កីឡាអន្តរជាតិ
អន្តរជាតិ
ណា​ជីប ជឿជាក់ថា Solskjaer នាំ Man Utd ឲ្យ​មាន​ទីតាំង​ប្រសើរ​ជាង​លេខ​៦
27, Dec 2018 , 5:52 pm        
រូបភាព
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​កំពុង​ជាប់​ក្តីក្តាំ​ពុករលួយ ណា​ជីប រ៉ា​ហ្សា​ក់ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​ជុំវិញ​ជ័យជម្នះ​របស់​ក្រុម Manchester United ចំនួន​២​ប្រកួត​ចុងក្រោយ​នៅក្រោម​ការដឹកនាំ​របស់​អ្នក​ចាត់​ថ្មី​លោក Ole Gunnar Solskjaer​។

  

 
​ក្រុម​បិសាច​ក្រហម​បាន​យកឈ្នះ Huddersfield Town ដោយ​លទ្ធផល ៣-១ នា​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League នៅ​ថ្ងៃ Boxing Day ក្នុង​កីឡដ្ឋាន Old Trafford ដែលជា​ការ​ឈ្នះ​លើក​ទី​២​ចាប់តាំងពី​លោក Solskjaer បាន​ឡើង​ដឹកនាំ​បណ្តោះអាសន្ន​ជំនួស​លោក Jose Mourinho​។ 
 
២​ប្រកួត​ចុងក្រោយ​នេះ Man Utd បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ជាមួយនឹង​ក្បួន​វាយ​សម្រុក​លើ​គូប្រកួត​ដោយ​អាច​ស៊ុត​បញ្ចូល​ទី​បាន​រហូត​៨​គ្រាប់​។ វា​ជាការ​កត់សម្គាល់​មួយ​ផងដែរ​សម្រាប់​ភាពខុសគ្នា​ពី​របៀប​ដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស និង​អ្នកចាត់ការ​ព័រ​ទុយ​ហ្គា​ល់​។​


 
​ជា​រឿង​ពិសេស​មួយទៀត​ផងដែរ​ជុំវិញ​លទ្ធ​ផ​នេះ​។ លោក​ណា​ជីប រ៉ា​ហ្សា​ក់ ដែល​ធ្លាក់​ពី​តំណែង​ដោយ​ចាញ់​ការបោះឆ្នោត​សភា​ម៉ាឡេស៊ី​កាលពី​ខែឧសភា​កន្លងទៅ និង​ជា​អ្នកគាំទ្រ​ក្រុម Man Utd មួយរូប​ដែរនោះ ក៏មាន​ការចាប់អារម្មណ៍​នឹង​ការដឹកនាំ​របស់ Solskjaer ផងដែរ​។ 
 
​រ៉ា​ហ្សា​ក់​ដែល​បច្ចុប្បន្ន​អាយុ ៦៥​ឆ្នាំ បាន​រៀបរាប់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ក្រោយ​ជ័យជម្នះ​របស់ Man Utd ថា​៖«​ជ័យជម្នះ​ពីរលើក​ជាប់ៗ​គ្នា​ក្រោម​ការដឹកនាំ​របស់ Gunnar Solskjaer​។ ជាការ​ប៉ាន់ស្មាន យើង​អាច​ចេញពី​រូងភ្នំ​បាន​ហើយ​។ ចំណាត់ថ្នាក់​ទី ៦ មិនមែនជា​កន្លែង​រប​ស់​យើង​ទេ​។ ភាពជឿជាក់​នៅ​ឆ្នាំ ២០១៩ យើង​នឹង​ទៅមុខ​ហើយ #GGMU»​។ 
​ការលើកឡើង​របស់លោក​រ៉ា​ហ្សា​ក់​បែបនេះ មានន័យថា​លោក​ពិតជា​ជឿជាក់​លើ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ ថា​អាច​ដណ្តើម Top 4 បាន​នៅ​ចុងបញ្ចប់​រដូវ​កាល ដើម្បី​បាន​កៅអី​លេង​នៅ Champions League រដូវ​កាល​ក្រោយ​៕
 

Tag:
 បាល់ទាត់​
  ណា​ជីប រ៉ា​ហ្សា​ក់​
  Ole Gunnar Solskjaer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com