ភ្នំពេញ៖ រយៈពេល៣ឆ្នាំហើយ ដែលលោក គឿន គាន់ បានប្រកបរបរលក់មាន់ ត្រី កង្កែប និងប្រហុកអាំង នៅតាមផ្លូវ ដែលស្ថិតនៅក្នុងភូមលលៃ ឃុំលលៃ ស្រុកបាគង ខេត្តសៀមរាប។ តាមរយៈមុខរបរនេះ លោក គឿន គាន់ អាចរកចំណូលបាន១ពាន់ដុល្លារក្នុងមួយខែ ក្រោយពីលោកឈប់ធ្វើជាកម្មករសំណង់។
ម៉ោងប្រមាណជាង១១ព្រឹក ក្រុមប្រតិភូសារព័ត៌មានពីគ្រប់ស្ថាប័នមួយក្រុម បានធ្វើដំណើរតាមរថយន្តមកចតនៅខាងមុខតូបលក់មាន់ ត្រីអាំង និងម្ហូបអាហារផ្សេងៗជាច្រើន នៅចំណុចភូមិលលៃ ឃុំលលៃ ស្រុកបាគង ខេត្តសៀមរាប ដែលមានទីតាំងនៅតាមផ្លូវជាតិលេខ៦។ គ្រាន់តែឃើញរថយន្តដឹកអ្នកដំណើរប្រភេទ៣០កៅអី ឈប់នៅខាងមុខតូបភ្លាម បុរសសម្បុរខ្មៅស្រអែមម្នាក់ ញញឹមក្របួចមាត់ ហើយបង្ហើរសំនៀងរាក់ទាក់ដល់ភ្ញៀវថា «បងៗសូមអញ្ជើញសាករសជាតិមាន់ស្រែ មានរស់ជាតិឆ្ងាញ់»។
ដោយសារតែរថយន្តដឹកអ្នកដំណើរបានឈប់នៅពីមុខតូបលក់មាន់អាំងរបស់បុរសវ័យ៣០ឆ្នាំនោះ ក្រុមប្រតិភូសារព័ត៌មានទាំងអស់ ក៏មិនបានដើរទៅណាឆ្ងាយដែរ ពួកគេបានដើរសំដៅទៅកាន់បុរសដែលកំពុងកាន់ដង្កៀបចាប់សាច់អាំង រួចសាកសួរពីរសជាតិ និងតម្លៃមាន់ ត្រី កង្កែប រួមទាំងប្រហុកខ្ចប់ស្លឹកចេកអាំងរបស់លោក គឿន គាន់។ ដោយមិនបង្អង់យូរលោក គឿន គាន់ ក៏បានអួតពីរសជាតិសាច់មាន់ និងតម្លៃដល់ក្រុមប្រតិភូសារព័ត៌មានភ្លាមថា មាន់អាំងរបស់លោក គឺជាប្រភេទមាន់ស្រែដែលផ្សំពីគ្រឿងអំបិលម្ទេស និងមានតម្លៃចាប់ពី២៥០០០រៀល ដល់ទៅ៤០០០០រៀល ដោយអាស្រ័យលើទម្ងន់មាន់ (តូច ឬធំ)។ ចំណែកកង្កែប ត្រី និងប្រហុកអាំងវិញ គឺលោក គឿន គាន់ លក់ក្នុងតម្លៃ៥០០០រៀល។
ដើម្បីទាក់ចិត្តក្រុមអ្នកសារព័ត៌មានឲ្យជួយទិញមាន់អាំងខ្លួននោះ លោក គឿន គាន់ ក៏បានកាប់សាច់មាន់អាំង១ ដាក់លើចាន ឲ្យប្រតិភូអ្នកព័ត៌មានពិសារ ដើម្បីភ្លក់រសជាតិ ដោយមិនគិតប្រាក់ (Free) ហើយលោកបង្ហើរសម្តីថា «បើភ្លក់មាន់នេះហើយ មិនឆ្ងាញ់ទេគឺមិនយកលុយ ហើយមិនចាំបាច់ជួយទិញប្អូនក៏បានដែរ»។
ដោយសារតែរសជាតិមាន់អាំងអាចទទួលយកបាន គួបផ្សំនឹងទង្វើរស្មោះត្រង់របស់អ្នកលក់ផងនោះ ក្រុមប្រតិភូអ្នកសារព័ត៌មាន ក៏បានសម្រេចជួយទិញម្ហូបអាហាររបស់បុរសសម្បុរខ្មៅស្រអែមរូបនេះ ដោយចំណាយថវិកាអស់ជាង២០ម៉ឺនរៀល។
ខណៈដែលមាន់អាំង មិនទាន់ឆ្អិនល្អ ដែលត្រូវកម្ដៅភ្លើងឲ្យល្អសិននោះ លោក គឿន គាន់ ក៏ឆ្លៀតប្រាប់ដល់សារព័ត៌មានថ្មីៗថា លោកកម្ម៉ង់ទិញមាន់ពីម៉ូយ ឬក៏ត្រូវដើរប្រមូលទិញពីប្រជាពលរដ្ឋនៅក្នុងភូមិ ឬនៅតាមស្រុកនានា ដែលនៅជិតទីតាំងដែលគាត់រស់នៅ នាពេលល្ងាច ឬព្រឹក ដើម្បីយកផ្សំគ្រឿងលក់មុនពេលថ្ងៃត្រង់ (ចាប់ពីម៉ោង១០ព្រឹកទៅ)រហូតដល់ពេលល្ងាច។ ហើយមាន់ទាំងនេះ លោកអាចលក់បានចាប់ពី៦០ទៅ១០០ក្បាលក្នុងមួយថ្ងៃ។
កំពុងឈរអាំងមាន់ ដោយស្ពាយកាបូបខ្មៅដាក់លុយពីមុខ ស្ថិតនៅក្នុងសំលៀកបំពាក់ខោទាហាន អាវក្រណាត់ដៃខ្លីផងនោះ បុរសវ័យ៣០ឆ្នាំរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ក្នុងថ្ងៃធម្មតាចាប់ពីថ្ងៃច័ន្ទដល់ព្រហស្បតិ៍ ខ្ញុំអាចលក់មាន់អាំងបាន៦០ក្បាលក្នុងមួយថ្ងៃ ហើយបើថ្ងៃចុងសប្ដាហ៍(សុក្រដល់អាទិត្យ)វិញ ខ្ញុំអាចលក់មាន់អស់ជាង១០០ក្បាល។ មាន់មួយក្បាលខ្ញុំអាចចំណេញបាន៣០០០រៀល ហើយបើលក់ដាច់ទាំងអស់ខ្ញុំអាចចំណេញសុទ្ធបាន៤០ម៉ឺនរៀលដែរ។ ចំណែកត្រី កង្កែប និងប្រហុកវិញ ខ្ញុំអាចចំណេញសុទ្ធបាន១៥ម៉ឺនរៀល បើលក់អស់ ដូច្នេះបើសរុបចូលគ្នាខ្ញុំអាចចំណេញបាន៥៥ម៉ឺនរៀលក្នុងមួយថ្ងៃ»។
បើតាមការរៀបរាប់របស់លោក គឿន គាន់ គឺលោកអាចរកចំណូលបាន៣០០០ដុល្លារក្នុងមួយខែ ប៉ុន្តែលោកក៏ត្រូវចំណាយលើថ្លៃបុគ្គលិកខ្លួន៨នាក់ ថ្លៃអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ ថ្លៃជួលតូប និងគ្រឿងផ្សំផ្សេងៗជាដើម ដែលបុរសខ្ពស់ស្រឡះរូបនេះ ហ៊ានអះអាងថា លោកអាចសល់ចំណូលពីមុខរបរនេះ បាន១០០០ដុល្លារក្នុងមួយខែ។«ជីវភាពខ្ញុំពេលនេះ បានធូរធារច្រើនជាងមុន»។ នេះជាការបញ្ជាក់របស់លោក គឿន គាន់ ដែលបានប្រកបរបរអាំងសាច់លក់នេះ អស់រយៈពេល៣ឆ្នាំមកហើយ។
ដើមឡើយលោក គាន់ មិនមែនជាអ្នកចំណាប់រកស៊ីអ្វីនោះទេ គឺលោកគ្រាន់តែជាកម្មករសំណង់ម្នាក់ ដែលធ្វើការតាមការដ្ឋាននានា នៅក្នុងខេត្តសៀមរាបប៉ុណ្ណោះ។ ប៉ុន្តែដោយសារការងារធ្វើសំណង់នេះ ធ្វើឲ្យលោករងគ្រោះ ដោយត្រូវបានគេបោក (មិនបើកប្រាក់ខែ) ទើបធ្វើឲ្យលោកឈឺចាប់ នឹងសន្យាឈប់ធ្វើការងារនេះបន្តទៀត ហើយងាកមកប្រកបរបរអាំងសាច់លក់វិញ ក្រោយពីមានការជួយជ្រោមជ្រែងពីគ្រួសារ។
ដោយសារតែភ្ញៀវសម្រុកចូលទិញមាន់ ត្រី កង្កែប និងប្រហុកអាំងរបស់លោក គាន់ ច្រើនពេកនោះ ទើបសារព័ត៌មានថ្មីៗក៏បញ្ចប់កិច្ចសន្ទនាជាមួយគាត់ ដើម្បីទុកពេលឲ្យគាត់លក់ដូរ និងរាក់ទាក់ភ្ញៀវបន្តទៀត។ ម៉ោងប្រមាណ១២ថ្ងៃត្រង់ រថយន្តដឹកក្រុមប្រតិភូសារព័ត៌មាន ក៏ចាប់ផ្ដើមវិលកង់ ដើម្បីធ្វើដំណើរត្រឡប់មកភ្នំពេញវិញ ក្រោយពីសាច់មាន់ ត្រី កង្កែប និងប្រហុកអាំង ដែលយើងបានទិញខ្ចប់ពីលោក គឿន គាន់ បានរៀបចំរួចរាល់ ដាក់លើរថយន្តហើយ។ ខណៈក្រុមអ្នកសារព័ត៌មាន កំពុងឡើងលើរថយន្តហៀបចេញដំណើរមក ស្រាប់តែឭសំឡេងមួយបង្ហើរមកថា «បើបងៗមកសៀមរាបទៀត កុំភ្លេចជួយចូលទិញប្អូនផង»។ នេះគឺជាសំឡេងរបស់បុរសលក់មាន់អាំង ដែលមានកូន៣នាក់ នៅក្នុងបន្ទុក៕