គួរ​អាន​! បើ​ចង់​រក្សា​សុខភាព​បេះដូង​ល្អប្រសើរ កុំ​ភ្លេច​ទទួលទាន​អាហារ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គួរ​អាន​! បើ​ចង់​រក្សា​សុខភាព​បេះដូង​ល្អប្រសើរ កុំ​ភ្លេច​ទទួលទាន​អាហារ​ទាំងនេះ​
28, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​រក្សាសុខ​ភាព​បេះដូង ក៏ដូចជា​រាងកាយ​ទាំងមូល​។ អ្នក​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​សរសៃឈាម​បេះដូង ឬ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង​ប្រកបដោយ​ប្រសិទ្ធិភាព​តាមរយៈ​ការជ្រើសរើស​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​បាន​ត្រឹមត្រូវ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ដាក់បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​បង្ការ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖

១. ផ្លែ​បឺ​រ 
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ (monounsaturated fats) និង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​។ លើសពីនេះទៅទៀត ផ្លែ​បឺ​រ ក៏​ជា​ប្រភព​នៃ​វីតាមីន C, សារធាតុ carotenoids និង​ជាតិ​ស​សៃ​ផងដែរ​។ carotenoids ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​ស​សៃ​ឈាម​បេះដូង​។ ខណៈដែល​ជាតិ​ស​សៃ​ជួយ​ដល់​រាងកាយ​ក្នុងការ​ស្រូបយក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ចាំបាច់​។​

២. សូកូឡា​ខ្មៅ​

​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូកូឡា​ខ្មៅ​ដែលមាន​ផ្ទុក​ជាតិ​កា​កាវ​ពី ៧៥ ដល់ ៨៥ ភាគរយ ក៏​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​សម្រាប់​សុខភាព​បេះដូង​ផងដែរ​។ កា​កាវ​ជា​ប្រភព​នៃ​សារធាតុ​ម្យ៉ាង​ហៅថា phenols ដែលមាន​ប្រសិទ្ធិភាព​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។
៣. ប្រេង​អូ​លីវ​សុទ្ធ​
 
​ប្រេង​អូ​លីវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ (monounsaturated fats) ដែល​ជួយ​កាត់បន្ថយ​ទាំង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
៤. បន្លែ​ស្លឹក​បៃតង​
 
​បន្លែ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​, វីតាមីន C, វីតាមីន A និង​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​រាងកាយ​ទាំងមូល​តែម្ដង​។​
 
៥. ថ្លើម​
 
​ថ្លើម មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ដែល​ល្អ​សម្រាប់​បេះដូង​។​
 
៦. ត្រី​សាល​ម៉ុ​ន​
 
​ត្រី​សាល​ម៉ុ​ន រួមទាំង​ត្រី​សម្បូរ​ខ្លាញ់​ដទៃទៀត​ដូចជា​ត្រី​សា​ឌី​ន​សុទ្ធតែជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​។​
 
៧. ប៉េងប៉ោះ
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​សារធាតុ lycopene ជួយ​ការពារ​កោសិកា​ពី​ការបំផ្លាញ ឬ​ខូចខាត​។​

៨. គ្រាប់​វាល់​ណឺ​ត​
 
​គ្រាប់​ធញ្ញជាតិ​នេះ​មាន​ប្រសិទ្ធិភាព​ជួយ​បង្កើន​មុខងារ​បេះដូង​ជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្គា ៣ ដែល​វា​មាន​ផ្ទុក​។ គ្រាន់តែ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​នេះ​ចំនួន ៥៧ ក្រាម​ក្នុង​មួយថ្ងៃ​អាចជួយ​ធ្វើឱ្យ​មុខងារ​ស​សៃ​ឈាមមាន​លក្ខណៈ​ប្រសើរឡើង​ជួយ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង​។ ការទទួល​ទាន​មួយ​ក្ដាប់ដៃ​នៃ​គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម