អន្តរជាតិ
រដ្ឋ​អារ៉ាប់​ផ្តើម​ងាក​មក​ចាប់ដៃ​របប​ដឹកនាំ អាសាដ ឡើងវិញ ខណៈ​ភ្លើងសង្គ្រាម​កាន់តែ​ជិត​រលត់​
28, Dec 2018 , 3:43 pm        
រូបភាព
ទង់អេ​មី​រ៉ាត់ អារ៉ាប់រួម ត្រូវបានបង្ហូតឡើងវិញនៅក្រុងដាម៉ាស នៅពេល ស្ថានទូតរដ្ឋអារ៉ាប់មួយនេះត្រូវបានបើកឡើងវិញជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ (AFP)
ទង់អេ​មី​រ៉ាត់ អារ៉ាប់រួម ត្រូវបានបង្ហូតឡើងវិញនៅក្រុងដាម៉ាស នៅពេល ស្ថានទូតរដ្ឋអារ៉ាប់មួយនេះត្រូវបានបើកឡើងវិញជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ (AFP)
អេ​មី​រ៉ាត់ អារ៉ាប់រួម សម្រេច​បើក​ស្ថានទូត​របស់ខ្លួន​ឡើងវិញ​នៅ​រដ្ឋធានី​ដា​ម៉ាស​ប្រទេស​ស៊ី​រី​នៅ​សប្តាហ៍​នេះ ហើយ​បា​រ៉ែ​ន​ប្រកាសថា​ខ្លួន​នឹង​ចាប់ផ្តើម​បើក​ស្ថានទូត​របស់ខ្លួន​នៅ​ស៊ី​រី​ឆាប់ៗ​ដែរ​។ ការសម្រេច​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​បំណង​របស់​រដ្ឋ​ឈូង​សមុទ្រ​មួយ​នេះ​ក្នុង​ការនាំ​ស៊ី​រី​ត្រឡប់​ចូល​សម្ព័ន្ធ​អារ៉ាប់​ឡើងវិញ និង​ជាស​ញ្ញា​មួយ​បញ្ជាក់ថា ភ្លើងសង្គ្រាម​ស៊ី​រី​ដែល​ឆាបឆេះ​អស់​ប្រាំពីរ​ឆ្នាំ​មកនេះ កាន់តែ​ជិត​រលត់​មែនទែន​ហើយ​។


 
អេ​មី​រ៉ាត់ អារ៉ាប់រួម ​បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ស៊ី​រី​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១២ បន្ទាប់ពី​មានការ​ប​ង្រា្ក​ប​ចលនា​ប៉ះ​បោរ​ប្រឆាំងនឹង​របប​ដឹកនាំ​ស៊ី​រី​របស់លោក បា​សា អាល់​អាសាដ និង​បណ្តាល​ឲ្យ​សង្គ្រាមស៊ីវិល​ផ្ទុះ​ឡើងជា​ផ្លូវការ​។​
 
​ប៉ុន្តែ​ជិត​ប្រាំពីរ​ឆ្នាំ​ក្រោយមក ទង់ជាតិ​អេ​មី​រ៉ាត់ អារ៉ាប់រួម ​ត្រូវ​បង្ហូត​ឡើងជា​ថ្មី​ម្តងទៀត​នៅ​ស្ថានទូត​របស់ខ្លួន​កណ្តាល​រដ្ឋធានី​ដា​ម៉ាស​។ នេះ​មានន័យថា អារ៉ាប់​រួម​ សម្រេច​ត្រឡប់​មករក​ចងសម្ព័ន្ធ​ភាពជា​មួយ​របប​ដឹកនាំ​ស៊ី​រី​ឡើងវិញ​ហើយ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងការបរទេសអេ​មី​រ៉ាត់ អារ៉ាប់រួម  បានចេញ​សេចក្តីថ្លែងការណ៍​ថា ខ្លួន​មានបំណង​បន្ត​ទំនាក់ទំនង​ជាមួយ​ស៊ី​រី ហើយក៏​ពង្រឹង​តួនាទី​របស់​រដ្ឋ​អារ៉ាប់​ដែរ ជាពិសេស​ជំរុញ​ការរក្សា​ឯករាជ្យ​, អធិបតេយ្យ និង​បូរណភាព​ដែនដី​ស៊ី​រី​។ ក្រសួង​ដដែល​នេះ​ក៏​សង្កត់ធ្ងន់ថា ការស្តារ​ទំនាក់ទំនង​នេះ​ជាការ​ចូលរួម​ទប់ស្កាត់​រាល់​ការ​លូកលាន់​ពី​ប្រទេស​ក្នុង​តំបន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ស៊ី​រី​តែម្តង​។  
 
​តាមពិតទៅ អេ​មី​រ៉ាត់ អារ៉ាប់រួម សម្រេច​បើក​ស្ថានទូត​នៅ​ស៊ី​រី​ឡើងវិញ ក្រោយ​មានការ​ចែកចាយ​ព័ត៌មាន​ចរចា​អា​រ៉ា​ម​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ជុំវិញ​ការបើក​ស្ថានទូត​នេះ ខណៈដែល​គេ​ឃើញ​មានការ​ជួសជុល​និង​តុបតែង​លម្អ​នៅ​ទីតាំង​ស្ថានទូត​អារ៉ាប់​រួម​នោះ​បន្ត​ធ្វើឡើង​ជាច្រើន​ថ្ងៃ​មកនេះ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ដែរ ប៉ុន្មាន​ម៉ោង​ក្រោយ​ក្រុង​អា​ប៊ូ​ដា​ប៊ី​ប្រកាស​បើក​ស្ថានទូត​ឡើងវិញ បា​រ៉ែ​ន​ក៏បាន​ប្រកាស​ស្តារ​ទំនាក់ទំនង​ការទូត និង​បើក​ស្ថានទូត​ឡើងវិញ​នៅ​ស៊ី​រី​ដូចគ្នា​ដែរ​។ ដូច​អារ៉ាប់​រួម​ដែរ បា​រ៉ែ​ន​បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​ស៊ី​រី​នៅក្នុង​ឆ្នាំ ២០១២​។​
 
​តាមពិតទៅ អេ​មី​រ៉ាត់ អារ៉ាប់រួម  និង​បា​រ៉ែ​ន​ជា​រដ្ឋ​ពីរ​ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​រដ្ឋ​ឈូង​សមុទ្រ (GCC) ទាំង​ប្រាំមួយ​ដែល​រក្សា​ជំហរ​រឹងត្អឹង​ខ្លាំងជាងគេ​លើ​បញ្ហា​សង្គ្រាម​ស៊ី​រី​ចាប់ពី​ឆ្នាំ ២០១២​មក​។ រដ្ឋ​ទាំងពីរ​ថែមទាំង​បានទទួល​ស្គាល់​សម្ព័ន្ធ​ក្រុម​ឧទ្ទាម​ប្រឆាំង​របប​ដឹកនាំ​ស៊ី​រី​ជា​តំណាង​ស្របច្បាប់​របស់​ស៊ី​រី​ថែមទៀត​។​
 
​ប៉ុន្តែ ការប្តូរ​ជំហរ​ការទូត​របស់រ​ដ្ឋ​អារ៉ាប់​ទាំងពីរ នៅពេលនេះ​មិនមែនជា​រឿង​សាមញ្ញ​ឡើយ ហើយ​វា​ក៏​ជា​សារ​មួយ​ដែល​បញ្ជាក់​យ៉ាងច្បាស់​ថា សង្គ្រាម​ស៊ី​រី​ដ៏​រ៉ាំរ៉ៃ​ក្បែរ​នឹង​ឈានដល់​ទីបញ្ចប់​ហើយ​។ អេ​មី​រ៉ាត់ អារ៉ាប់រួម ​ក៏​ប្រហែលជា​ត្រៀម​អូសទាញ ស៊ី​រី​ត្រឡប់​ចូលក្នុង​សម្ព័ន្ធ​អារ៉ាប់​ឡើងវិញ​ដែរ ក្រោយ​ត្រូវ​អង្គការ​តំបន់​នេះ​បណ្តេញចេញ​អស់​ប្រាំពីរ​ឆ្នាំ​មកនេះ​។​.
 
​សង្គ្រាម​ជិត​ចប់ ហើយ​របប​ដឹកនាំ​លោក អាសាដ កាន់តែ​លែង​ឯកោ​ សង្គ្រាម​ស៊ី​រី​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ ២០១១ បន្ទាប់ពី​របប​ដឹកនាំ​ស៊ី​រី​បង្ក្រាប​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​។ មកដល់​បច្ចុប្បន្ន​សង្គ្រាម​នេះ​ឆក់យក​ជីវិត​ជនស្លូតត្រង់​អស់យ៉ាង​ហោចណាស់ ៣៦​ម៉ឺន​នាក់ ហើយ​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​ខូចខាត​ស្ទើរ​ទាំងស្រុង​។ បច្ចុប្បន្ន​របប​ដឹកនាំ​លោក អាសាដ កំពុងមាន​ប្រៀប​ក្នុង​សង្គ្រាមស៊ីវិល​នេះ បន្ទាប់ពី​រុស្ស៊ី​ចូលប្រឡូក​ក្នុង​សង្គ្រាម​ដោយ​ប្រើប្រាស់​ទ័ពអាកាស​សំពង​ក្រុម​ឧទ្ទាម​ស៊ី​រី​ចាប់ពី​ឆ្នាំ ២០១៥ មក​នោះ​។ 
 
​រុស្ស៊ី​ក៏​កំពុង​ក្លាយជា​តួឯក​ដែល​ចេញមុខ​ជ្រោមជ្រែង​ការដឹកនាំ​ចរចា​នយោបាយ​ជាមួយ​ក្រុមប្រឆាំង​ស៊ី​រី​ថែម​ទៀតផង ស្រប​ពេលដែល​អាមេរិក​ដែលជា​ខ្នងបង្អែក​ដ៏​ធំ​របស់​ក្រុម​បះបោរ​នៅ​ស៊ី​រី​នោះបាន​ប្រកាស​ដកទ័ព​ថ្មើរជើង​ទាំងស្រុង​ពី​រុស្ស៊ី​។ អាមេរិក​ទំនងជា​លែង​ពាក់ព័ន្ធ​នឹង​បញ្ហា​ស៊ី​រី​ខ្លាំង​ដូច​មុន​ហើយ ហើយ​របប​ដឹកនាំ​ស៊ី​រីនឹង​មានលទ្ធភាព​ច្រើនជាង​មុន​ក្នុង​ការបញ្ចប​សង្គ្រាមស៊ីវិល និង​កំណត់​ជោគវាសនា​របស់ខ្លួន​ពីថ្ងៃ​នេះ​ទៅមុខ​ក្រោម​ការ​ជ្រោមជ្រែង​របស់​រុស្ស៊ី និង​អ៊ីរ៉ង់​ផង​។​
 
​គេ​អាច​កត់សម្គាល់ឃើញ​ហើយ​ថា របប​ដឹកនាំ​ស៊ី​រី​កាន់តែ​លែង​ឯកោ​ទៀត ដោយ​ចាប់ផ្តើម​មាន​មិត្ត​រាប់អាន​ឡើងវិញ​ជា​បន្តបន្ទាប់​។ ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់ អេ​មី​រ៉ាត់ អារ៉ាប់រួម បាន​បើក​ស្ថានទូត​ឡើងវិញ ហើយ​ប្រធានាធិបតី​ស៊ូដង់​លោក អូ​ម៉ា អាល់​បា​ស៊ែរ (Omar al-Bashir) ដើមខែ​ធ្នូ​
 
 ក្រៅពី​មានការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​ជាមួយ​ស៊ី​រី​ជា​បន្តបន្ទាប់ ប៉ុន្មាន​សប្តាហ៍​មុន ហ្ស៊​កដា​នី​ក៏​ចាប់ផ្តើម​បើក​ព្រំដែន​ឲ្យ​មានការ​ឆ្លងកាត់ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ឡើងវិញ​ដែរ​ជាមួយ​ស៊ី​រី​។ ហើយ​អ្វីដែល​សំខាន់ ក្រុមហ៊ុន​អាកាសចរណ៍ Sham Wings របស់​ស៊ី​រី​ចាប់ផ្តើម​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ឡើងវិញ​ជា​លើកដំបូង​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ ពី​ស៊ី​រី​ទៅ​ទុយ​ណេ​ស៊ី​ដែរ​នៅ​សប្តាហ៍​នេះ​៕ 
 

Tag:
 ស៊ី​រី​
  អារ៉ាប់​រួម អេ​មី​រ៉ាត់​
  បា​រ៉ែ​ន​
  បា​សា អាល់​អាសាដ
© រក្សាសិទ្ធិដោយ thmeythmey.com