កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​ម្នាក់​ស្លាប់​ក្នុង​អំពើហិង្សា មុន​ជំនួប Inter-Napoli
28, Dec 2018 , 2:04 pm        
រូបភាព
​អ្នកគាំទ្រ​កីឡាបាល់ទាត់​សញ្ជាតិ​អ៊ីតាលី​ម្នាក់​បាន​ស្លាប់​អំឡុងពេល​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​មុន​ការប្រកួត​ដែល Inter Milan ឈ្នះ Napoli ១-០ ក្នុង​កីឡដ្ឋាន San Siro នា​ជំនួប Boxing Day ក្របខណ្ឌ Serie A​។ តាម​ការបញ្ជាក់​របស់​ប៉ូលីស​ក្នុង​តំបន់ បុរស​ម្នាក់​នោះ​ត្រូវបាន​រថយន្ត​បើក​បុក​ក្នុង​អំពើហិង្សា​នោះ​។​


 
​បុរស​វ័យ ៣៥ ឆ្នាំ ដែល​ស្ថិតនៅ​ជាមួយ​ក្រុម​អ្នកគាំទ្រ Inter ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ភាគ​ខាងជើង​ទីក្រុង​មី​ឡេ​ន ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី​២៦ ខែធ្នូ ប៉ុន្តែ​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​នោះ​។​


 
​ហិង្សា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ កើតឡើង​នៅពេល​មានការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ Inter និង Napoli នៅក្បែ​កីឡដ្ឋាន San Siro មុខ​ជំនួប​ប្រកួត​របស់​ក្រុម​ទាំងពីរ​ក្នុង​លី​គ​សប្តាហ៍​ទី​១៨​។​
 
 
​បុរស​ដែល​បាន​ស្លាប់​នោះ​ត្រូវបាន​គេ​រៀបរាប់ថា​ជា «​អ្នកគាំទ្រ​ងប់​ង​ល់​ម្នាក់​របស់ Inter» មកពី​ទីក្រុង Varese ភាគ​ខាងជើង ប្រទេស​អ៊ីតាលី ដែល​ត្រូវបាន​ហាមឃាត់​កាលពី ៦ ឆ្នាំមុន នៅពេល​មានការ​ប៉ះទង្គិច​គ្នា​ក្នុងការ​ប្រកួត​របស់ Inter ដែរ​។ ជនរងគ្រោះ​នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Daniele Belardinelli អាយុ ៣៥ ឆ្នាំ​។​
 
​ប៉ូលីស​ក្នុង​តំបន់​ដដែល​ក៏បាន​អះអាង​ដែរ​ថា អ្នកគាំទ្រ​របស់ Napoli ៤​នាក់ ក៏​ទទួល​រងរបួស​ផងដែរ ហើយ​ម្នាក់​ក្នុងចំណោម​នោះ​ត្រូវបាន​គេ​ចាក់​ទៀតផង​៕

Tag:
 បាល់ទាត់​
  Inter Milan
  Napoli
© រក្សាសិទ្ធិដោយ thmeythmey.com