អន្តរជាតិ
ប្រមុខ​ការទូត​ចិន ប្រាប់​ឥណ្ឌា​៖ «​នាគ​ចិន និង ដំរី​ឥណ្ឌា​គួរ​រាំ​បទ​ភ្លេង​រួមគ្នា មិនមែន​ត្រៀមប្រយុទ្ធ​គ្នា​ទេ​»
27, Dec 2018 , 10:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ជាមួយលោកស្រី Sushma Swaraj នៅរដ្ឋធានីញូវដេលី ថ្ងៃ ២១ ខែធ្នូ (រូបភាព AFP)
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ជាមួយលោកស្រី Sushma Swaraj នៅរដ្ឋធានីញូវដេលី ថ្ងៃ ២១ ខែធ្នូ (រូបភាព AFP)
​សប្តាហ៍​មុន​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ដើម្បី​ចូលរួម​ប្រជុំ​កម្រិត​ខ្ពស់​ស្តីពី​បម្លាស់ប្តូរ​វប្បធម៌​និង​ប្រជាជន​ចិន​-​ឥណ្ឌា​។ នៅ​ទីនោះ​លោក​បាន​ប្រាប់​សម​ភាគី​ឥណ្ឌា​លោកស្រី Sushma Swaraj ថា «​នាគ​» និង «​ដំរី​» គួរ​រាំ​ចង្វាក់ភ្លេង​រួមគ្នា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី មិនមែន​ប្រយុទ្ធប្រឆាំង​គ្នា​ឡើយ​។​


 
​លោក វ៉ាង យី ដែល​កាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​ផង​នោះបាន​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​រយៈពេល បួន​ថ្ងៃ​ឯណោះ និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ជា​លើកដំបូង​នេះ​ជាមួយ​លោកស្រី​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា Sushma Swaraj សប្តាហ៍​មុន​ពីថ្ងៃ​២១​ដល់​ថ្ងៃ ២៤ ធ្នូ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua កិច្ចប្រជុំ​ស្តីពី​បម្លាស់ប្តូរ​វប្បធម៌ និង​ចំណងមិត្តភាព​ប្រជាជន​ចិន និង​ឥណ្ឌា​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្នុងនាម​ជា​មិត្ត​ជិតខាង និង​ជា​ដៃគូ​សហប្រតិបត្តិការ​។ 
 
​ក្នុងឱកាស​នេះ ប្រមុខ​ការទូត​ចិន​រូបនេះ​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​មហាអំណាច​និង​ជា​មិត្ត​ជិតខាង «​នាគ​ចិន និង​ដំរី​ឥណ្ឌា​» គួរ​ណាស់​ចូលរួម​រាំ​ជាមួយគ្នា​ក្នុង​ភាពជា​មិត្ត មិនមែន​ក្រឺត​ធ្មេញ​ដាក់គ្នា​ដូច​ត្រៀមប្រយុទ្ធ​ឡើយ​។​
 
«​ចិន និង​ឥណ្ឌា​ជា​អ្នកជិតខាង​ដ៏​សំខាន់​សម្រាប់​គ្នា​ទៅវិញទៅមក និង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ធំ​លើសគេ​។ កិច្ចសហប្រតិបត្តិការ​ឈ្នះ និង បម្លាស់ប្តូរ​ទំនាក់ទំនងរ​ស់រាយ​រាក់ទាក់​រវាង​ចិន​និង​ឥណ្ឌា​មាន​ឥ​ទ្ធ​ពល​វិជ្ជមាន​លើ​ការអភិវឌ្ឍ​នៃ​ពិភពលោក និង​សង្គមមនុស្ស​ផង​»​។ លោក វ៉ាង យី បញ្ជាក់​ដូច្នេះ​។​
 
​ចំណែក​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោកស្រី Swaraj បានកត់សម្គាល់​ពីសារ​សំខាន់​នៃ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ដែល​ត្រូវបាន​រៀបចំ​ឡើងជា​លើកទីមួយ ដោយ​លើក​ហេតុផល​ថា វា​នឹង​ជួយ​លើកស្ទួយ​ទំនាក់ទំនង និង​ចំណងមិត្តភាព​រវាង​មហាអំណាច​ទាំងពីរ​បន្ថែមទៀត​។​
 
​លោកស្រី​បាន​សង្កត់ធ្ងន់ថា ចំណងមិត្តភាព​ដែល​ចងភ្ជាប់​នៅ​ជាមួយ​អ​រី​យ​ធម៌​ដ៏​ចំណាស់​រវាង​ចិន និង​ឥណ្ឌា ជាពិសេស​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​រវាង​បញ្ញា​វ័​ន្ត​សម័យបុរាណ​ជា​កត្តា​ជំរុញ​ឲ្យ​ទំនាក់ទំនង​បច្ចុប្បន្ន​កាន់តែ​ស៊ីជម្រៅ ហើយ​តួនាទី​របស់​មហាអំណាច​ទាំងពីរ​ចិន និង​ឥណ្ឌា​នេះ​កាន់តែ​រីក​ធំ​ថែមទៀត​ក្នុងការ​រួមចំណែក​ដឹកនាំ​តំបន់​អាស៊ី និង​សម្រេចបាន​នូវ «​សតវត្ស​អាស៊ី​»​ផងដែរ​។​
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០១៧ មហាអំណាច​គីឡូ​ធ្ងន់​ឥណ្ឌា និង​ចិន​បាន​ប្រឈមមុខគ្នា​ស្រួចស្រាល់​ដោយសារ​បញ្ហា​ជម្លោះព្រំដែន Doklam ស្ថិតនៅតាម​ព្រំដែន​តំបន់​ស្វយ័ត​ទី​បេ និង​ប្រទេស​ប៊ូ​តង់​។ ជម្លោះព្រំដែន​នៅ Doklam កើតឡើង​នៅ​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៧ ក្រោយ​យោធា​ចិន​បញ្ជូន​គ្រឿងចក្រ​ឈូសឆាយ​នៅ​តំបន់​ខ្ពង់រាប​លើ​ភ្នំ​ហិមាល័យ ប៉ុន្តែ​ឥណ្ឌា​ដែលជា​សម្ព័ន្ធមិត្ត​ប៊ូ​តង់​បាន​ចូលទៅ​ឃាត់​រហូតដល់​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ឥណ្ឌា និង​ចិន​តែម្តង​។​
 
​ប៉ុន្តែ​ក្រោយមក ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​បញ្ហា​ព្រំដែន​ត្រូវបាន​ដោះស្រាយ​ដោយ​កិច្ចពិភាក្សា​និង​មានការ​ដកទ័ព​ផង​។ រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ព្យាយាម​ផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​ចំពោះ​មហា​យក្ស​ចិន​ដែលជា​មិត្ត​ជិតខាង​។ 
 
​គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៨ នេះ​លោក  ម៉ូ​ឌី ត្រូវ​ជួបពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​ប្រធានាធិបតី​ចិន​បី​លើក​។ លើកទីមួយ​លោក ម៉ូ​ឌី បាន​អញ្ជើញ​ទៅកាន់​ទីក្រុង Wuhan ប្រទេស​ចិន និង​ជួបពិភាក្សា​មិន​ផ្លូវការ​ជាមួយ​លោក ស៊ី ជិន​ភីង​កាលពី​ចុងខែ​មេសា​កន្លងទៅ​។ ក្នុងជំនួប​កាលនោះ​មេដឹកនាំ​ឥណ្ឌា និង​ចិន​បាន​ពិភាក្សា​ពី​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​តាម​ព្រំដែន ប្រឆាំង​ភេរវកម្ម និង​រក្សា​សន្តិសុខ​នៅ​មហាសមុទ្រ​ឥណ្ឌា​ជាដើម​។​
 
​អ្នកជំនាញ​យល់ថា បើសិនជា​ចំណងមិត្តភាព​កាន់តែ​ស្អិតល្មួត​ប្រៀបដូចជា​មិត្ត​ល្អ «​សតវត្ស​អាស៊ី​» នឹងមាន​មូលដ្ឋាន​កាន់តែ​រឹងមាំ ហើយ​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​សេដ្ឋកិច្ច​នឹង​រក្សា​វត្តមាន​នៅក្នុង​តំបន់​ទាំងមូល​ដែរ​៕
 

Tag:
 ឥណ្ឌា​
  ចិន​
  វ៉ាង យី
  Suhsma Swaraj
© រក្សាសិទ្ធិដោយ thmeythmey.com