ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អនាម័យ​លើ​ម្ហូបអាហារ​ខ្លាំងពេក​ល្អ​ដែរឬទេ​?
30, Dec 2018 , 4:59 pm        
រូបភាព
​ការ​ចម្អិន​ម្ហូបអាហារ​ពិតជា​សំខាន់​ខ្លាំងណាស់ ជាពិសេស​ការសម្អាត​គ្រឿងផ្សំ​ទាំងនោះ​ឲ្យ​បាន​ល្អ​។ អាហារ​ដែល​មិនបាន​លាង​សម្អាត​បាន​ស្អាត​ភាគច្រើន​អាច​បង្ក​ឲ្យ​មាន​ជំងឺរាគ​រួស ជាពិសេស​កុមារ​តូចៗ ស្ត្រី​មាន​ផ្ទៃពោះ ឬ​មនុស្ស​ចាស់ជរា​ជាដើម​ព្រោះ​ពួកគេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ឬ​មិនទាន់​ពេញលក្ខណៈ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​។

 
​ថ្វីបើ​អនាម័យ​ចំណីអាហារ​ជា​រឿង​ល្អ​ដើម្បី​កម្ចាត់​មេរោគ​ក៏ដោយ អ្នក​គួរ​ចងចាំ​ថា​មិនមែន​មេរោគ​ទាំងអស់​សុទ្ធសឹងតែ​ផ្តល់​ផល​អវិជ្ជមាន​និង​ជំងឺ​ដល់​ខ្លួនប្រាណ​មនុស្ស​នោះឡើយ​។ បាក់តេរី​មួយចំនួន​មាន​នាទី​ក្នុងការ​ការពារ​ស្បែក ជួយ​ជំរុញ​ការរំលាយ​អាហារ​។ ខ្លះទៀត​ថែមទាំង​ជួយ​ស្តារ​ប្រព័ន្ធ​ការពារ​រា​ង្គ​កាយ​ផងដែរ​។ លោក Graham Rook ដែលជា​វេជ្ជបណ្ឌិត​ខាង​សិក្សា​ពី​មេរោគ​ឆ្លង​នៅ​សកល​វិទ្យាល័យ​ទីក្រុង​ឡុ​ដ៏​ប្រទេស​អង់គ្លេស​ថ្លែងប្រាប់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។​
 
​វេជ្ជបណ្ឌិត​រូបនេះ​បន្តទៀតថា ការណែនាំ​ឲ្យ​សរីរាង្គ​របស់​មនុស្ស​ទួលបាន​បាក់តេរី​មាន​ប្រយោជន៍​ពិតជា​សំខាន់​ក្នុងការ​បន្សាំ​ឲ្យ​កោសិការ​ប្រយុទ្ធប្រឆាំង​មិន​ឲ្យ​មានប្រតិកម្ម​ខ្លាំងពេក​ឬ​បង្ក​ឲ្យ​ទៅជា​អា​ឡែក​ស៊ី​។ តែ​ត្រង់នេះ​គេ​អាច​ចោទ​ជា​សំណួរ​បាន​ថា តើ​ត្រូវធ្វើ​ដូចម្តេច​ទើប​ដឹងថា​បាក់តេរី​ណា​ជា​ល្អ ហើយ​បាក់តេរី​ណា​អាក្រក់​។​ចម្លើយ​គឺថា នៅក្នុង​ខ្លួនប្រាណ​របស់​មនុស្ស ការងារ​ទាំងអស់នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​កោសិកា​ពិសេស​មួយចំនួន ទាំងគ្រប់​គ្នា​ម្នាក់ៗ​មិនដឹង​ខ្លួន​។ 
 
​កោសិកា​ពិសេសៗ​ទាំងនោះ​នឹងធ្វើ​ការ​បន្សាំ និង​ចម្រាញ់​យក​បាក់តេរី​ណា​ដែលមាន​គុណសម្បត្តិ​សម្រាប់​សារី​រា​ង្គ និង​សម្លាប់​បាក់តេរី​ណា​ដែល​បង្ក​ផលប៉ះពាល់​ដល់​សារពាង្គកាយ​។ អាច​និយាយបានថា​ការសម្អាត​និង​មាន​អនាម័យ​ខ្លាំងពេក ដោយ​បន្ថយ​ការ​ជ្រៀតចូល​នូវ​បាក់តេរី​ទាំងពីរ​ប្រភេទ​និង​ធ្វើ​ឲ្យ​ខ្លួនប្រាណ មិនអាច​បន្សាំ និង​ប្រយុទ្ធ​ជាមួយ​បាក់តេរី​នានា​បាន​ពេញលេញ​ទេ​។ ប៉ុន្តែ​នេះ​មិនមែន​មានន័យថា គ្រប់គ្នា​គួរ​ឈប់​លាង​សម្អាត​បន្លែ​ផ្លែឈើ ឬ​មិន​រក្សា​អនាម័យ​នោះឡើយ​។ 
 
​ការលាង​សម្អាត​ដែរ​មុនពេល​ហូបបាយ ឬ​ចម្អិន​អាហារ​គឺជា​រឿង​ដែល​សំខាន់បំផុត​ពីព្រោះ​បាក់តេរី​ភាគ​ច្រើនតែ​ធ្វើការ​ចម្លង​តាម​ដៃ​ដែល​កខ្វក់​។ ម្យ៉ាងវិញទៀត បើ​អ្នកជា​មនុស្ស​ដែលមាន​រា​ង្គ​កាយ​មាំមួន​និង​សុខភាព​ល្អ អ្នក​មានឱកាស​តិចតួច​ក្នុង​ការឆ្លង​បាក់តេរី​ទាំងនោះ​។ បាក់តេរី​មួយចំនួន​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ភ្លាមៗ​នោះទេ​។ ខ្លះ​ត្រូវការ​រយៈពេល​ជាច្រើន​ម៉ោង​ឬ​ច្រើន​ថ្ងៃ​ដើម្បី​ធ្វើការ​រាលដាល​។ 
 
​ប៉ុន្តែ​បាក់តេរី​ខ្លះទៀត​ក៏​អាច​បង្កបញ្ហា​លឿន​ផងដែរ​។ សរុប​មកវិញ អាហារ​មិនសូវមាន​អនាម័យ​បន្តិចបន្តួច​មិនអាច​បង្កបញ្ហា​ដល់​រា​ង្គ​កាយ​មនុស្ស​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​វា​ជា​អាចជួយ​រា​ង្គ​កាយ​ឲ្យ​រីកលូតលាស់​កាន់តែ​ប្រសើរ​ផង​៕ 

Tag:
 សុខភាព​
 ​ចំណីអាហារ​
  ជីវិត​រស់នៅ
© រក្សាសិទ្ធិដោយ thmeythmey.com