ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចំណាយពេល​ដាំ​ដំណាំ​ក្នុង​សួនច្បារ​ក៏​​អាចជួយ​ឲ្យ​អ្នកមាន​អាយុ​វែង​ដែរ​
30, Dec 2018 , 12:59 pm        
រូបភាព
​មនុស្ស​ភាគច្រើន​ចំណាំ​ថា មនុស្ស​វ័យ​ចំណាស់ៗ​ពី​អាយុ​៩០​ឆ្នាំទៅ​១០០​ឆ្នាំ​តែងមាន​ទម្លាប់​រួមមួយ​គឺថែទាំ ឬដាំ​ដំណាំ​ក្នុង​សួនច្បារ​។ តើ​ការ​បន្ធូរ​អារម្មណ៍​ជាមួយ​ធម្មជាតិ​បែបនេះ​អាចជួយ​ឲ្យ​មនុ​ស្សមាន​អាយុ​កាន់តែច្រើន​បានដែរ​ឬទេ​?


 
​បើតាម​ការសង្កេតមើល​របស់​ក្រុម​ប្រជាជន​ទាំង​ប្រាំ​តំបន់​ក្នុង​ពិភពលោក ដែលមាន​អាយុ​រស់នៅ​យូរអង្វែង​ជាងគេ ដូចជា​នៅ​កោះ Okinawa នៅ​ជប៉ុន​, ទីក្រុង Nicoya នៅ​កូ​ស្តា​រី​កា​, ក្រុង Sardinia នៅ​អ៊ីតាលី​, Icaria នៅ​ក្រិ​ក និង Loma Linda នៅ​កាលី​ហ្វ​រ​ញ៉ា បានបង្ហាញ​ពី​ទម្លាប់​រស់នៅ​មួយចំនួន​ដែល​ជួយ​រក្សា​សុខភាព​របស់​ពួកគេ​។​
 
 នៅក្នុង​សហគមន៍​ទាំងនោះ ប្រជាជន​ជាច្រើន​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ហើយក៏​នាំគ្នា​ហូប​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូចជា​បន្លែ​ផ្លែឈើ និង​ចំណាយពេល​ដាំ​ដំណាំ​ក្នុង​សួនច្បារ​ជាដើម​។ បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​អង់គ្លេស BBC ដើមខែ​ធ្នូ ការថែទាំ​ដំណាំ​សួនច្បារ​ជា​សកម្មភាព​មួយ​ដែលជា​លំនាំ​ហាត់ប្រាណ​ស្រាលៗ ដោយ​មានការ​ចំណាយពេល​វេលា​នៅ​ខាងក្រៅ​ផ្ទះ​។ 
 
​វា​អាចជួយ​ឲ្យ​មនុស្ស​គ្រប់គ្នា​ដកដង្ហើម និង​មាន​អារម្មណ៍ល្អ​ដោយសារ​ភាពស្ងប់ស្ងាត់​ក្នុងពេល​តែមួយ​។ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​មួយចំនួន​ក៏បាន​បញ្ជាក់​ផងដែរ​ថា ទម្លាប់​ល្អ​ទាំងអស់នេះ​ពិតជា​អាចជួយ​កាត់បន្ថយ​ជំងឺ​ផ្លូវ​អារ​ម្ម​ណ៌ និង​បង្កើន​ការចង់ចាំ​ឲ្យ​កាន់តែ​ប្រសើរ​នៅពេល​អ្នកមាន​វ័យចាស់​ជរា​។​
 
​នៅ​កោះ Okinawa ប្រទេស​ជប៉ុន មាន​មនុស្ស​ប្រមាណ​៥០​នាក់​ក្នុងចំណោម​មនុស្ស​មួយ​សែន​នាក់​មាន​អាយុ​លើសពី​១០០​ឆ្នាំ​។ នេះ​ក៏​គឺ​ដោយសារ​ការ​លំហែកាយរ​បស់​ពួកគាត់​គឺ​ការចំណាយ​ពេលវេលា​ជាមួយ​ធម្មជាតិ​ឲ្យ​បាន​ច្រើន​។​
 
 វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយចំនួន​នៅ​ប្រទេស Scotland បាន​ណែនាំ​អ្នកជំងឺ​ដែលមាន​បញ្ហា​ផ្លូវ​អារម្មណ៍ ឬ​បញ្ហា​ស្រេ​ស្ត​ជាដើម​ចំណាយ​ពេលខ្លះ​រប​ស់​ខ្លួន​ក្នុង​ការដើរ​កំសាន្ត​នៅ​តំបន់​ធម្មជាតិ​ចៀសវាង​ការប្រើប្រាស់​ថ្នាំ​។ ក្រៅពីនេះ​ទៅទៀត ការជ្រើសរើស​ចំណីអាហារ​ជាប្រចាំ​ក៏​ជា​ចំណុច​ដ៏​សំខាន់​ណាស់ដែរ​។ ការបរិភោគ​បន្លែ​ផ្លែឈើ គ្រាប់​ធញ្ញជាតិ ប្រេង​អូ​លីវ ហូប​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​តិច​សុទ្ធតែជា​រូបមន្ត​ក្នុងការ​ថែ​រទាំ​សុខភាព​សម្រាប់​ពេលអនាគត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com