សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន​មាន​សេវាកម្ម​ជួល​មនុស្ស​ធ្វើ​មិត្តភក្តិ គ្រួសារ និង​ថត Selfie ជាមួយគ្នា​
29, Dec 2018 , 2:59 pm        
រូបភាព
ដោយ: ធីតា
​ជាទូទៅ លុយ​មិនអាច​ទិញ​សេចក្តីស្រឡាញ់​បានឡើយ ប៉ុន្តែ​នៅ​ជប៉ុន លុយ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួល​សេវាកម្ម​នៃ​សេចក្តីស្រឡាញ់​បាន​។  នា​រយៈពេល​ប្រមាណ​១០​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​មួយ​របស់​ជប៉ុន បាន​បម្រើសេវា​កម្មជួល​មនុស្ស​ឲ្យ​ធ្វើជា​មិត្តភក្តិ និង​គ្រួសារ​ក្លែងក្លាយ​របស់​អតិថិជន ឬក៏​ធ្វើជា​អ្នក​យំ​ស្រែក​ក្នុង​ពិធី​បុណ្យសព​ជាដើម​។​

 
​បង្កើតឡើង​នៅ​ឆ្នាំ​២០០៩ ដោយ​លោក Ishii Yuichi ក្រុមហ៊ុន Family Romance http://family-romance.com/  មមាញឹក​យ៉ាងខ្លាំង​ក្នុង​ការផ្តល់សេវា​កម្មម​នុស្ស​ឲ្យ​ធ្វើជា​ស្វាមី ភរិយា មិត្តភក្តិ ឪពុក ម្តាយ ឬ​មិត្ត​រួមការ​ងារ​របស់​អតិថិជន​នៅ​ទូទាំងប្រទេស​ជប៉ុន​។ 


 
​ក្នុង​បទ​សម្ភាស​ជាមួយ The Atlantic លោក Yuichi បាន​បញ្ជាក់ថា តម្លៃ​សេវាកម្ម​មាន​ចន្លោះ​ប្រមាណ​ពី​៨៨​ដុល្លារ ទៅ​២០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ោង​។ បច្ចុប្បន្ន លោក​មាន​បុគ្គលិក​ប្រមាណ​៨០០​នាក់​ដែល​រង់ចាំ​ផ្តល់​ភាពកក់ក្តៅ​សម្រាប់​អតិថិជន​។​
 
​បុគ្គលិក​ដែល​ផ្តល់​សេវាកម្ម​គ្រួសារ ឬ​មិត្តភក្តិ​ក្លែងក្លាយ​នេះ ត្រូវតែ​ដើរតួ​ឲ្យ​ដូចជា​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​ជិតស្និទ្ធ ។ ពួកគេ​អាច​ញ៉ាំ​បាយ​ជាមួយគ្នា ដើរ​កម្សាន្ត ឬ​ដើរ​ផ្សារ​ជាមួយគ្នា ដោយ​បង្ក​បរិយាកាស​សប្បាយរីករាយ​គ្រប់ពេល​។ 
 
​ក្រៅពីនេះ Family Romance ក៏​ផ្តល់​សេវាកម្ម​ធ្វើជា​ភ្ញៀវ​ចូលរួម​ក្នុង​ពិធីមង្គលការ ឬ​ពិធី​បុណ្យសព​ផងដែរ ជាពិសេស​សម្រាប់​អ្នក​ដែល​ខ្សត់​ភ្ញៀវ ឬ​សាច់ញាតិ​។ លោក Yuichi ខ្លួនឯង​ផ្ទាល់​ដែលមាន​អាយុ​ជិត​៤០​ឆ្នាំ​ទៅហើយ​នេះ ក៏​អាច​ដើរតួ​ជា​មិត្ត​ប្រុស​ក្លែងក្លាយ​ផងដែរ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​មិន​ផ្តល់​សេវាកម្ម​ផ្លូវភេទ​នោះឡើយ​។​


 
​ស្ថាបនិក​រូបនេះ បាន​លើកឡើងថា សេវាកម្ម​ធ្វើជា​ឪពុក​ក្លែងក្លាយ គឺជា​កិច្ចការ​ដ៏​លំបាក​ជាងគេ​បំផុត ដោយ​ពួកគេ​ត្រូវធ្វើ​ឲ្យ​យ៉ាងណា​ឲ្យ​ក្មេងៗ​ពេញចិត្ត និង​មាន​ទំនុកចិត្ត​។ ម្យ៉ាងទៀត ក្មេង​តែងតែមាន​តម្រូវការ​ខ្ពស់​ពី​ឪពុក ហេតុដូច្នេះ អ្នក​ដែល​បម្រើសេវា​កម្មនេះ ត្រូវ​អត់ធ្មត់ និង​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ពី​គ្រួសារ​របស់​អតិថិជន​។​
 
​បច្ចុប្បន្ន និន្នាការ​ដ៏​ពេញនិយម គឺ​ការស្វែងរក​ដៃគូ​ថត​ជាមួយគ្នា​ដើម្បី​បង្ហោះ​លើ​បណ្តាញ​សង្គម ដូចជា ហ្វេ​ស​ប៊ុ​ក​, Instagram ឬ Twitter ជាដើម​។ សម្រាប់​អ្នក​នៅ​លីវ ឬ​គ្មាន​ដៃគូ ជាពិសេស​អ្នក​ដែល​នៅ​ក្រុង​តូ​ក្យូ អាចទាក់ទង​ទៅកាន់ Family Romance ដោយ​ក្រុមហ៊ុន​មាន​អាល់​ប៊ុ​ម បុគ្គលិក​របស់ខ្លួន​ទៅតាម​ភេទ អាយុ និង​រូបសម្បត្តិ​។​


 
​អតិថិជន​អាច​ជ្រើសរើស បុគ្គលិក​ណា​ម្នាក់​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​បបួល​ថតរូប​ជាមួយ​ខ្លួន ដើម្បី​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​តម្លៃ​សេវាកម្ម​រយៈពេល​២​ម៉ោង​តម្លៃ​ប្រមាណ​៧០​ដុល្លារ​អាមេរិក​៕
 

Tag:
 សេវាកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com