ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើអនាម័យលើម្ហូបអាហារខ្លាំងពេកល្អដែរឬទេ?
× ការចម្អិនម្ហូបអាហារពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសការសម្អាតគ្រឿងផ្សំទាំងនោះឲ្យបានល្អ។ អាហារដែលមិនបានលាងសម្អាតបានស្អាតភាគច្រើនអាចបង្កឲ្យមានជំងឺរាគរួស ជាពិសេសកុមារតូចៗ ស្ត្រីមានផ្ទៃពោះ ឬមនុស្សចាស់ជរាជាដើមព្រោះពួកគេមានប្រព័ន្ធការពារខ្សោយឬមិនទាន់ពេញលក្ខណៈក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ។
ថ្វីបើអនាម័យចំណីអាហារជារឿងល្អដើម្បីកម្ចាត់មេរោគក៏ដោយ អ្នកគួរចងចាំថាមិនមែនមេរោគទាំងអស់សុទ្ធសឹងតែផ្តល់ផលអវិជ្ជមាននិងជំងឺដល់ខ្លួនប្រាណមនុស្សនោះឡើយ។ បាក់តេរីមួយចំនួនមាននាទីក្នុងការការពារស្បែក ជួយជំរុញការរំលាយអាហារ។ ខ្លះទៀតថែមទាំងជួយស្តារប្រព័ន្ធការពាររាង្គកាយផងដែរ។ លោក Graham Rook ដែលជាវេជ្ជបណ្ឌិតខាងសិក្សាពីមេរោគឆ្លងនៅសកលវិទ្យាល័យទីក្រុងឡុដ៏ប្រទេសអង់គ្លេសថ្លែងប្រាប់ទូរទស្សន៍សិង្ហបុរី Channel News Asia ។
វេជ្ជបណ្ឌិតរូបនេះបន្តទៀតថា ការណែនាំឲ្យសរីរាង្គរបស់មនុស្សទួលបានបាក់តេរីមានប្រយោជន៍ពិតជាសំខាន់ក្នុងការបន្សាំឲ្យកោសិការប្រយុទ្ធប្រឆាំងមិនឲ្យមានប្រតិកម្មខ្លាំងពេកឬបង្កឲ្យទៅជាអាឡែកស៊ី។ តែត្រង់នេះគេអាចចោទជាសំណួរបានថា តើត្រូវធ្វើដូចម្តេចទើបដឹងថាបាក់តេរីណាជាល្អ ហើយបាក់តេរីណាអាក្រក់។ចម្លើយគឺថា នៅក្នុងខ្លួនប្រាណរបស់មនុស្ស ការងារទាំងអស់នេះត្រូវបានធ្វើឡើងដោយកោសិកាពិសេសមួយចំនួន ទាំងគ្រប់គ្នាម្នាក់ៗមិនដឹងខ្លួន។
កោសិកាពិសេសៗទាំងនោះនឹងធ្វើការបន្សាំ និងចម្រាញ់យកបាក់តេរីណាដែលមានគុណសម្បត្តិសម្រាប់សារីរាង្គ និងសម្លាប់បាក់តេរីណាដែលបង្កផលប៉ះពាល់ដល់សារពាង្គកាយ។ អាចនិយាយបានថាការសម្អាតនិងមានអនាម័យខ្លាំងពេក ដោយបន្ថយការជ្រៀតចូលនូវបាក់តេរីទាំងពីរប្រភេទនិងធ្វើឲ្យខ្លួនប្រាណ មិនអាចបន្សាំ និងប្រយុទ្ធជាមួយបាក់តេរីនានាបានពេញលេញទេ។ ប៉ុន្តែនេះមិនមែនមានន័យថា គ្រប់គ្នាគួរឈប់លាងសម្អាតបន្លែផ្លែឈើ ឬមិនរក្សាអនាម័យនោះឡើយ។
ការលាងសម្អាតដែរមុនពេលហូបបាយ ឬចម្អិនអាហារគឺជារឿងដែលសំខាន់បំផុតពីព្រោះបាក់តេរីភាគច្រើនតែធ្វើការចម្លងតាមដៃដែលកខ្វក់។ ម្យ៉ាងវិញទៀត បើអ្នកជាមនុស្សដែលមានរាង្គកាយមាំមួននិងសុខភាពល្អ អ្នកមានឱកាសតិចតួចក្នុងការឆ្លងបាក់តេរីទាំងនោះ។ បាក់តេរីមួយចំនួនមិនបង្កឲ្យមានបញ្ហាភ្លាមៗនោះទេ។ ខ្លះត្រូវការរយៈពេលជាច្រើនម៉ោងឬច្រើនថ្ងៃដើម្បីធ្វើការរាលដាល។
ប៉ុន្តែបាក់តេរីខ្លះទៀតក៏អាចបង្កបញ្ហាលឿនផងដែរ។ សរុបមកវិញ អាហារមិនសូវមានអនាម័យបន្តិចបន្តួចមិនអាចបង្កបញ្ហាដល់រាង្គកាយមនុស្សធ្ងន់ធ្ងរឡើយ ប៉ុន្តែវាជាអាចជួយរាង្គកាយឲ្យរីកលូតលាស់កាន់តែប្រសើរផង៕
Tag:
សុខភាព
ចំណីអាហារ
ជីវិតរស់នៅ
© រក្សាសិទ្ធិដោយ thmeythmey.com