អន្តរជាតិ
ហេតុអ្វី​ពលរដ្ឋ​កូ​ឡុំ​ប៊ី​បើកទ្វារ​ស្វាគមន៍​ជនភៀសខ្លួន​វេ​ណេ​ស៊ុយ​អេ​ឡា​រាប់លាន​នាក់​យ៉ាង​រាក់ទាក់​?
28, Dec 2018 , 8:39 am        
រូបភាព
ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់តម្រង់ជួរនៅតាមព្រំដែនដើម្បីសុំសិទ្ធិជ្រកកោននៅកូឡុំប៊ី
ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់តម្រង់ជួរនៅតាមព្រំដែនដើម្បីសុំសិទ្ធិជ្រកកោននៅកូឡុំប៊ី
​វិបត្តិ​សង្គម អសន្តិសុខ ហិង្សា ខ្វះ​ស្បៀង និង​ខ្វះ​ថ្នាំសង្កូវ​ចាប់ពី​ឆ្នាំ ២០១៤ បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​រាប់លាន​នាក់​ភៀសខ្លួន​ទៅរក​ទីកន្លែង​សមរម្យ​ដើម្បី​កសាង​ជីវិត​ថ្មី​។ កូ​ឡុំ​ប៊ី​ក្លាយជា​គោលដៅ​ចម្បង​បំផុត​របស់​បណ្តា​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា ហើយ​រៀងរាល់ថ្ងៃ​ជនភៀសខ្លួន​វេ​ណេ​ស៊ុយ​អេ​ឡា​មិនតិចជាង​បី​ពាន់​នាក់​ឡើយ​ដែល​តម្រង់​ជួរ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​រដ្ឋ​ជិតខាង​កូ​ឡុំ​ប៊ី​នេះ​។ មកដល់​បច្ចុប្បន្ន ពលរដ្ឋ​កូ​ឡុំ​ប៊ី​បាន​បើកទ្វារ​ស្វាគមន៍​ជនភៀសខ្លួន​វេ​ណេ​ស៊ុយ​អេ​ឡា​លើស​មួយ​លាន​នាក់​ហើយ​។ តើ​មូល​ហេតុអ្វី​បានជា​កូ​ឡុំ​ប៊ី​មាន​សណ្តាន​ចិត្ត​ជ្រាលជ្រៅ​ចំពោះ​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​បែបនេះ​?


 
​វេ​ណេ​ស៊ុយ​អេ​ឡា​មាន​ព្រំដែន​ចម្ងាយ​ជាង ២២០០​គីឡូម៉ែត្រ​ជាមួយ​កូ​ឡុំ​ប៊ី​។ ចំណែក​ទីក្រុង Cucuta ជាទី​ក្រុង​មួយ​របស់​កូ​ឡុំ​ប៊ី​មាន​ទីតាំង​ស្ថិត​ជាប់​ព្រំដែន​វេ​ណេ​ស៊ុយ​អេ​ឡា និង​ជាទី​តាំង​ដែល​បើកទ្វារ​ទទួល​ស្វាគមន៍​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​រាប់ពាន់នាក់​រៀងរាល់ថ្ងៃ​ដែល​រត់​មករក​ជំនួយ និង​ស្វែងរក​កន្លែង​ជ្រកកោន​ដែរ​។​
 
​គណៈកម្មការ​សង្គ្រោះ​អន្តរជាតិ (IRC) របស់​កូ​ឡុំ​ប៊ី​វាយតម្លៃថា ជា​រៀងរាល់ថ្ងៃ ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​យ៉ាងហោច ៣៥០០​នាក់​នាំគ្នា​ឆ្លងស្ពាន Simon Bolivar មក​ទិញ​ស្បៀងអាហារ និង​ទទួលយក​ជំនួយ​មនុស្សធម៌​ជាពិសេស​ថ្នាំសង្កូវ និង​សម្ភារ​ដទៃទៀត​ដែល​មិន​មាននៅ​វេ​ណេ​ស៊ុយ​ឡា​។ អ្វីដែល​សំខាន់​នោះ ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​យ៉ាងតិច ៤០០០​នាក់​បាន​សុំ​ជ្រកកោន​នៅ​កូ​ឡុំ​ប៊ី​ជំនួស​ឲ្យ​ការ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ 
 
​យោងតាម​របាយការណ៍​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​កាលពី​ខែវិច្ឆិកា ចាប់ពី​ឆ្នាំ ២០១៤ មក ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ភៀសខ្លួន​កើនឡើង​ដល់ បី​លាន​នាក់​រួចទៅហើយ​។ វិបត្តិ​ជនភៀសខ្លួន​នៅ​រដ្ឋ​អាមេរិក​ឡាទីន​កើតឡើង​ដោយសារ​ការអូសបន្លាយ​នៃ​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​បង្កើត​ដោយ​មេដឹកនាំ នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​។ ក្នុងចំណោម​នោះ មាន​ជនភៀសខ្លួន​លើស​មួយ​លាន​នាក់​ឯណោះ ដែល​បាន​ឆ្លងដែន​ចូលទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​កូ​ឡុំ​ប៊ី​។ ប្រហែល ៥០​ម៉ឺន​នាក់​សម្រេច​ជ្រើស​រើសយក​ប៉េ​រូ ហើយ​ជនភៀសខ្លួន​ដែល​នៅ​សេសសល់​គឺ​នាំគ្នា​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អេ​ក្វា​ឌ័​រ អា​ហ្ស​ង់​ទីន ស៊ី​លី និង​ប្រេ​ស៊ី​ល​។ 
 
​នៅ​ក្រុង Cucuta គេ​ឃើញ​មាន​ផ្ទាំង​ស្វាគមន៍​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ជនជាតិ​ភៀសខ្លួន​ថែមទៀត ហើយ​ពួកគេ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្លាំង និង​ការថែទាំ​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូ​ឡុំ​ប៊ី​ដែរ​។ ជារួម​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ត្រូវបាន​ពលរដ្ឋ​កូ​ឡុំ​ប៊ី​ចាត់​ទុកដូចជា​បងប្អូន​ឬ​ក្រុមគ្រួសារ​បស់​ពួកគេ​ដែរ​។ ទង្វើ​ប្រជាជន​កូ​ឡុំ​ប៊ី​បានក្លាយ​ចម្ងល់​មួយ ប៉ុន្តែ​គេ​មិន​អាចយ​ល់ពី​មូល​ហេតុដែល​ប្រជាជន​កូ​ឡុំ​ប៊ី​មាន​សណ្តាន​ចិត្តល្អ​ចំពោះ​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ក្នុង​គ្រាអាសន្ន​អន់ក្រ​បែបនេះ បើសិនជា​គេ​មិនបាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ប្រជាជាតិ​ទាំងពីរ​នោះ​។ 
 
​ហេតុផល​ផល​ចម្បង​ទីមួយ​គឺ កូ​ឡុំ​ប៊ី និង​វេ​ណេ​ស៊ុយ​អេ​ឡា​ធ្លាប់ជា​ប្រទេស​តែមួយ​ក្នុង​ជំនាន់​មេដឹកនាំ​ប​ដិ​វដ្ត​ន៍​វេ​ណេ​ស៊ុយ​អេ​ឡា​លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា (Simon Bolivar)​។ វា​មានន័យថា ពួកគេ​ធ្លាប់ជា​បង​ប្អូ មាន​សាច់ឈាម​តែមួយ​ពី​អតីតកាល​។ បន្ទាប់ពី​ឈ្នះ​ម្ចាស់​អាណានិគម​អេ​ស្ប៉ា​ញ​នៅក្នុង​សមរភូមិ Boyaca និង Carabobo ក្នុង​ឆ្នាំ ១៨២១ លោក បូ​លី​វ៉ា ដែលជា​មេដឹកនាំ​នយោបាយ​ផង និង​យោធា​ផង​នោះបាន​សម្រេច​បង្កើត​រដ្ឋ​សហព័ន្ធ សាធារណរដ្ឋ កូ​ឡុំ​ប៊ី​ដ៏​ធំ​អស្ចារ្យ (Republic of Gran Colombia) ដោយមាន​រដ្ឋ​ចំណុះ​បួន​មាន​វេ​ណេ​ស៊ុយ​អេ​ឡា​, កូ​ឡុំ​ប៊ី​, ប៉ា​ណា​ម៉ា និង​អេ​ក្វា​ឌ័​រ​ផងដែរ​។​
 
​ប៉ុន្តែ​ដប់ឆ្នាំ​ក្រោយមក Republic of Gran Colombia ត្រូវបាន​រំលាយចោល​វិញ​ជា​ផ្លូវការ ហើយ​វេ​ណេ​ស៊ុយ​អេ​ឡា អេ​ក្វា​ឌ័​រ និង Nueva ឬ New Granada បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​។ New Granada បន្ទាប់មក​ត្រូវបាន​បំបែក​ខ្លួន​ជា​ពី​ក្លាយ​រដ្ឋ​កូ​ឡុំ​ប៊ី និង​បា​ណា​ម៉ា​ដល់​សព្វថ្ងៃនេះ​។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះហើយ​ដែល​បាន​ក្លាយជា​ចំណង​ចងភ្ជាប់​ទំនាក់ទំនង​ស្អិតល្មួត​រវាង​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា និង​កូ​ឡុំ​ប៊ី​ដូច្នេះ​។ 
 
​ចំណែក​ហេតុផល​ទី​ពីរ គឺ​កូ​ឡុំ​ប៊ី​ដឹង​ពី​ទុក្ខលំបាក និង​ព្យាយាម​តបស្នង​សងគុណ​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​។ គេ​គួរ​ដឹងថា កូ​ឡុំ​ប៊ី​រងគ្រោះ​ដោយសារ​សង្គ្រាមស៊ីវិល​ប្រឆាំង​ក្រុម​ឧទ្ទាម​ទ័ពព្រៃ​ជាង​ប្រាំ​ទសវត្សរ៍​មកហើយ​។ សង្គ្រាម​រវាង​កម្លាំងរ​ដ្ឋា​ភិ​បាល​ប្រឆាំង​កងកម្លាំង​ឧទ្ទាម FARC សម្លាប់​ប្រជាជន​ស្លូតត្រង់​ជិត​បី​សែន​នាក់ ហើយក៏​ង្កើ​ត​ឲ្យ​មាន​ជនភៀសខ្លួន​រហូតដល់ ប្រាំ​ពីរលាន​នាក់ ទម្រាំ​មាន​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ផ្លូវការ​កាលពី​ឆ្នាំ ២០១៧ ក្រោម​ការជំរុញ​ពី​អតីត​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក Juan Manuel Santos​។ យ៉ាងណាមិញ​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង រដ្ឋាភិបាល​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ទាហាន​រំដោះជាតិ (ELN)​ឡើយ​។ គេ​ចាំ​មិន​ភ្លេច​ថា ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ក៏​ធ្លាប់បាន​បើកទ្វារ​ចំហរ​ស្វាគមន៍​ជនភៀសខ្លួន​កូ​ឡុំ​ប៊ី​រាប់ម៉ឺន​នាក់​ដែរ​។ 
 
​យ៉ាងណាក៏ដោយ ភាព​រាក់ទាក់ និង​ទំនាក់ទំនង​ដ៏​កក់ក្តៅ​ប្រៀបដូចជា​ក្រុមគ្រួសារ​រវាង​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា និង​កូ​ឡុំ​ប៊ី​នេះ​ប្រហែលជា​មិន​ស្ថិតនៅ​យូរអង្វែង​ឡើយ​។ កំណើន​ជនភៀសខ្លួន​រៀងរាល់ថ្ងៃ ប្រាកដ​ណាស់​ថា វា​មិនអាច​ឲ្យ​កូ​ឡុំ​ប៊ី​ទ្រាំទ្រ​រួច​ឡើយ បើសិនជា​គ្មាន​ជំនួយ​ពី​ខាងក្រៅ ឬ​ពី​សហគមន៍​អន្តរជាតិ​។ 
 
​កំណើន​ជនភៀសខ្លួន​យ៉ាងគំហុក​រហូតដល់​លើស មួយ​លាន​នាក់​មិនមែនជា​រឿង​សាមញ្ញ​ទេ​សម្រាប់​កូ​ឡុំ​ប៊ី​។ វា​ជា​សម្ពាធ និង​បន្ទុក​ដ៏​ធំ​លើ​រដ្ឋាភិបាល​ក្រុង​បូ​ហ្គោ​តា ដ្បិតថា​ការចំណាយ​លើ​ការថែទាំ​ជនភៀសខ្លួន​នោះ​ស្មើនឹង​០,៥​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កូ​ឡុំ​ប៊ី​ទៅហើយ​។  កូ​ឡុំ​ប៊ី​ត្រូវ​ងាក​ទៅ​ទទួលខុសត្រូវ​លើ​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា ទាំង​ដែល​ខ្លួន​មាន​ប្រជាជន​ក្រីក្រ និង​ត្រូវការ​ជំនួយ​សង្គ្រោះ​ស្រាប់​នោះ​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ អនុ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី Marta Lucía Ramírez បានប្រកាសថា កូ​ឡុំ​ប៊ី​នៅតែ​ទ្វារ​ជួយ​ដល់​ជន​ដែល​ត្រូវការ​ជំនួយ ប៉ុន្តែ​លោកស្រី​ទទួលស្គាល់ថា ការទទួលខុសត្រូវ​ថែទាំ​ង​ជនភៀសខ្លួន​ច្រើន​លាន​នាក់​បន្ថែមទៀត​នឹង​ក្លាយជា​រឿង​លំបាក​បំផុត​សម្រាប់​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​។ ឆ្លៀតឱកាស​នោះ​លោកស្រី ក៏បាន​ប្រកាស​ដង្ហោយរ​ក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​មនុស្សជាតិ​ទាំងនេះ​រួមគ្នា​ដែរ​។​
 
​មួយទៀត ពលរដ្ឋ​កូ​ឡុំ​ប៊ី​មាន​អារម្មណ៍​ស្អប់ និង​ខឹងសម្បារ​ជនភៀសខ្លួន​ចាប់ផ្តើម​កើនឡើង​។ ហេតុផល​ចម្បង​គឺ​ករណី​ចោរកម្ម ឃាតកម្ម និង​ឧក្រិដ្ឋកម្ម ផ្សេងទៀត​ជាច្រើន​ដែល​បង្កដោយ​ជនភៀសខ្លួន​។ គេ​បារម្ភ​ថា បញ្ហា​ទាំងនេះ​នឹង​កើតមានឡើង​កាន់តែខ្លាំង​នៅពេលដែល​កំណើន​ជនភៀសខ្លួន​មាន​កាន់តែច្រើន​ថែមទៀត ហើយ​វា​នឹង​ប៉ះពាល់​កាន់តែខ្លាំង​ដល់​សន្តិសុខ​និង​សណ្តាប់ធ្នាប់​កូ​ឡុំ​ប៊ី​ដែរ​៕ 
 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  កូ​ឡុំ​ប៊ី​
  វិបត្តិ​សេដ្ឋកិច្ច​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com