កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឈរ​លេខ​១៣ ខណៈ Jordan នៅលើ​គេ ក្នុង​បញ្ជី​អត្ត​ព​លិ​ក​មានទ្រព្យ​ច្រើន​បំផុត​លើ​លោក​
30, Dec 2018 , 7:19 pm        
រូបភាព
(រាប់ពីឆ្វេង) លោក Michael Jordan, Vince McMahon, Floyd Mayweather និង Cristiano Ronaldo
(រាប់ពីឆ្វេង) លោក Michael Jordan, Vince McMahon, Floyd Mayweather និង Cristiano Ronaldo
​មិនមែនជា​រឿង​សាមញ្ញ​ឡើយ ដើម្បី​ក្លាយជា​អត្ត​ព​លិ​ក​កំពូល​ក្នុង​វិស័យ​កីឡា​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក​។ មាន​កីឡាករ​ជាច្រើន​បាន​ប្រកប​អាជីព​ជា​លក្ខណៈ​ក្រុម និង​ឯកត្តជន​ទៅតាម​ប្រភេទ​កីឡា​ដែល​ពួកគេ​ស្រលាញ់ និង​ចូលចិត្ត ដែល​ក្នុងនោះ​មាន​កីឡាករ​ខ្លះ​បាន​វិវត្តន៍​ខ្លួនគេ​ផ្ទាល់​ឲ្យ​មានឈ្មោះ​ល្បី​រន្ទឺ​លើ​សកលលោក​បើ​ទោះ​ពួកគេ​បាន​ចូលនិវត្តន៍​ទោ​ហើយ​ក្តី​។



​ភាពល្បីល្បាញ​របស់​អត្ត​ព​លិ​ក​ទាំងនោះ បាន​នាំ​ឲ្យ​ពួកគេ​ក្លាយខ្លួនជា​សេដ្ឋី​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​តាមរយៈ​ការបង្ហាញ​ខ្លួន​ក្នុង​កីឡា ស្របពេល​មាន​អ្នកតាមដាន និង​គាំទ្រ​ទស្សនា​រាប់លាន​អ្នក​នៅ​ជុំវិញ​ពិភពលោក​។​
 
​បើ​យោងតាម​តួរ​លេខ​ដែល​បាន​ចងក្រង​ដោយ​ទស្សនា​វ​ដ្តី Forbes និង​គេហទំព័រ Celebrity Net Worth បាន​សិក្សា​ស្រាវជ្រាវ​ចុងក្រោយ​បំផុត ដោយ​បង្ហាញ​ពី​អត្ត​ព​លិ​ក និង​អ្នកល្បីឈ្មោះ​ក្នុង​វិស័យ​កីឡា​ចំនួន​២០​រូប ដែលមាន​ទ្រព្យ​ច្រើនជាងគេ​បំផុត​លើ​លោក​ប្រចាំឆ្នាំ​២០១៨​។​
 
​ខាងក្រោម​នេះ​ជា​បុគ្គល​កំពូលៗ​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​ទាំង​២០​រូប​៖
 
១- Michael Jordan មានទ្រព្យ​សម្បត្តិ ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ អតីត​កីឡាករ​បាល់បោះ​ដ៏​មាន​ប្រជាប្រិយភាព​របស់​អាមេរិក​រូបនេះ ធ្លាប់​បង្ហាញខ្លួន​ក្នុង​ក្របខណ្ឌ NBA រហូត​១៥​រដូវ​កាល​ជាមួយ​ក្លិប Chicago Bulls និង Washington Wizards​។​


 
២- Ion Tiriac មានទ្រព្យ​សម្បត្តិ ១,២៨ ពាន់​លាន​ដុល្លារ​អាមេរិក​។ បុរស​សញ្ជាតិ​រូ​ម៉ា​នី វ័យ​៧៩​ឆ្នាំ ដែលជា​អតីត​កីឡាករ​វាយ​កូន​បាល់ និង hockey រូបនេះ​បច្ចុប្បន្ន​ជា​ម្ចាស់​កម្មវិធី​វាយ​កូន​បាល់ Mutua Madrid Open Tennis Tournament​។​


 
៣- Vince McMahon មានទ្រព្យ​សម្បត្តិ ១,២២ ពាន់​លាន​ដុល្លារ​អាមេរិក​។ ជា​អតីត​កីឡាករ​ចំបាប់​របស់​អាមេរិក បច្ចុប្បន្ន​លោក​ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ស្ថាប័ន​កីឡាកាស WWE ដ៏​ល្បីល្បាញ​។​


 
៤- Michael Schumacher មានទ្រព្យ​សម្បត្តិ ៧៨០ លាន​ដុល្លារ​អាមេរិក​។ Schumacher សញ្ចា​តិ​អាល្លឺម៉ង់ ជា​អតីត​ម្ចាស់​ជើងឯក​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Formaula One ៧​សម័យកាល​។​


 
៥- Tiger Woods បច្ចុប្បន្ន​មានទ្រព្យ ៧៤០​លាន​ដុល្លារ​អាមេរិក​។ អ្នក​វាយ​កូន​ហ្គោល​ស​ញ្ជា​ត្តិ​អាមេរិក វ័យ ៤២​ឆ្នាំ​រូបនេះ ជា​មហាសេដ្ឋី​កីឡា ដែល​ឈ្នះ​ពានរង្វាន់​ច្រើន​បំផុត ដែល​រួមមាន US Open Championship ១៥​ដង British Open ១១​លើក និង Masters ១២​លើក ចាប់តាំងពី​រូបគេ​ផ្តើម​អាជីព​នេះ​ក្នុង​ឆ្នាំ​១៩៩៦​មក​។​


 
៦- Magic Johnson មានទ្រព្យ​សម្បត្តិ ៦០០ លាន​ដុល្លារ​អាមេរិក​។ Johnson ជា​អតីត​កីឡាករ​បាល់បោះ​សញ្ជាតិ​អាមេរិក ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប Los Angeles Lakers នៃ​លី​គ NBA ១៣​សម័យកាល​។ បច្ចុប្បន្ន​លោក​ជា​នាយក​ក្លិប LA Lakers នេះ​តែម្តង​។​


 
៧- Roger Staubach មានទ្រព្យ​សម្បត្តិ ៦០០ លាន​ដុល្លារ​អាមេរិក​។ Staubach ជា​អតីត​កីឡាករ​បាល់ទាត់​បែប​អាមេរិក​របស់​ក្រុម Dallas Cowboys រយៈពេល​១១​រដូវ​កាល​។ បុរស​ញ្ចា​តិ​អាមេរិក​រូបនេះ បច្ចុប្បន្ន​មាន​វ័យ​៧៦​ឆ្នាំ​។​


 
៨- Floyd Mayweather មាន​ប្រាក់​សរុប ៥៦០ លាន​ដុល្លារ​អាមេរិក​។ កំពូល​អ្នក​ប្រដាល់​មិនដែល​ចាញ់​របស់​អាមេរិក វ័យ​៤១​ឆ្នាំ រូបនេះ រកប្រាក់​បាន​ច្រើនសន្ធឹក​ក្នុងការ​បង្ហាញខ្លួន​លើស​ង្វៀង​២​ប្រកួត​ចុងក្រោយ​ជាមួយ​អ្នក​ប្រដាល់​ហ្វីលីពីន Manny Paquiao និង​អ្នក​វាយ​ក្រុង​ទ្រុង UFC កីឡាករ Conor McGregor​។​


 
៩- Kobe Bryant មានទ្រព្យ​សម្បត្តិ ៥០០ លាន​ដុល្លារ​អាមេរិក​។ Bryant ជា​អតីត​កីឡាករ​បាល់បោះ​របស់​ក្លិប LA Lakers នៃ​ក្របខណ្ឌ NBA រហូតដល់​២០​រដូវ​កាល​។ បុរស​សញ្ញជាតិ​អាមេរិក​វ័យ​៤០​ឆ្នាំ​រូបនេះ កំពុងកាន់​កំណត់ត្រា​កីឡាករ​ដែល​ប្រកប​អាជីព​ក្នុង​ក្លិប​តែមួយ​យូរ​បំផុត​ផងដែរ​។​


 
១០- Eddie Jordan មានទ្រព្យ​សម្បត្តិ ៤៧៥ លាន​ដុល្លារ​អាមេរិក​។ Jordan ជា​អតីត​កីឡាករ​ប្រណាំង​រថយន្ត និង​ជា​អតីត​ម្ចាស់​ក្រុម Motorsport ផងដែរ​។ បុរស​សញ្ជាតិ​សាធារណរដ្ឋ​អៀរ​ឡង់ វ័យ​៧០​ឆ្នាំ​រូបនេះ​ជា​ស្ថាបនិក​នៃ​ទីលានប្រណាំង​រថយន្ត Formula One ក្នុងប្រទេស​ហ្សកដានី Jordan Grand Prix​។​


 
១១- David Beckham មាន​ប្រាក់ ៤៥០​លាន​ដុល្លារ​អាមេរិក​។ អតីត​កីឡាករ​បាល់ទាត់​របស់ Manchester United និង​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ភាគច្រើន​រកចំណូលបាន​សន្ធឹក​ពី​វិស័យ​ជំនួញ​ផ្ទាល់ខ្លួន​របស់គេ​។​


 
១២- Roger Federer មានទ្រព្យ ៤៥០​លាន​ដុល្លារ​អាមេរិក​។ កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស្វី​ស វ័យ​៣៦​ឆ្នាំ​រូបនេះ ទើបតែ​ឈ្នះ​ពាន Australian Open ជា​លើក​ទី ៦ និង​ជា​ពាន Grand Slam លើក​ទី ២០ របស់គេ​ដែរ​។ Federe ក៏​ទើប​ទទួលបាន​ពានរង្វាន់​អត្ត​ព​លិ​ក​ឆ្នើម​ប្រចាំឆ្នាំ​២០១៧ Laureus World Sportsman of the Year ផងដែរ​។​


 
១៣- Cristiano Ronaldo មានទ្រព្យ​សម្បត្តិ ៤៥០​លាន​ដុល្លារ​អាមេរិក​។ ខ្សែប្រយុទ្ធ​របស់ Juventus និង​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ជា​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយភាព​បំផុត​លើ​លោក ដោយមាន​អ្នកគាំទ្រ​តាម​បណ្តាញ​សង្គម​ជាង ២០០​លាន​នាក់​។ អតីត​សមាជិក​ក្រុម Manchester United វ័យ ៣៣​ឆ្នាំ​រូបនេះ រកចំណូលបាន​ពី​វិស័យ​កីឡាបាល់ទាត់ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ជំនួញ​របស់គេ​។​


 
១៤- LeBron James មាន​ប្រាក់ ៤០០ លាន​ដុល្លារ​អាមេរិក​។ កីឡាករ​បាល់បោះ​របស់​ក្រុម Cleveland Cavaliers នៃ​ក្របខណ្ឌ​កំពូល NBA សញ្ជាតិ​អាមេរិក វ័យ​៣៣​ឆ្នាំ​រូបនេះ​មានឈ្មោះ​ល្បីល្បាញ​នៅ​អាមេរិក ហើយ​រូបគេ​រកប្រាក់​ចំណូល​បាន​ពី​ស័​យ​នេះ និង​ការផ្សាយ​ពាណិជ្ជ​ឲ្យ​ក្រុមហ៊ុន​សម្ភារ​កីឡា​មួយចំនួន​ដែលមាន​ម៉ាក​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​។​


 
១៥- Michael Buffer មានទ្រព្យ​សម្បត្តិ ៤០០​លាន​ដុល្លារ​អាមេរិក​។ Buffer ជា​ពិធីករ​ការប្រកួត​ប្រដាល់ និង​ចំបាប់​អាជីព​ដ៏​ល្បាញ​ល្បី​នៅលើ​សង្វៀន​។ បុរស​ញ្ជា​តិ​អាមេរិក វ័យ​៧៤​ឆ្នាំនេះ មាន​ស្ទា​យ​និយាយ​ប្រចាំ​ត្រ​កូត​ផ្ទាល់​របស់លោក​តែម្តង​គឺ « Let’s get ready to rumble!»​។​


 
១៦- Shaquille O’Neal មានទ្រព្យ​សម្បត្តិ ៤០០​លាន​ដុល្លារ​អាមេរិក​។ O’Neal ជា​អតីត​កីឡាករ​បាល់បោះ ដែល​លេង​ក្នុង​ក្របខណ្ឌ NBA ១៩ រដូវ​កាល​។​


 
១៧- Lionel Messi មាន​ប្រាក់ ៤០០​លាន​ដុល្លារ​អាមេរិក​។ ខ្សែប្រយុទ្ធ​ក្រុម Barcelona និង​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣១​ឆ្នាំ​រូបនេះ រកប្រាក់​បាន​ច្រើន​ពី​កីឡាបាល់ទាត់​ដោយ​ទទួលបាន​ប្រាក់បៀវត្ស​ខ្ពស់​ជាងគេ​ក្នុង​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ​។​


 
១៨- Bud Selig មានទ្រព្យ​សម្បត្តិ ៣៧៥ លាន​ដុល្លារ​អាមេរិក​។ Selig ជា​នាយក​ប្រតិបត្តិ​នៃ​លី​គ​កីឡា​បេ​ស្ប​ល​កំពូល​អាមេរិក Major League Baseball​។ បុរស​ញ្ជា​តិ​អាមេរិក វ័យ​៨៤​ឆ្នាំ ក៏​ជា​ស្ថាបនិក​ក្លិប​កីឡា​បេ​ស្ប​ល Milwaukee Brewers ផងដែរ​។​


 
១៩- Phil Mickelson មាន​ប្រាក់​សរុប ៣៧៥​លាន​ដុល្លារ​អាមេរិក​។ កីឡាករ​វាយ​កូន​ហ្គោល​លំដាប់​ពិភពលោក​សញ្ជាតិ​អាមេរិក​វ័យ ៤៧​ឆ្នាំ​រូបនេះ ធ្លាប់​ឈ្នះ​ពាន​ក្នុង​ក្របខណ្ឌ PGA Tour រហូតដល់​ទៅ ៤៣​លើក ព្រមទាំង​ពាន Major Championships ៥​ផងដែរ​។​


 
២០- Jack Nicklaus មាន​ប្រាក់​សរុប ៣២០​លាន​ដុល្លារ​អាមេរិក​។ ជា​អតីត​កីឡាករ​វាយ​កូន​ហ្គោល​អាជីព​របស់​អាមេរិក ដែល​ធ្លាប់​ឈ្នះ​ពាន​លំដាប់​ពិភពលោក world championships រហូតដល់​១៨​សម័យ​៕


 

Tag:
 The Top 20 Richest Athletes in the World 2018
© រក្សាសិទ្ធិដោយ thmeythmey.com