ONE Championship
កីឡាជាតិ
ជាតិ
គ្រូ​ក្បាច់គុន Lanzafame ប្រាប់​ពី​សមត្ថភាព​ពិសេស​របស់ ចាន់ រតនា​
29, Dec 2018 , 10:59 am        
រូបភាព
ដោយ៖ Matias Andres
 
​លោក Lorenzo Lanzafame ដែលជា​គ្រូបង្វឹក​កីឡារ ចាន់ រតនា និយាយថា​លោក​មាន​គម្រោង​មក​កម្ពុជា​តែ​ពីរ​ទៅ​បី​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​មកទល់ពេលនេះ​លោក​បានរស់នៅ​រយៈពេល​៤​ឆ្នាំ​រួចមកហើយ​។ លោក​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​សកម្មភាព​ផ្ទាល់ខ្លួន និង​ការបង្កើត​ក្លិប​ហ្វឹកហាត់​មួយ​ឈ្មោះថា LLFitness​។ 
 
​តាមរយៈ​អាជីព​របស់ខ្លួន គ្រូ​ជនជាតិ​អ៊ីតាលី​រូបនេះ បាន​ជួយ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ដល់​កីឡាករ​ប្រដាល់​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព ចាន់ រតនា ប្រចាំ ONE Championship ក៏ដូចជា​ជា​កីឡាករ​មី​យ៉ាន់​ម៉ា Phoe “Bushido” Thaw ឲ្យ​ទទួលបាន​ជ័យ​ជ​ន្នះ​ក្នុងការ​ប្រកួត​លំដាប់រ​អន្តរជាតិ​។ 
 
Lanzafame រំលឹកថា​៖ «​ខ្ញុំ​មក​ទីនេះ​សម្រាប់​វិស្សមកាល​ប៉ុណ្ណោះ ហើយ​គិតថា​តែ​បី​ខែ​ទេ តែ​ខ្ញុំ​ក៏​ចាប់ផ្តើម​ឃើញ​ឱកាស​ជាច្រើន ខ្ញុំ​ក៏​សម្រេចចិត្ត​រស់នៅ​ទីនេះ​ដើម្បី​ជួយ​ប្រជាជន​ខ្មែរ​តែម្តង​»​។ 
 
​មកដល់​ប្រទេស​កម្ពុជា​ភ្លាម Lanzafame មើលឃើញថា​លោក​អាចជា​ចំណែក​មួយ​ដល់​ការរីកចម្រើន​ក្នុង​វិស័យ​សិល្បៈ​ក្បាច់គុន​របស់​ខ្មែរ​បាន​។ គាត់​ឃើញថា​កម្ពុជា ជា​ទឹកដី​មួយ​ដែល​អាច​ផ្តល់ឱកាស​ជាច្រើន​អនេក មិន​ដូច​អ្នកផ្សេង​គិត​ទេ​។ 


 
​សព្វថ្ងៃ លោក​ជា​ជនបរទេស​ម្នាក់​ដែល​រស់នៅ​កម្ពុជា ដែលមាន​ឆន្ទ​ប្រើប្រាស់​អាជីព​របស់ខ្លួន ជួយ​ដល់​ប្រទេសមួយ​ដែល​បង្ហាញ​ពី​ភាព​រាក់ទាក់ និង​ស្វាគមន៍​ខ្លួន​។ 
 
Lanzafame រៀបរាប់ថា​៖ « វា​ជា​ចំណង់​ចំណូលចិត្ត​មួយ ថ្វីបើ​គ្មាន​លុយ​ចូល​ក៏ដោយ ប៉ុន្តែ​វា​ជួយ​បើកឱកាស​ផ្សេងៗ​ច្រើន​ទៀត​។ ប្រសិនបើ​យើង​ដាក់បញ្ចូល​គ្នា​នូវ​សមត្ថភាព​ដែល​គាត់​មាន ជាមួយ​ការហ្វឹកហាត់​ត្រឹមត្រូវ​តាម​ក្បួនខ្នាត នោះ​លទ្ធផល​នឹង​ទទួលបាន​ជាទី​គាប់ចិត្ត​មិន​ខាន​»​។​
 
​ជិត​ពីរ​បី​ឆ្នាំ​មកនេះ Lanzafame បាន​សហការ​ជាមួយ​តារា​គុន​ខ្មែរ ចាន់ រតនា នៅ​រាជធានី​ភ្នំពេញ ។​ ​ទាំងពីរ​នាក់​ជួយ​គ្នា​ដោយ​ទទួលបាន​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​តាម​ជំនាញ​រៀងៗ​ខ្លួន​។​
 
​ពួកគាត់ បាន​ប្តេជ្ញាចិត្ត​ផ្សព្វផ្សាយ​ក្បាច់គុន​ខ្មែរ ដោយ​ការបញ្ចេញ​សមត្ថភាព​នៅ​ស្ថាប័ន​ធំ ONE ក្នុង​ការប្រកួត​ក្រៅប្រទេស​នានា​ដូចជា​នៅ​ប្រទេស​ចិន ហ្វីលីពីន និង​ពេល​ថ្មីៗ​នេះ​នៅ​ម៉ាឡេស៊ី​ជាដើម​។​
 
​កាលពី​ថ្ងៃ​សុក្រ ទី​៩ ខែធ្នូ កន្លងទៅ ចាន់ រតនា បាន​ផ្តួល​កីឡាករ​ឆ្នើម​របស់​ឥណ្ឌូណេស៊ី Abro “The Black Komodo” Fernandes នៅ​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS​។​
 
 ម្ចាស់​ក្លិប LLFitness រូបនេះ​បាន​ទៅ​ចាំ​ឲ្យ​ទឹក​ដល់ ចាន់ រតនា ក្នុងការ​ប្រកួត​ទម្ងន់​ស្រាល នៅឯ​កីឡដ្ឋាន Axiata Arena ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។ 
 
​ជ័យជម្នះ​ពី​ការប្រកួត​នោះ គឺជា​ជោគជ័យ​មួយ​មិនធម្មតា​របស់ ចាន់ រតនា​។ កាលនោះ​គូប្រយុទ្ធ​ទាំងពីរ​ឈាន​ជើង​ចូល​សង្វៀន​ភ្លាម សម្រុក​ចូលគ្នា​មិន​ថយ ម្នាក់ៗ​ប្រើ​ស្នៀត​ដាក់គ្នា​ទៅវិញទៅមក ធ្វើ​ឲ្យ​ទស្សនិកជន​ជក់​មើល​មិន​ដក​ភ្នែក​។ ចុងក្រោយ ចាន់ រតនា បាន​ផ្តួល Fernandes ដោយ​ការប្រើ​ជង្គង់​ដ៏​មុត​ស្រួច បូករួម​នឹង​ការ​ដាល់​ខាង​ភាគី​ឥណ្ឌូណេស៊ី​ផ្ទប់​ដល់​ក្តា​តា​ពី​តែម្តង​។ 
 
​ចាន់ រតនា ត្រឡប់​មក​មាតុភូមិ​វិញ​ជាមួយ​ជ័យជម្នះ​ដ៏​ធំ​ក្រៃលែង ដែល​តាមពិតទៅ Lanzafame គាត់​បាន​ទាយ​ទុក​មុន​ការប្រកួត​រួចទៅហើយ​ថា​ខាង​កម្ពុជា ប្រាកដជា​ឈ្នះ​ដោយ​ការបញ្ឈប់​ពី​អាជ្ញាកណ្តាល​មុន​ទឹក​ទី​៣​មិន​ខាន​។ 
 
Lanzafame បានឃើញ​ផ្ទាល់​ភ្នែក​ពី​ការរីកចម្រើន​របស់ រតនា ក៏ដូចជា​ស្មារតី​របស់​អ្នក​ប្រយុទ្ធ​ក្បាច់គុន​ខ្មែរ​ទូទាំងប្រទេស​ទាំងមូល​។ លោក​សប្បាយចិត្ត និង​មាន​ជំនឿ​ចិត្ត​ខ្ពស់​ទៅលើ​អនាគត​របស់​អ្នក​ប្រដាល់​កម្ពុជា​ទៅ​ថ្ងៃមុខ​។ 
 
​លោក​បន្ថែមថា​៖ «​ពួកគាត់​ស្រេកឃ្លាន​ជ័យ​ជ​ន្នះ ហើយ​ចង់បាន​វា​ខ្លាំង ប៉ុន្នឹង​គ្រប់គ្រាន់​ហើយ​។ ពួកគេ​គ្មាន​លេស​នេះ​លេស​នោះទេ គឺ​លះបង់​គ្រប់យ៉ាង ហើយ​ពួកគេ​ត្រៀម​រួចហើយ ពួកគាត់​ដូច​ម៉ាស៊ីន​អញ្ចឹង​!»៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com