ONE Championship
កីឡាជាតិ
ជាតិ
ONE Championship តែងតាំង​លោក Hideyuki
28, Dec 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ ស្ថាប័ន​ប្រដាល់​ដ៏​ធំជាងគេ​លំដាប់​ពិភពលោក ONE Championship បានប្រកាស​តែងតាំង​លោក Hideyuki "Andy" Hata ជា​ប្រធាន​ស្ថាប័ន​របស់ខ្លួន ប្រចាំ​នៅ​ប្រទេស​ជប៉ុន​។​

 
​អ្នកជំនួញ​ជនជាតិ​ជប៉ុន​រូបនេះ នឹង​តំណាង​ឲ្យ​ស្ថាប័ន​ប្រដាល់​ពិភពលោក ដោយមាន​កាតព្វកិច្ច​ត្រួតពិនិត្យ​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​ស្ថាប័ន​ក្នុង «The Land of The Rising Sun» ពីព្រោះ​ពេលនេះ ONE Championship ព្យាយាម​វាយលុក​ទីផ្សារ​នៅ​ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ ២០១៩​។​
 
​លោក "Andy" Hata ប្រធាន ONE នៅ​ជប៉ុន​ថ្លែងថា​៖ 
 
«​ខ្ញុំ​រំភើប និង​មាន​កិត្តិយស​ខ្លាំងណាស់ ដែល​អាចជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​មានតម្លៃ​រាប់លាន​ដុល្លារ​ដូចជា ONE Championship ជា​ស្ថាប័ន​ពិភពលោក​មួយ​ដែល​យកចិត្តទុកដាក់ និង​មាន​ឆន្ទ​មោះមុត​ក្នុងការ​លើកតម្កើង​អាស៊ី​ឲ្យ​មានតម្លៃ​លើ​ឆាក​អន្តរជាតិ​»​។ 
 
«​ខ្ញុំ​ទន្ទឹងរង់ចាំ​ឱកាស​ដើម្បី​ពង្រីក​ទីផ្សារ​ក្បាច់គុន​របស់ ONE Championship ដែលមាន​ស្រាប់​ឲ្យ​កាន់តែ​ធំ​ឡើង ក៏ដូចជា​នាំយក​កីឡាប្រដាល់​ចូលក្នុង​វិស័យ​កំសាន្ត​របស់​ជប៉ុន ឲ្យ​ប្រជាជន​ជប៉ុន​បាន​រីករាយ​ទស្សនា​ទូទាំងប្រទេស​»​។​
 
"Andy" Hata គឺជា​អ្នកដឹកនាំ​ម្នាក់​ដែល​ទទួលបាន​ការគោរព​ច្រើន ហើយ​សព្វថ្ងៃ​លោក​ក៏មាន​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​នៅ Nielsen Sports ដែលមាន​កាតព្វកិច្ច​មើល​ការខុសត្រូវ​រាល់​ដំណើរការ​សកម្មភាព​អាជីវកម្ម​របស់ Nielsen Sports ប្រចាំ​ប្រទេស​ជប៉ុន​, កូរ៉េខាងត្បូង និង ចិនដីគោក​ផងដែរ​។ 
 
​ម្យ៉ាងទៀត ONE Championship ក៏​នឹង​រៀបចំ​កម្មវិធី​បើកឆាក​សម្រាប់​ឆ្នាំ​ថ្មី​នៅ​ទីក្រុង​តូ​ក្យូ ក្នុង​ព្រឹត្តិការណ៍ ONE: A NEW ERA ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា នា​ពហុ​កីឡដ្ឋាន Ryogoku Kokugikan​។ 
 
​ព្រឹត្តិការណ៍​ដ៏​ធំជាងគេ​ប្រចាំ​ឆ្នាំនេះ នឹងមាន​ការដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ដ៏​អស្ចារ្យ​ចំនួន​៣ ក្នុងនោះ​ក៏​នឹងមាន​វត្តមាន Eddie Alvarez អតីត​ជើងឯក​ពិភពលោក​របស់ UFC ដែល​ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ដូចគ្នា​គឺ Demetrious "Mighty Mouse" Johnson​។ 
 
​លោក Chatri Sityodtong ប្រធាន​ប្រតិបត្តិ និង​ជា CEO របស់ ONE Championship បាន​ស្វាគមន៍​រាក់ទាក់​លោក "Andy" Hata ពីព្រោះ​ស្ថាប័ន​ធំ​នេះ​ត្រូវ​ព​ង្លូ​ត​ខ្លួន​ឲ្យ​បាន​ទូទាំង​អាស៊ី​។ 
 
«​ខ្ញុំ​រីករាយ​ស្វាគមន៍​លោក Andy Hata ចូល​ជា​សមាជិក​ក្នុង​ក្រុម​ដើម្បី​ដឹកនាំ ONE Championship យើង​។ Andy ​គឺជា​អ្នកដឹកនាំ​ផ្នែក​ជំនួញ​លំដាប់​ពិភពលោក​ម្នាក់ ដែល ពោ​ពេញ​ដោយ​ឆន្ទ​ស្នេហា​វិស័យ​ក្បាច់គុន និង​បំណងប្រាថ្នា​ធ្វើ​ឲ្យ​វិស័យនេះ​ល្បី​ទូទាំង​សាកល​។ គាត់​មាន​សមត្ថភាព​ក្នុង​ការបង្កើត​ក្រុមហ៊ុន​ថ្មីៗ មានបទពិសោធន៍​ច្រើន​ខាង​ដឹកនាំ មាន​ប្រាជ្ញា​ឈ្លាសវៃ ព្រមទាំង​មាន​ប្រវត្តិ​ជោគជ័យ​ខ្លាំង​ខាង​ធ្វើ​ពាណិជ្ជកម្ម​នានា​ផងដែរ​»​។ 
 
​ដោយឡែក ONE Championship ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយទៀត​នៅ​ជប៉ុន​សម្រាប់​ខែតុលា ឆ្នាំ​២០១៩ ដែរ ដែលមាន​ឈ្មោះថា ONE: GREATNESS UNLEASHED៕ 
 
​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com