ជាតិ
សង្គមជាតិ
កាំជ្រួច 3D សម្រាប់​អបអរសាទរ​វិមាន​ឈ្នះ​-​ឈ្នះ ទិញ​មកពី​ចិន​
27, Dec 2018 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក ឈុំ សុជាតិ
រូបពីហ្វេសប៊ុករបស់លោក ឈុំ សុជាតិ
​វិមាន​ឈ្នះ​-​ឈ្នះ នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៩-៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ នឹងមាន​ការបាញ់​កាំជ្រួច​អបអរសាទរ​បែប​3D ដែលមាន​លក្ខណៈ​ទំនើប និង​មាន​រូបភាព​ប្លែកៗ រយៈ​៣​យប់​ផងដែរ​។


 
​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កាំជ្រួច​ទាំងនោះ ទិញ​មកពី​ប្រទេស​ចិន​។ ចំពោះ​ការចំណាយ លោក​មិន​បានដឹង​នោះទេ​។ ក្នុង​កម្មវិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​ការពារជាតិ​មកពី​ប្រទេស​ចិន វៀតណាម ថៃ និង ឡាវ ផងដែរ​។ 
 
​កម្មវិធី​រយៈពេល​៣​ថ្ងៃនោះ មាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដូចជា​ការតាំងពិព័រណ៍​ផលិតផល​ជាតិ និង​អន្តរ​ជាតិប្រមាណ​៨០០​ស្តង់​, ប្រដាល់​គុណ​ខ្មែរ​, ជិះ​កង​, វាយ​កូន​ហ្គោល​, អុកចត្រង្គ​, ប្រណាំង​រទេះគោ រទេះក្របី រទេះសេះ និង​សិល្បៈ​ផ្សេងៗ​ទៀត​។  
 
​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន វិមាន​ឈ្នះ​-​ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៅ​កម្ពុជា​ទាំងមូល​។ 
 
​គួររម្លឹកថា វិមាន​ឈ្នះ​-​ឈ្នះ ត្រូវបាន​សាងសង់ឡើង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុង​ទំហំ​ផ្ទៃដី​៨​ហិច​តា នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​៕ 

Tag:
 វិមាន​ឈ្នះ​-​ឈ្នះ​
  កាំ​ជ្រូច 3D
© រក្សាសិទ្ធិដោយ thmeythmey.com