ជាតិ
សង្គមជាតិ
ក្រុម HOTLINE ជនបរទេសប្រមូលផ្តុំព័ត៌មានជុំវិញជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅសៀមរាប
× សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្កើតក្រុមការងារ Hotline ទាក់ទងនឹងជនបរទេសនៅដើមឆ្នាំ ២០១៨។ ក្រុមនេះមានភារកិច្ចទាក់ទងនឹងព័ត៌មានពីការស្នាក់នៅ ការរកស៊ី បញ្ហាគ្រោះថ្នាក់ និងដោះស្រាយបញ្ហាជនបរទេសឱ្យបានទាន់ពេលវេលា។
លោក ហួត សុធី ស្នងការរង និងជាអនុប្រធានអចិន្រៃ្ដយ៍នៃក្រុមការងារ Hotline ជនបរទេស បានប្រាប់សារព័ត៌មានថ្មីៗថា សមាសភាពក្រុមការងារនេះប្រមូលផ្តុំដោយមន្ត្រីគ្រប់ជំនាញទាំងផ្នែក នគរបាលទេសចរណ៍ គ្រឿងញៀន និងអន្ដោប្រវេសន៍។ល។ ហើយដែលមានស្នងការនគរបាលខេត្តសៀមរាបជាប្រធានក្រុម។ ក្រុមការងារនេះ ក៏មានការចូលរួមពីស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប រួមមានស្ថានកុងស៊ុលចិន បារាំង ជប៉ុន វៀតណាម កូរ៉េ និងអង់គ្លេស។ល។
តាមការបញ្ជាក់របស់លោក ហួត សុធី ក្រុមការងារនេះបានជួយសម្រួលការងារជាច្រើនដល់ជនបរទេស ហើយកិច្ចប្រជុំតែងធ្វើជាទៀងទាត់រយៈពេល៣ខែម្ដង ដើម្បីស្ដាប់កង្វល់ និងវិធីសាស្ដ្រដោះស្រាយរាល់កង្វល់ និងបញ្ហារបស់ជនបរទេស។
នៅក្នុងកិច្ចប្រជុំលើកទី៤ ដែលធ្វើនៅថ្ងៃទី ២១ ធ្នូ របាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅក្នុងខេត្តសៀមរាបបានឱ្យដឹងថា វិនិយោគិន និងអ្នកទេសចរបរទេស ដែលមកខេត្តសៀមរាបបានទទួលរងគ្រោះមានចំនួន ១០០ករណី មាន២៣សញ្ជាតិ ភាគច្រើនរងគ្រោះដោយអំពើចោរកម្មលួច-ឆក់ ចាប់ជំរិត រងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ដោយជំងឺ និងឆបោកតាមប្រព័ន្ធអ៊ីនធើណិត។
លោក ហួត សុធី បន្ថែមថា ក្រុមការងារនេះ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស្ថានកុងស៊ុល ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ហើយប្រព័ន្ធនេះគឺពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើការរួមគ្នាជាមួយជនបរទេសទាំងទេសចរ និងបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ថា ប្រព័ន្ធ Hotline ដែលស្នងការខេត្តសៀមរាបបានបង្កើតនោះមានទាំងប្រព័ន្ធទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម តាមរយៈលេខ ០៣១ ៣៧៤ ៩៨៥១៕
© រក្សាសិទ្ធិដោយ thmeythmey.com