨ ភាគច្រើន​ខ្ញុំ​ប្រកួត​ខាង​ប្រដាល់សេរី និង គុន​ខ្មែរ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៩​វិញ ខ្ញុំ​ចង់​ចាប់ MMA ឲ្យ​បាន​ច្រើនជាង​មុន ៨០%»​។ 
 
«​ខ្ញុំ​ចង់​ផ្តោត​ហាត់រៀន​ខាង MMA ឲ្យ​ខ្លាំង ដោយសារ​អនាគត​ទៅ នឹង​ចាប់ផ្តើម​មានការ​ប្រកួត​គុន​ចម្រុះ​នៅ​កម្ពុជា​ដែរ​»​។ 
 
«​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ធ្វើជា​គ្រូបង្វឹក​ខាង MMA ពីព្រោះ​នៅ​ស្រុក​យើង​ពុំទាន់​មាន​គ្រូ MMA ច្រើន​នោះទេ​»៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com