ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​មិនសូវ​លង់លក់​ពេលយប់ ធ្វើ​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​
29, Dec 2018 , 6:59 pm        
រូបភាព
​ការ​គេង​ដើម្បី​រក្សា​សុខភាព​បានល្អ​ភាគច្រើន​ទាមទារ​ឲ្យ​បុគ្គល​ម្នាក់ៗ​សម្រាក​បាន​យ៉ាងហោចណាស់ ប្រាំបី​ម៉ោង​ជា​មធ្យម​ក្នុង​មួយ​យប់​។ ប៉ុន្តែ​ដោយសារ​មានការ​រំខាន និង​ការងារ​សំខាន់ៗ​មួយចំនួន បានធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​មិនបាន​គេង​ក្នុង​មួយថ្ងៃ​បាន​ប្រាំបី​ម៉ោង​នោះឡើយ​។

 
​បើ​យោងតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដែលជា​ប្រទេសមួយ​ដ៏​សកម្ម​ក្នុងការ​ប្រកួតប្រជែង​ផ្នែក​ការងារ មនុស្ស​ប្រមាណ​៦២ ភាគរយ​មិនអាច​ទទួល​ដំណេក​បាន​គ្រប់គ្រាន់​នោះឡើយ​រៀងរាល់ថ្ងៃ​។ 
 
​ពេលខ្លះ​ការ​គេង​មិន​លក់​មិនមែន​កើតឡើង​ដោយសារ​ការលេង​ទូរ​សព្ទ​ច្រើនពេក​ឬ​ការបារម្ភ​ពី​កិច្ចការងារ​សម្រាប់​ថ្ងៃស្អែក​នោះទេ​។ ប៉ុន្តែ​វា​ទាក់ទង​នឹង​ការលំបាក​ក្នុងការ​សិក្សា​ទៅវិញ​។ 
 
​វេជ្ជបណ្ឌិត លោក Jeeve Kanagalingam ដែលជា​អ្នក​ប្រឹក្សា​សុខភាព​នៅ​មន្ទីរពេទ្យ Elizabeth Novena បាន​និយាយថា​៖ «​មាន​អ្នកជំងឺ​ជាច្រើន​ដែល​កំពុង​ជួប​បញ្ហា​គេង​មិន​លក់ ប៉ុន្តែ​ពួកគេ​មិនសូវ​ជា​យកចិត្តទុកដាក់​ក្នុងការ​មក​ពិនិត្យ​ព្យាបាល​បញ្ហា​ទាំងអស់នេះ​ទេ​។ ហេតុដូចនេះ គ្រូពេទ្យ​នានា​នៅតែមាន​ភាពលំបាក​ក្នុងការ​តាមដាន​ជំងឺ​នេះ​ឲ្យ​បាន​ដិតដល់​»​។​
 
 បើ​ការ​សម្រាន្ត​មិន​លក់​កើតឡើង​ដោយសារ​ការផ្លាស់ប្តូរ​ជើងហោះហើរ​ឬ​ដោយសារ​អារម្មណ៍មិនល្អ​តិចតួច នោះ​មិនមាន​ជា​បញ្ហាសំខាន់​អ្វី​នោះទេ​។ ការរំខាន​ដំណេក​នេះ​នឹង​រសាយ​ទៅវិញ​ក្នុង​រយៈពេល​ខ្លី​ទេ​។​
 
 ប៉ុន្តែ​បើ​ការ​ទទួលទានដំណេក​ប្រព្រឹត្តទៅ​មិនបាន​គ្រប់គ្រាន់​ក្នុងពេល​ច្រើន​ថ្ងៃ ឬ​ច្រើន​ខែ​នោះ​វា​អាចជា​រឿង​មួយ​ដែល​លំបាក​សម្រាប់​សុខភាព​ក្នុង​ពេលអនាគត​យូរអង្វែង​។ វិធី​សាមញ្ញ​មួយចំនួន អាចជួយ​ជំរុញ​ការ​គេង​លង់លក់​យប់​ឡើង​បានដែរ​ដែលមាន​ដូចជា ការមិន​ទទួលទាន​សារធាតុ​កាហ្វេ​អ៊ី​ន មិន​ប្រើប្រាស់​ទូរ​សព្ទ​មុន​ចូល​គេង កុំ​ហូប​អាហារ​ពេលយប់​ឆ្អែត​ពេក និង​ការ​គេង​ក្នុង​បន្ទប់​ដែលមាន​ខ្យល់​ត្រជាក់​ជាដើម​។ 
 
​ការ​ទទួលទានដំណេក​មិនបាន​គ្រប់គ្រាន់​ក្នុងពេល​វេលា​យូរ​អាចធ្វើ​មាន​បញ្ហា​ផ្លូវដង្ហើម ការបញ្ចេញ​អរ​ម៉ូ​ន​ដែល​ខ្លួនប្រាណ​មិន​គ្រប់គ្រាន់​ឬ​មិន​ត្រឹមត្រូវ បញ្ហា​ចង្វាក់បេះដូង ជំងឺ​ផ្សេង​ដែល​ទាក់ទង​ទៅនឹង​បេះដូង ភាព​ថយចុះ​នៃ​ប្រព័ន្ធ​ការពារ​រា​ង្គ​កាយ បញ្ហា​ផ្លូវ​អារម្មណ៍ ធុញថប់ មួម៉ៅ នឹង​ការគិត​ពិចារណា​មិន​រហ័ស​។ 
 
​ការធ្វើ​លំ​ហាត់ប្រាណ​បាន​ទៀត​ទាត់ ការហូប​ចំណីអាហារ​មានគុណ​ភាព ជីវជាតិ​បាន​ទៀងពេល គឺ​សុទ្ធតែជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​រា​ង្គ​កាយ​និង​ខួរ​ក្បាលមាន​សុខភាព​មាំមួន​។ ប៉ុន្តែ​ការ​សម្រាន្ត​បាន​គ្រប់គ្រាន់​ក៏​ជា​រឿង​មួយ​ដ៏​សំខាន់​ដែរ​ក្នុងការ​ថែរ​រក្សា​លំនឹង​សុខភាព មិន​ថា​មនុស្ស​ចាស់​ឬ​ក្មេង​នោះឡើយ​។ 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com