ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេងមិនសូវលង់លក់ពេលយប់ ធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោម
× ការគេងដើម្បីរក្សាសុខភាពបានល្អភាគច្រើនទាមទារឲ្យបុគ្គលម្នាក់ៗសម្រាកបានយ៉ាងហោចណាស់ ប្រាំបីម៉ោងជាមធ្យមក្នុងមួយយប់។ ប៉ុន្តែដោយសារមានការរំខាន និងការងារសំខាន់ៗមួយចំនួន បានធ្វើឲ្យមនុស្សភាគច្រើនមិនបានគេងក្នុងមួយថ្ងៃបានប្រាំបីម៉ោងនោះឡើយ។
បើយោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia នៅក្នុងប្រទេសសិង្ហបុរីដែលជាប្រទេសមួយដ៏សកម្មក្នុងការប្រកួតប្រជែងផ្នែកការងារ មនុស្សប្រមាណ៦២ ភាគរយមិនអាចទទួលដំណេកបានគ្រប់គ្រាន់នោះឡើយរៀងរាល់ថ្ងៃ។
ពេលខ្លះការគេងមិនលក់មិនមែនកើតឡើងដោយសារការលេងទូរសព្ទច្រើនពេកឬការបារម្ភពីកិច្ចការងារសម្រាប់ថ្ងៃស្អែកនោះទេ។ ប៉ុន្តែវាទាក់ទងនឹងការលំបាកក្នុងការសិក្សាទៅវិញ។
វេជ្ជបណ្ឌិត លោក Jeeve Kanagalingam ដែលជាអ្នកប្រឹក្សាសុខភាពនៅមន្ទីរពេទ្យ Elizabeth Novena បាននិយាយថា៖ «មានអ្នកជំងឺជាច្រើនដែលកំពុងជួបបញ្ហាគេងមិនលក់ ប៉ុន្តែពួកគេមិនសូវជាយកចិត្តទុកដាក់ក្នុងការមកពិនិត្យព្យាបាលបញ្ហាទាំងអស់នេះទេ។ ហេតុដូចនេះ គ្រូពេទ្យនានានៅតែមានភាពលំបាកក្នុងការតាមដានជំងឺនេះឲ្យបានដិតដល់»។
បើការសម្រាន្តមិនលក់កើតឡើងដោយសារការផ្លាស់ប្តូរជើងហោះហើរឬដោយសារអារម្មណ៍មិនល្អតិចតួច នោះមិនមានជាបញ្ហាសំខាន់អ្វីនោះទេ។ ការរំខានដំណេកនេះនឹងរសាយទៅវិញក្នុងរយៈពេលខ្លីទេ។
ប៉ុន្តែបើការទទួលទានដំណេកប្រព្រឹត្តទៅមិនបានគ្រប់គ្រាន់ក្នុងពេលច្រើនថ្ងៃ ឬច្រើនខែនោះវាអាចជារឿងមួយដែលលំបាកសម្រាប់សុខភាពក្នុងពេលអនាគតយូរអង្វែង។ វិធីសាមញ្ញមួយចំនួន អាចជួយជំរុញការគេងលង់លក់យប់ឡើងបានដែរដែលមានដូចជា ការមិនទទួលទានសារធាតុកាហ្វេអ៊ីន មិនប្រើប្រាស់ទូរសព្ទមុនចូលគេង កុំហូបអាហារពេលយប់ឆ្អែតពេក និងការគេងក្នុងបន្ទប់ដែលមានខ្យល់ត្រជាក់ជាដើម។
ការទទួលទានដំណេកមិនបានគ្រប់គ្រាន់ក្នុងពេលវេលាយូរអាចធ្វើមានបញ្ហាផ្លូវដង្ហើម ការបញ្ចេញអរម៉ូនដែលខ្លួនប្រាណមិនគ្រប់គ្រាន់ឬមិនត្រឹមត្រូវ បញ្ហាចង្វាក់បេះដូង ជំងឺផ្សេងដែលទាក់ទងទៅនឹងបេះដូង ភាពថយចុះនៃប្រព័ន្ធការពាររាង្គកាយ បញ្ហាផ្លូវអារម្មណ៍ ធុញថប់ មួម៉ៅ នឹងការគិតពិចារណាមិនរហ័ស។
ការធ្វើលំហាត់ប្រាណបានទៀតទាត់ ការហូបចំណីអាហារមានគុណភាព ជីវជាតិបានទៀងពេល គឺសុទ្ធតែជាសកម្មភាពដែលធ្វើឲ្យរាង្គកាយនិងខួរក្បាលមានសុខភាពមាំមួន។ ប៉ុន្តែការសម្រាន្តបានគ្រប់គ្រាន់ក៏ជារឿងមួយដ៏សំខាន់ដែរក្នុងការថែររក្សាលំនឹងសុខភាព មិនថាមនុស្សចាស់ឬក្មេងនោះឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com